កុំ​ភ្លេច​សុំ​ក្តី​សុខ រកស៊ី​មានបាន​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ជាមួយ​ជំនឿ​ខ្មែរ​រាប់រយឆ្នាំ​មួយ​នេះ​!

    ​ខ្មែរ​យើង​តាំងពី​ជំនាន់​បុរាណ​មក​តែងមាន​ជំនឿ​សែន​ដល់​មេមត់ អារក្ស អ្នកតា ព្រះ​ភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម​ដើម្បី​សុំ​សេចក្តីសុខ ចាក​ផុតពី​ជំងឺ​ទាំងពួង និង​សុំ​លាភ​សំណាង​នៅ​គ្រា​ពិសេសៗ​ជាច្រើន ដូចជា ឱកាស​ឆ្លង​ឆ្នាំ​ជាដើម​។ 

​    ​តាម​ជំនឿ គេ​ឧបកិច្ច​សែន​មាន់ ជ្រូក ស្ករ​គ្រាប់ បារី ស្រា ផ្លែឈើ និង​ផ្កា​ជាដើម នៅមុខ​ផ្ទះ​នៅ​ឱកាស​ឆ្លង​ឆ្នាំ ដើម្បី​បន់ស្រន់​ឱ្យ​ព្រលឹង​ទាំងអស់​ដែល​ថែរក្សា​ផ្ទះ​ជួយ​ដល់​អ្នករស់នៅ​ក្នុងផ្ទះ​ទាំងអស់គ្នា​មាន​សុខភាព​ល្អ រកស៊ី​មានបាន ឈ្នះ​អស់​មាស​ត្រូវ​ទាំងពួង​សម្រាប់​ឆ្នាំ​ថ្មី​។ ហើយ​បើ​ខ្សត់​ខ្លាំងណាស់ ត្រឹម​ផ្លែឈើ​បន្តិចបន្តួច (​ក្រូច​) ផ្កាម្លិះ និង​ធូប​សម្រាប់​អុជ​ជាការ​ស្រេច​។ 

​    ​*** ប្រវត្តិ​ត្រួសៗ​អំពី​ជំនឿ​តាមបែប​វិញ្ញាណ​និយម​

​    ​មេមត់ អារក្ស អ្នកតា ព្រះ​ភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម​ជា​វិញ្ញាណ​ស័ក្តិសិទ្ធិ​ទាំងឡាយ នៅក្នុង​ជំនឿ​អ្នកតា ឬ​ជំនឿ​វិញ្ញាណ​និយម (Animism) ដែលមាន​អាយុ​យូរអង្វែង​នៅក្នុង​ទឹកដី​ខ្មែរ មុន​សម័យ​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា ហើយក៏​នៅមាន​ឥទ្ធិពល​បន្ត​រហូតមក​ដល់​សព្វថ្ងៃនេះ​នៅក្នុង​ទឹកដី​អាស៊ីអាគ្នេយ៍ ដូចជា នៅ​ឡាវ ថៃ និង​ប្រទេស​ខ្មែរ​ជាដើម​។ 

