adverise with khmeread Rebellious kids

ក្មេង​មិន​ស្ដាប់បង្គាប់​ធំ​ឡើង​មាន​ភាពជោគជ័យ​ជាង​ក្មេង​រម​ទ​ម្យ​?

    ​តើ​កូន​របស់​អ្នក​ធ្លាប់​ទទួលបាន​សំបុត្រ​ព្រមាន​ពី​គ្រូ​ដោយសារតែ​ការមិន​ចេះ​ស្តាប់បង្គាប់ រឹងទទឹង ឬ​តមាត់​ប៉ប៉ែះ​ជាមួយ​មនុស្ស​សឹង​គ្រប់គ្នា ដែរឬទេ​? ក្មេង​ច​រិ​ក​បែបនេះ​អាច​ធំ​ឡើង​មានជីវិត​ដ៏​ជោគជ័យ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រាវជ្រាវ​។

​    ​ការសិក្សា​ថ្មី​មួយ​ចេញផ្សាយ​ក្នុង​សៀវភៅ Development Psychology បាន​លើកឡើងថា ក្មេង​មិន​ស្ដាប់បង្គាប់​របស់​អ្នក​អាច​ធំ​ឡើង​មាន​ភាពជោគជ័យ​ខាង​ការងារ និង​អាច​រកលុយ​បាន​ច្រើនជាង​ក្មេង​ដែលមាន​ច​រិ​ករម​ទ​ម្យ​។

​    ​ខាងក្រោម​នេះ​គឺជា​ហេតុផល​ចំនួន ៥ ដែល​អ្នកស្រាវជ្រាវ​អះអាងថា ក្មេង​មិន​ស្ដាប់បង្គាប់​ភាគច្រើន​ធំ​ឡើង​មាន​ភាពជោគជ័យ​។

១- ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ទាមទារ​អ្វីមួយ​ឲ្យ​ទាល់តែ​បាន​
​    ​ពួក​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​បី គឺ University of Luxembourg, University of Illinois និង Free University of Berlin បាន​បកស្រាយ​ថា "​យើង​អាច​សន្ម​ត់​ថា សិស្ស​ដែលមាន​ពិន្ទុ​ខ្ពស់​អាច​នឹង​រកចំណូលបាន​ច្រើន ព្រោះ​ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការទាមទារ​អ្វីមួយ​ឲ្យ​ទាល់តែ​បាន​អំឡុងពេល​វេលា​ដ៏​សំខាន់ ដូចជា​ពេល​ចរចា​ប្រាក់ខែ ឬ​ការដំឡើង​ប្រាក់ខែ​ជាដើម​"​។ នេះ​ក៏មាន​ន័យ​ដែរ​ថា ពួកគេ​ចូលចិត្ត​ធ្វើ​អ្វីដែល​ចាំបាច់​ភ្លាមៗ និង​ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ​។

២- ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​តតាំង​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​
​    ​ហេតុផល​មួយទៀត​ដែលថា​ក្មេង​មិន​ស្ដាប់បង្គាប់​អាច​ជោគជ័យ​ពេល​ធំ​ឡើង​ប្រហែល​មកពី ច​រិ​ក​បង្កបញ្ហា​ពី​ក្មេង​របស់​ពួកគេ​អាចធ្វើ​ឲ្យ​ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​តតាំង​ការពារ​ផលប្រយោជន៍ និង​គោលបំណង​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​នេះ​ជា​ច​រិ​ក​លក្ខណៈ​មួយ​នាំទៅដល់​ការ​មានប្រៀប​លើសគេ ជាពិសេស​រឿង​លុយកាក់ នេះ​បើតាម​ការ​សំអាង​របស់​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ទាំងបី University of Luxembourg, University of Illinois និង Free University of Berlin ។ ការធ្វើ​ឲ្យ​ខ្លួនឯង​លេចធ្លោ​នៅ​កន្លែងធ្វើការ​អាច​នាំទៅដល់​ការទទួលបាន​ប្រាក់ខែ​ខ្ពស់​ផងដែរ​សម្រាប់​មនុស្ស​បែ​ប​នេះ​។  

