មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​និយាយថា នាវាចម្បាំង​ចិន​លួច Drone មុជទឹក​អាមេរិក​ស្រស់ៗ​នឹង​ភ្នែក​

    ​ក្រុម​នាវិក​លើ​នាវា​សិក្សា​មហាសមុទ្រ​របស់​អាមេរិក​មួយគ្រឿង​បានឃើញ​នាវាចម្បាំង​ចិន​លួច Drone មុជទឹក​របស់ខ្លួន​ស្រស់ៗ​នឹង​ភ្នែក​។ នេះ​បើតាម​សម្តី​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ម្នាក់​និយាយប្រាប់ CNN កាលពី​ថ្ងៃ​សុក្រ​។​

​    ​ក្នុង​ហេតុការណ៍​ពើបប្រទះ​គ្នា​នៅក្នុង​ដែនទឹក​អន្តរជាតិ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នេះ នាវា USNS Bowditch បាន​កំពុងបើក​ឆ្ងាយ​ពី​កំពង់ផែ​នៅ​ឆកសមុទ្រ​ស៊ូ​ប៊ិក (Subic Bay) ១៦០ គីឡូម៉ែត្រ នៅពេល​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​។ 

​    ​នាវា USNS Bowditch បាន​ឈប់​លើ​សមុទ្រ​ដើម្បី​ស្រង់​យក Drone មុជទឹក​ចំនួន ២ គ្រឿង​របស់ខ្លួន​។ ត្រង់ចំណុច​នេះ ស្រាប់តែ​នាវា​កងទ័ពជើងទឹក​ចិន​មួយគ្រឿង ដែល​បាន​តាមដាន​នាវា USNS Bowditch បាន​ទម្លាក់​ទូក​មួយ​ចូលទៅ​សមុទ្រ​។ ហើយ​សមាជិក​នាវិក​ចិន​មួយចំនួន​បាន​ជិះទូក​នោះមក​លើកយក Drone មុជទឹក​មួយ​ទៅ​បាត់​តែម្តង​។ 

​    ​មន្ត្រី​អាមេរិក​និយាយថា អាមេរិក​មិន​ទទួលបាន​ចម្លើយ​ពី​ចិន​តាម​វិទ្យុទាក់ទង​ទេ នៅពេល​ខ្លួន​និយាយថា Drone នោះ​ជា​ទ្រព្យសម្បត្តិ​របស់​អាមេរិក​។ 

​    ​នាវា​ស្រាវជ្រាវ​មហាសមុទ្រ​របស់​អាមេរិក​ត្រូវបាន​នាវា​ចិន​តាមដាន​ជាប្រចាំ ដោយ​សង្ស័យថា នាវា​ទាំង​នោះមក​យកការណ៍​សម្ងាត់​។ មន្ត្រី​អាមេរិក​និយាយថា ក្នុងករណីនេះ Drone នោះ​គ្រាន់តែ​វាស់​ស្ទង់​ស្ថានភាព​មហាសមុទ្រ​តែប៉ុណ្ណោះ​។​

​    ​មន្ទីរ​បញ្ច​កោណ​អាមេរិក​មិនបាន​និយាយ​អ្វី​នៅឡើយ​ទេ​ទាក់ទិន​នឹង​ឧបទ្ទវ​ហេតុនេះ​។ 

​    ​ការ​លួច Drone ស្រស់ៗ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​កើន​កម្តៅ​រវាង​ចិន​និង​អាមេរិក​ជុំវិញ​ការ​តេ​ទូរស័ព្ទ​រវាង​លោក​ត្រាំ និង ប្រធានាធិបតី​តៃវ៉ាន់ ដែល​ចិន​និយាយថា រំលោភ​គោលនយោបាយ​ចិន​តែមួយ​៕

ប្រភព៖CNN

adverise with khmeread

អ្នកនឹងចូលចិត្ត