ម្នាក់ដង្ហើមចង្រិតចូល​ពេទ្យ​សង្គ្រោះបន្ទាន់​ ម្នាក់ទៀត​ចូល​ប៉ុស្ដិ៍​ប៉ូលិស​ ក្រោយឆក់​ទូរ​ស័​ព្ទ​មិនបាន​សម្រេច​(​មាន​វីដេអូ​)

    ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ស្វាគមន៍​ជនសង្ស័យ​២​នាក់ យ៉ាង​ចាស់ដៃ បណ្ដាលឱ្យ​ម្នាក់​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​ និង​ម្នាក់ទៀត​ចូល​ប៉ុស្តិ៍​ប៉ូលិស ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព ឆក់​ទូរ​ស័​ព្ទគេ​មិន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​អ្នកដំណើរ​ផ្សេងទៀត​ត្រង់ចំណុច​ផ្លូវកែង។​

    ករណី​ខាងលើ​បាន​បង្កឡើង​នៅវេលា​ម៉ោង៩​ ​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ ២៤២ កែង​ផ្លូវ​លេខ៥១ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​ខាងលើ ទី​១-​ឈ្មោះ ហេង លាង​ហាក់ អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ក្បាលកោះ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង ម្នាក់ទៀត​មានឈ្មោះ​​ និ​ត ដែល​រងរបួស​ធ្ងន់ រ​ស់​នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា ដំបូង​មាន​គេ​ស្រែក​ខ្លាំងៗ​ថា​ចោរៗ​ៗ​ទៅលើ​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FL.8550 ដែល​ជិះ​តាម​បណ្ដោយ​ផ្លូវ​២៤២ ទិសដៅ​ពី​លិច​មក​កើត។​

    ខណៈ​មកដល់​កែង​ផ្លូវ​៥១ ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ត្រៃ​ដែលជា​អ្នកដំណើរ​បណ្ដាលឱ្យ​ដួល​រងរបួស​ស្រាល​ទាំងសងខាង​។ ក្រោយពី​បុក​គ្នា​រួច ជនសង្ស័យ​ទាំង​២​នាក់ បាន​ក្រោក​ឡើង​រត់​ទាំង​មិន​លើក​ម៉ូតូ  ដោយ​រត់​បាន​ប្រហែល​២០​ម៉ែត្រ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ឃើញ​ដឹងថា ពាក់ព័ន្ធ​ករណី​ចោរឆក់ ក៏​នាំគ្នា​ដេញចាប់បាន​ទាំង​២​នាក់ ហើយ​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាលឱ្យ​ម្នាក់​ដេក​ដួល​លើផ្លូវ​រងរបួស​ធ្ងន់។​ ចំណែក​ម្នាក់ទៀត​រងរ​បួស​ស្រាល​ក៏​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​នាំយកទៅ​ប៉ុស្ដិ៍​រដ្ឋបាល​ចតុមុខ ដើម្បី​សួរនាំ​បន្ថែម។​

    ក្រោយ​កើតហេតុ ជនសង្ស័យ​ម្នាក់​ដែល​រងរបួស​ធ្ងន់​នោះ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​ដឹក​យកទៅជួយ​សង្គ្រោះ ។ ចំណែក​ម្នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​វ៉ៃខ្នោះ​នាំយកទៅ​ប៉ុស្ដិ៍​រដ្ឋបាល​ចតុមុខ និង​បាន​សួរនាំ​រួច​យកទៅ​រក្សាទុក​នៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខណ្ឌដូនពេញ ។​

    ក្រោយពី​សាកសួរ​ចម្លើយ​របស់​ជនសង្ស័យ រូបគេ​បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ទរបស់គេ​មែន ក៏ប៉ុន្តែ​ឆក់​មិនបាន​សម្រេច​នោះឡើយ៕​

 

adverise with khmeread