៣- ពួកគេ​មាន​ទំនោរ​ទៅ​ហួស​ព្រំដែន និង​ទៅ​ឲ្យ​បាន​កាន់តែ​ឆ្ងាយ ឬ​ទៅមុខ​ឲ្យ​កាន់តែ​ប្រសើរ​
​    ​លោកស្រី Alison Roy អ្នក​ព្យាបាល​ចិត្តសាស្ត្រ​ក្មេង​នៅ​អង្គការ East Sussex Child and Adolescent Mental Health Services ក្នុង​ចក្រភព​អង់គ្លេស​បានលើកឡើង​ថា ក្មេង "​មិន​ស្ដាប់បង្គាប់​" ទាំងនេះ​មិន​ត្រឹមតែ​តតាំង​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ឈ្មុល​ទៅ​ហួស​ពី​ព្រំដែន​កំណត់ និង​ចូលចិត្ត​ចូលរួម​ក្នុង​សកម្មភាព "​ដ៏​ប្រថុយប្រថាន​" ទៀតផង​។ លោកស្រី​បាន​និយាយទៀតថា "​ក្មេង​ដែលមាន​ច​រិ​ក​ចូលចិត្ត​តមាត់​ប៉ប៉ោច​បានធ្វើ​ឲ្យ​គេ​ជឿជាក់​យ៉ាងខ្លាំង​ថា សំឡេង​របស់​ពួកគេ​គឺមាន​តម្លៃ អ៊ីចឹង​ហើយ​បានជា​រាល់​អ្វីដែល​ពួកគេ​ធ្វើ​គឺ​ពោរពេញ​ដោយ​គោលបំណង ហើយ​ពួកគេ​តែងតែ​ធ្វើ​សកម្មភាព​ជានិច្ច​។ ពួកគេ​នឹង​ទៅ​ឲ្យ​ហួស​ពី​ព្រំដែន​ដែល​បានកំណត់​ជានិច្ច​។ ហើយ​នេះ​គឺជា​ឥរិយាបថ​វិជ្ជមាន​ខ្លាំងណាស់​មួយ​សម្រាប់​មនុស្ស​ជោគជ័យ​"​។ ក្មេង​មិន​ស្ដាប់បង្គាប់​ពុំ​ចូលចិត្ត​ទេ​នូវ​អ្វីៗ​ដែលមាន​លក្ខណៈ​ដដែលៗ​ដូចដើម ដែល​ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ពួកគេ​មានការ​វិវត្តន៍​ទៅមុខ​ខ្លាំងក្លា​!

៤- ពួកគេ​ចូលចិត្ត​នៅ​សាលា​យូរៗ និង​មានបំណង​បន្ត​ការសិក្សា​កម្រិត​ខ្ពស់​
​    ​គេ​បានដឹងថា ក្មេង​ដែល​ពូកែ​តមាត់​ជាមួយនឹង​ឪពុកម្តាយ​ចូលចិត្ត​នៅ​សាលា​យូរៗ និង​មានបំណង​បន្ត​ការសិក្សា​កម្រិត​ខ្ពស់ នេះ​បើ​ផ្អែក​តាម​ការសិក្សា​ក្នុង​សៀវភៅ Development Psychology​។ នេះ​អាច​មានន័យថា ក្មេង​ប្រភេទ​នេះ​មាន​កម្រិត​អប់រំ​ល្អប្រសើរ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​អាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ និង​ជោគជ័យ​ក្នុង​អាជីព​ការងារ​។ សូម្បី​ក្មេងរ​ពិស​ដែល​បោះបង់ចោល​ការសិក្សា​នៅ​សាកលវិទ្យាល័យ ក៏​មិន​បរាជ័យ​ក្នុង​អាជីព​ដែរ​។ អត្ថបទ​ក្នុង​ទស្សនា​វ​ដ្តី National Bureau of Economic និយាយថា ក្មេង​ដែល​បោះបង់ចោល​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ចំនួន ៥៤% អាច​ទទួលបាន​ជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់ខ្លួន​ដោយ​មិនចាំបាច់​មាន​សញ្ញាប័ត្រ​នោះទេ​។ ទៅ​សួរ​លោក Mark Zuckerberg (​ម្ចាស់ Facebook) និង លោក Larry Page (​ម្ចាស់ Google) ទៅ​គឺ​ដឹង​រឿង​នេះហើយ​។

៥- ពួកគេ​ឆាប់​ធ្វើ​ឲ្យ​គេ​ចូលចិត្ត សូម្បី​បន្ទាប់ពី​បាន​ជួប​ពួកគេ​បានតែ​មួយ​ភ្លែត​ក៏ដោយ​
​    ​ការសិក្សា​ផ្សេងទៀត​បាន​រកឃើញថា មនុស្ស​ដែល​ពូកែ​ប្រឆាំង​ឬ​ជំទាស់​តាំងពី​តូច គឺជា​មនុស្ស​ដែល​ឆាប់​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​ណាស់ សូម្បី​បន្ទាប់ពី​បាន​ជួប​ពួកគេ​បានតែ​មួយ​ភ្លែត​ក៏ដោយ​។ ការ​ដែលមាន​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ឆាប់​ចូលចិត្ត​អាច​នាំទៅរក​ភាពជោគជ័យ ព្រោះ​សូម្បីតែ​ការ​ស្គាល់គ្នា​ដោយ​ប្រយោល​ក្តី ក៏​អាច​នាំទៅរក​ការបង្កើត​មិត្តភាព ទំនាក់ទំនង​អាជីព​ការងារ និង​អ្វីៗ​ជាច្រើន​ទៀតផង​ដែរ​៕

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

មតិយោបល់