​    ​នៅក្នុង​ជំនឿ​វិញ្ញាណ​និយម គេ​គោរព​អ្នកតា (​អ្នករក្សា​ព្រៃភ្នំ​និង​សត្វ ដែល​រស់នៅ​អាស្រ័យ​ព្រៃភ្នំ​ជា ជម្រក​) អារក្ស (​អ្នករក្សា​ទឹក​និង​សត្វ​ដែល​រស់នៅ​អាស្រ័យ​ទឹកជា​ជម្រក​) មេមត់ (​អ្នករក្សា​វិន័យ និង​របៀបរៀបរយ​ប្រចាំ​មណ្ឌល​រស់នៅ​) ព្រះ​ភូមិ (​អ្នករក្សា ដី​ភូមិ​ចំការ​ដំណាំ​) ជំនាងផ្ទះ (​អ្នករក្សា​ការពារ​លំនៅស្ថាន​) ម្រេញគង្វាល (​អ្នករក្សា​កុមារ​និង​ជន​ដែល​មិន​អាចជួយ​ខ្លួនឯងបាន ដូចជា​អ្នក​ពិការ និង​ចាស់ជរា​)​។ នៅ​ជំនាន់​ដើម ពេល​មាន​អ្នកភូមិ​ណាមួយ ធ្វើ​អ្វី​ខុសឆ្គង ខុស​ទម្លាប់​របស់​អ្នកភូមិ ដែល​គេ​គិតថា ជា​ទង្វើ​អវិជ្ជមាន​នាំ​សៅហ្មង​ដល់​ការរស់នៅ​ក្នុងភូមិ គេ​ធ្វើ​ពិធី​ហៅ ព្រលឹង​មេមត់ មក​ប្រដៅ​មនុស្ស ដែលមាន​កំហុស​នោះ ដោយ​ពន្យល់​ប្រាប់ នូវ​វិធី​ប្រដៅ​កែកុន ដាក់ទណ្ឌកម្ម ឬ​ហាមប្រាម កុំអោយ​ធ្វើ​ខុស​ទៀត ឬ​ដើម្បី​បណ្តេញ​ជាតិ​ខ្មោច​ព្រាយ​បិសាច ដែល​កាន់កាប់​ខ្លួន​អ្នកទោស​នេះ​ឱ្យ​ចេញពី​ខ្លួន​ទៅវិញ រួចហើយ គេ​ចង​អំបោះឆៅ​ពណ៌​ក្រហម​ឱ្យ​ជន​នោះ​ជា​តំណាង​ការទទួល​ពរជ័យ​ថ្មី ថា​ខ្លួន​បាន​ចាក​ផុតពី​ឥទ្ធិពល​បិសាច​សន្ធប់​ព្រលឹង​ហើយ​។ 

​    ​នៅពេល​មាន​ចម្បាំង​តទល់​នឹង​ប​ច្ចា​មិត្រ គេ​ធ្វើ​ពិធី ចូល​ព្រលឹង​អ្នកតា ឬ​ចូល​អារក្ស ដើម្បី​តម្លើង​ឬ​ទ្ធិ​អំណាច ពង្រឹងស្មារតី និង​ភាពក្លាហាន​របស់ មេកន្ទ្រាញ និង​កងទ័ព ដែល​ត្រូវ​ចេញ​ច្បាំង ដោយមាន​បំពាក់​កន្សែង​យ​ន្ត័​ពណ៌​ក្រហម​នៅ​ក ឬ​ពាក់​ខ្សែក ខ្សែដៃ ខ្សែ​ចង្កេះ មាន​បន្តោង ឬ​អង្កាំ ធ្វើ​ពី​ភ្លុក​ដំរី ចែ​ជ្រូកព្រៃ ខ្នាយ​រមាស ត្រឡោក​ដូង ខ្លឹម​ច​ន្ទ័ ខ្លឹម​ក្រញូង ខ្លឹម​ម្រះព្រៅ ជាដើម​។ 

​    ​នៅតាម​ទន្លេ ស្ទឹង បឹង​ធំៗ គេ​តែង​សង់រោង​អារក្ស ដើម្បី​គោរព​វិញ្ញាណ​ដែល​រក្សា​ទឹក​។ តាម​ព្រៃភ្នំ គេ​សង់​ខ្ទម​អ្នកតា​។ នៅតាម​ដីចំការ​និង​ដី​ភូមិ គេ​សង់​ខ្ទម ព្រះ​ភូមិ​។ នៅក្នុង​ផ្ទះ​គេ​មាន​ហឹ​ង​មាន ថូ​ដាក់​ជើងធូប សម្រាប់​គោរព​ជំនាងផ្ទះ និង​ថាស​ដាក់​នំ​ដាក់​ស្ករ​គ្រាប់​សម្រាប់​សែន​ម្រេញគង្វាល​។ ចំណែក​ខ្ទម​មេមត់ គេ​តែង​សង់​នៅ​កណ្តាល​ភូមិ មាន​ទីធ្លា​ធំ​សម្រាប់​ប្រជុំ​ញាតិ ព្រោះ​ជា​កន្លែង​សម្រាប់​អារកាត់​ទោស និង​ការ​ផ្តល់នូវ​ការអប់រំ​នានា ទាក់ទង​ទៅនឹង​វិន័យ និង​ការរក្សា​សណ្តាប់ធ្នាប់​ប្រចាំ​ភូមិ​។  

