ក្នុងប្រវត្តិសាស្ត្រ EPL មានតែ Petr Cech និង Van der Sar ទេដែលរក្សា Clean Sheet ខ្ពស់ជាងគេ ប៉ុន្តែឥឡូវ Thibaut Courtois អាចនឹងបំបែកឯតទគ្គកម្មនេះបាននៅរដូវកាលនេះ

    ​ជ័យជម្នះ​ជា​បន្តបន្ទាប់​ដ៏​ត្រចះត្រចង់​របស់​តោ​ខៀវ Chelsea គឺ​បានមកពី​ការងារ​ដ៏​ល្អឥតខ្ចោះ​របស់លោក Antonio Conte សម្រាប់​ការផ្លាស់ប្តូរ​ទម្រង់​លេង​របស់​ពួកគេ ប៉ុន្តែ​អ្នកចាំទី Thibaut Courtois ប្រហែលជា​តួអង្គ​កំពូល​មួយរូប​ក្នុង​ដំណើរ​ដ៏​ជោគជ័យ​មួយ​នេះ​។​

​    ​តោ​ខៀវ​បាន​បន្តដំណើរ​ឈ្នះ​ជាប់ៗ​គ្នា​របស់ខ្លួន ជាមួយនឹង​ជ័យជម្នះ ១-០ នៅលើ​ទឹកដី​របស់ Crystal Palace កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដែលជា​ជ័យជម្នះ​ទី ១១​លើក​ជាប់ៗ​គ្នា​របស់​ពួកគេ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​និយាយ​ឱ្យ​ត្រឹមត្រូវ Chelsea អាច​ទទួលស្គាល់​បាន​ថា​ជា​ក្រុម​ដែលមាន​ភាគរយ​ទៅលើ​ការ​ឈ្នះ​ពាន​ខ្ពស់បំផុត បន្ទាប់ពី​ពួកគេ​អាច​វ៉ា​ដាច់​ចំនួន ៩ ពិន្ទុ​ឈរ​នៅលើ​កំពូល​តារាង ហើយ​ភាគច្រើន​នៃ​ភាពជោគជ័យ​របស់​ពួកគេ​ត្រូវបាន​គេ​កត់សម្គាល់​យ៉ាងច្បាស់​នៅឯ​តំបន់​ការពារ​ដ៏​រ៉ឹង​ម៉ាំ​របស់​ពួកគេ​។​

​    ​បន្ទាប់ពី​ទប់​មិន​ឱ្យគេ​ស៊ុត​ចូល (Clean Sheet) ចំនួន ៩ លើក ពី​ជ័យជម្នះ​ចំនួន​១១​ប្រកួត​ជាប់ៗ​គ្នា​របស់ខ្លួន បច្ចុប្បន្ន​ពួកគេ​អាច​ទប់​មិនឱ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​សរុប​ចំនួន​១០​លើក​ហើយ ក្នុងចំណោម​ការប្រកួត​ចំនួន ១៧​លើក​ដើមរដូវ​កាល​របស់​ពួកគេ ហើយ​លទ្ធផល​នេះ​គឺ​សម្រេចបាន​ដោយ​អ្នកចាំទី Courtois​។​

​    ​ដូច​ទៅនឹង​មិត្ត​រួម​ក្រុម​របស់គាត់​មួយចំនួន​ផងដែរ តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ​ពិតជា​មិនមាន​ទម្រង់​លេង​ល្អ​នោះឡើយ​នៅក្នុង​រដូវ​កាល ២០១៥/១៦​កន្លងទៅ ប៉ុន្តែ​គាត់​ហាក់​ត្រឡប់​មកកាន់​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់គាត់​វិញ​នៅក្នុង​ដំណើរ​ប្រកួតប្រជែង​ថ្មី​បច្ចុប្បន្ននេះ​។​

​    ​ហើយ​គាត់​កំពុង​នៅលើ​ផ្លូវ​ឆ្ពោះទៅ​កាន់ការ​បំបែក​កំណត់ត្រា​នៃ​អ្នកចាំទី​ទប់​មិនឱ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ដែល​ធ្លាប់​ធ្វើបាន​ដោយ​អតីត​វីរបុរស​របស់​តោ​ខៀវ​។​

​    ​Petr Cech និង Edwin van der Sar អាច​ទប់​ដៃគូ​ប្រកួត​របស់​ពួកគេ​មិនឱ្យ​ស៊ុត​ចូល​ទី​ខ្លួន​ចំនួន ២១​លើក​ក្នុង​រដូវ​កាល ២០០៤/០៥ និង ២០០៨/០៩ រៀងៗ​ខ្លួន ប៉ុន្តែ​ប្រសិនបើ Courtois អាច​រក្សា​ទម្រង់​លេង​បច្ចុប្បន្ន​របស់គាត់​បាន​រហូតដល់​ចប់​រដូវ​កាល នោះ​គឺ​ច្បាស់​ជា​អាច​បំបែក​កំណត់ត្រា​របស់ Petr Cech និង Edwin van der Sar បាន​ជាមិនខាន​។​

​    ​បន្ទាប់ពី​គាត់​អាចធ្វើ​បានសម្រេច​ចំនួន​១០ ក្នុងការ​ប្រកួត​ចំនួន​១៧​លើក តួរ​លេខ​ធៀប​គាត់​នឹង​អាចធ្វើ​វា​បាន​ចំនួន​២០​លើក ក្នុងការ​ប្រកួត​ចំនួន ៣៤​ប្រកួត ដែល​ធ្វើឱ្យ​គាត់​នៅសល់​ការប្រកួត​ចំនួន​បួន​លើកចុងក្រោយ​ដើម្បី​បំបែក​កំណត់ត្រា​ចាស់​មួយ​នេះ​៕

1 adverise with khmeread
ប្រភព៖ Mirror
Loading ad ...