អាវុធហត្ថ​ឃាត់ខ្លួន​សិស្សសាលា ៣ ​នាក់​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​

    ភ្នំពេញ​ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​ស្តុ​ប​៣១០ ផ្លូវ​មុនី​វង្ស សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំកា​មន បន្ទាប់ពី​ឆក់យក​ទូរស័ព្ទ​ពី​នារី​ម្នាក់​តែ​មិនបាន​សម្រេច។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ​ថៃ គឹម​ហ័​រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៧៤ ផ្លូវ​១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ជា​អ្នក​ឆក់, ទី​២-​ឈ្មោះ ហេង ឡាយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ សិស្ស ស្នាក់​នៅផ្ទះ​លេខ​ង​៥១ ផ្លូវ​៣៧១ សង្កាត់ ច្បារអំពៅ ខណ្ឌ​ច្បា​អំពៅ (​ជា​អ្នកបើក​ម៉ូតូ​) និង​ទី​៣-​ឈ្មោះ ហុង សុខា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស ស្នាក់​នៅផ្ទះ​លេខ​១០៧ ផ្លូវ​៣៩០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការមន ជននេះ​មិនបាន​ចូលរួម​ឆក់​លើក​នេះ​ទេ តែ​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ថៃ​ គឹម​ហ័​រ​ និង​ឈ្មោះ​ ហេង ​ឡាយ ឈ្មោះ​នេះ​ធ្លាប់ធ្វើ​សកម្មភាព​ពីមុនមក។​

    ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ ​Honda ZoomerX ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ស៊េរី​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GC-1758 និង​ទូរ​ស័ព្ទ៦​គ្រឿង -​ទូរស័ព្ទ​IPhone ៤​គ្រឿង -LG ១​គ្រឿង និង ​Huawei ១​គ្រឿង។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ម្តុំ​ផ្សារ​សូរិយា​ក្នុង​គោ​លបំណង​ចេញ​ឆក់។ ពេលមកដល់​កន្លែងកើតហេតុ​ក៏​ឃើញ​ជនរងគ្រោះ​ម្នាក់​ភេទ​ស្រី កំពុង​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទ​ក៏​ធ្វើ​សកម្មភាព​តែម្តង​តែ​មិនបាន​សម្រេច ក៏​នាំគ្នា​មក​ផឹក​កាហ្វេ​នៅមុខ​សាលា​ជ័យជំនះ។​

    ក្រោយ​កើតហេតុ​ដោយ​មានការ​ផ្តល់ព័ត៌មាន​ពី​សាក្សី​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌចំការ​ម​ន បាន​ចុះទៅ​សាកសួរ​និង​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​ហាង​កាហ្វេ​តែម្តង៕

Unnamed
adverise with khmeread