​    ​នៅក្នុង​ជំនឿ​វិញ្ញាណ​និយម​នេះ គ្មាន​ស្ថានសួគ៌​ទេ មានតែ​ស្ថាន​មនុស្ស និង​ស្ថាន​នរក (​ទី​ដាក់ទោស​ព្រលឹង​មនុស្ស​ស្លាប់​ឱ្យទទួល​ទោសកំហុស ដែល​ខ្លួន​ធ្លាប់ធ្វើ​ខុស​កាល​នៅរស់ គ្រប់​ទោស​រួចហើយ​ទើប​អាច វិល​មក​ចាប់កំណើត ជា​មនុស្ស​ម្តងទៀត​បាន​)​។ នៅពេល​មាន​មនុស្ស​ស្លាប់ គេ​តែង​កាប់​សត្វ​ដើម្បីឱ្យ​វិញ្ញាណ​សត្វ​ទាំងនោះ ជួយ​ហែហម ព្រលឹង​មនុស្ស​ស្លាប់ ឱ្យទៅដល់​ស្ថាន​នរក​មិនឱ្យ​វង្វេង​បាត់​តាមផ្លូវ ឬក៏​មានការ​កាប់​សត្វ ការ​ព្រលែង សត្វ​ពី​ទ្រុង ឬ​ការ​សូន្យ​រូប​ដើម្បី​ឧបកិច្ច រំដោះ​ព្រលឹង​បិសាច​ចេញពី​មនុស្ស​ឈឺ ជាដើម​។​ល​។ អ្នកស្រុក​ដែលមាន​ជំនឿ​លើ វិញ្ញាណ​និយម តែង​ចាត់ទុក មេ​ធ្មប់ ជា​មេកន្ទ្រាញ​នៃ​វិញ្ញាណ​អាក្រក់​មួយ (​ដូចជា​យមរាជ​ដែរ​) ដែល​តាម​យាយី​ជីវិត​មនុស្ស ឱ្យ​សៅហ្មង​រលំរលាយ​។ ចំណែក ពពួក​ព្រាយ ពពួក​អាប គ្រាន់តែ​ជា​វិញ្ញាណ​តូចតាច (​ប្រៀបដូចជា​សេនា​) ដែលមាន​បាប​ច្រើន មិនទាន់​អាច​ទៅ​ចាប់កំណើត​ឯណា​បាន​។ ម្យ៉ាងទៀត នៅក្នុង ជំនឿ​អារក្សអ្នកតា គ្មាន​បិសាច​និង​យក្ស​ទេ ព្រោះ​ជំនឿ​បិសាច​និង​យក្ស​នេះ បាន​ឆ្លង​មក​ឥណ្ឌូចិន​ពី​ប្រទេស​ឥណ្ឌា តាមរយៈ​ជំនឿ​ផ្សេងៗ​ទៀត​។ 

​    ​ចំណែក​ការលេង​ភ្លេង​មេមត់​អារក្ស ក៏មាន​លំដាប់លំដោយ ទៅតាម​ពិធី ដែល​មេកន្ទ្រាញ និង​អ្នកភូមិ​ត្រូវការ​។ នៅក្នុង​វង់ភ្លេង​អារក្ស យើង​សង្កេតឃើញ មាន​គេ​ប្រើ​ទ្រខ្មែរ (​ទ្រ​ឆែ​) កេ​ន ចាប៉ីដងវែង ចាប៉ី​ខ្សែ​ដៀវ ស្នែង ព្លយ ខ្យងស័ង្ខ គង​មង (​គង​ឈ្មោល​) គង​ញី ត្រដោក ក្រាប់​ញី ក្រពះ​(​ឬ​ក្រាប់​ឈ្មោល​) សំភោរ ស្គរ​ភេរី ស្គរ​ដៃ ស្គរ​ណាំង​សា និង​គ្រឿង​ភ្លេង មួយចំនួនទៀត (​ដែល​ខ្ញុំ​ភ្លេចឈ្មោះ​)​។ គ្រឿង​ភ្លេង​នោះ​ទៀត ក៏មាន​ចំនួន តិច​ឬ​ច្រើន ទៅតាម​តម្រូវការ របស់​អ្នកភូមិ និង​ទៅតាម​ទី​តំបន់​ដែល​គេ​រស់នៅ ឧទាហរណ៍ ពិធី​រំដោះគ្រោះ ពិធី​តម្លើង​រាសី ពិធី​ដាក់ទណ្ឌកម្ម ពិធី​រំលឹក​គុណ​ដូនតា ពិធី​គោរព​វិញ្ញាណ ក្ខ​ន្ធ័​សក្តិ​សិទ្ធិ នៅ​រតនគីរី ខុសពី​នៅ​ឧ​ត្ត​រ​មានជ័យ ខុសពី​នៅ កោះកុង​។​ល​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...