samsung-banner
adverise with khmeread

Dybala អះអាងថា Paul Pogba នឹក Juventus ខ្លាំង!

1

    ​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Paul Pogba កំពុងមាន​អារម្មណ៍​នឹកនា​ទៅនឹង​ជីវិត​នៅឯ​ទឹកដី​របស់​ក្លឹប​សេះបង្កង់ Juventus​។ នេះ​បើ​យោងតាម​ពាក្យសម្តី​បញ្ជាក់​ដោយ​អតីត​មិត្ត​រួម​ក្រុម​របស់គាត់ Paulo Dybala​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង Pogba បាន​ចាក​ចេញពី​ទឹកដី​របស់​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Serie A នៅក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅ ដើម្បី​ចូលរួម​ជាថ្មី​ម្តងទៀត​ជាមួយនឹង​បិសាច​ក្រហម​នៅក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក ៩៣,២៥​លាន​អឺរ៉ូ បន្ទាប់ពី​រយៈពេល​បួន​ឆ្នាំ​ចាក​ចេញពី​ទឹកដី Old Trafford ។​

​    ​ចាប់តាំងពី​ការវិលត្រឡប់​របស់គាត់ Pogba អាច​ស្វែងរក​គ្រាប់​បាល់​ចំនួន​ប្រាំ​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ២២​លើក​សម្រាប់​ក្លឹប​ថ្មី​របស់ខ្លួន រួមបញ្ចូល​ទាំង​គ្រាប់​បើកឆាក​ក្នុងការ​ប្រកួត​ដ៏​មាន​សារៈសំខាន់​របស់​ពួកគេ​ក្នុង​លទ្ធផល ២-១ ទៅលើ​ម្ចាស់ផ្ទះ Crystal Palace កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​ផងដែរ​។​

​    ​ប៉ុន្តែ Dybala ដែល​ធ្លាប់​បានរួម​អាជីព​ជាមួយនឹង Pogba នៅឯ​ក្រុម Juventus អំឡុង​រដូវ​កាល ២០១៥/១៦ និយាយថា គាត់​បាន​រក្សា​ទំនាក់​ទំនងជា​ញឹកញាប់​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​វ័យ ២៣​ឆ្នាំ​របស់ខ្លួន ហើយ​បាន​បង្ហើប​ឱ្យដឹងថា អតីត​មិត្ត​រួម​ក្រុម​របស់គាត់​រូបនេះ នៅតែមាន​ក្តី​នឹកនា​ខ្លាំង​ដល់​ក្លឹប​សេះបង្កង់​។​

​    ​Dybala បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Corriere dello Sport ថា "​ខ្ញុំ​នៅតែ​និយាយ​ឆ្លើយឆ្លង​ជាមួយនឹង Pogba ។ ពួកយើង​នឹក​គាត់​សម្រាប់​គុណភាព​របស់គាត់​នៅលើ​ទីលាន និង​ការ​លេងសើច​របស់គាត់​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​។ ទោះជា​យ៉ាងណាក្តី គាត់​ក៏​នឹក​យើង​ខ្លាំង​ដូចគ្នា​ដែរ​។ គ្រាន់តែ​សម្លឹង​មើលទៅ​ទីតាំងនៅ​ក្នុង​តារា​ពិន្ទុ​របស់​យើង និង​ទីតាំង​មួយ​ដែល Manchester United ឈរ​ទៅ​គឺ​ដឹង​ហើយ​"​។​

​    ​បិសាច​ក្រហម​បច្ចុប្បន្ន​បាន​ឈរ​នៅលើ​ចំណាត់ថ្នាក់​ទី​ប្រាំមួយ​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ដែលមាន​ចំនួន ១៣​ពិន្ទុ​ប្រដេញ​ពីក្រោយ​កំពូល​តារាង​តោ​ខៀវ Chelsea ខណៈដែល Juventus មាន​បួន​ពិន្ទុ​ដាច់​លើ​តារាង​ពិន្ទុ Serie A៕

adverise with khmeread
ប្រភព៖ SkySport

មតិយោបល់