បិសាចក្រហម Manchester United បានសរសេរលិខិតមួយទៅលើដល់ក្លឹប Chapecoense ជាក្លឹបប្រេស៊ីលដែលត្រូវបានបំផ្លេចបំផ្លាញស្ទើរទាំងស្រុង ដោយឧបទ្ទវហេតុធ្លាក់យន្តហោះ ដើម្បីផ្តល់ជូននូវការគាំទ្រ និងក្តីអាណិតអាសូរ។
យោងតាមវេបសាយ DailyMail បានឱ្យដឹងថា លោក Ed Woodward អនុប្រធានប្រតិបត្តិក្លឹបបិសាចក្រហមលោក Chapecoense បានសរសេរលិខិតមួយនៅថ្ងៃមួយ បន្ទាប់ពីក្លឹបអាមេរិកខាងត្បូងមួយនេះបានធ្វើការហោះហើរទៅកាន់ប្រទេសកូឡុំប៊ីដោយបានជួបបញ្ហាអស់ប្រេងឥន្ធនៈ និងធ្លាក់ទៅលើចង្កេះភ្នំមួយកាលពីខែមុន។
ឧបទ្ទវហេតុមួយនេះបានសម្លាប់ជីវិតមនុស្សចំនួន ៧១នាក់ រួមជាមួយនឹងកីឡាករ និងបុគ្គលិករបស់ក្រុម Chapecoense ជាច្រើនរូប។
បិសាចក្រហមក៏ធ្លាប់ជួបគ្រោះអកុសលដ៏អាក្រក់មួយនេះផងដែរ កាលពីខែកុម្ភៈឆ្នាំ១៩៥៨ ដែលយន្តហោះមួយគ្រឿងបានជូនដំណើរសមាជិកក្លឹបរបស់បិសាចក្រហមត្រឡប់ពីកាតព្វកិច្ចប្រជែងពានកំពូលក្លឹបអឺរ៉ុបវិញពីទីក្រុង Belgrade ដោយសំចតចុះចាក់សាំងនៅក្រុង Munich ហើយក៏ធ្លាក់ស្លាប់មនុស្ស ២៣ នាក់។
បច្ចុប្បន្ន Chapecoense បានតែងតាំងលោក Vagner Mancini ដើម្បីកសាងក្លឹបឡើងវិញ ខណៈដែលក្លឹបប្រេស៊ីលជាច្រើនបានសន្យាផ្តល់កីឡាករខ្ចីជើង និងបានស្នើទៅកាន់សហព័ន្ធបាល់ទាត់ប្រេស៊ីលដើម្បីការពារពួកគេពីការកាត់ចេញពីលីកកំពូលរបស់ប្រទេសប្រេស៊ីលសម្រាប់រយៈពេលបីរដូវកាលបន្ទាប់ខាងមុខផងដែរ៕
ប្រភព៖បរទេស
