មនុស្សគ្រប់គ្នាតែងតែចង់បាននូវអ្វីដែលធ្វើឱ្យមានអារម្មណ៍ល្អ។ មនុស្សគ្រប់រូបតែងចង់បានជីវិតដែលគ្មានកង្វល់ រីករាយ ងាយស្រួល មានសេក្តីស្នេហា មានសិចនិងទំនាក់ទំនងដ៏អស្ចារ្យ មើលទៅល្អឥតខ្ចោះ អាចរកលុយបានស្រួល មានកេរ្តិ៍ឈ្មោះ ទទួលបានការគោរព និងមានការកោតសរសើរ។
មនុស្សគ្រប់គ្នាគឺសុទ្ធតែចង់បានអញ្ជឹង ហើយវាងាយស្រួលទេដែលគិតរឿងអញ្ជឹងៗ។
ប្រសិនបើមានគេសួរថា តើអ្នកចង់បានអ្វីពីជីវិតរបស់អ្នក? អ្នកច្បាស់ជាឆ្លើយថា "ខ្ញុំចង់រីករាយ និងមានគ្រួសារដ៏អស្ចារ្យ ព្រមទាំងការងារដែលខ្ញុំចូលចិត្ត"។ ចម្លើយបែបនេះគឺគេឭគ្រប់ទីកន្លែង ដូច្នេះវាគ្មានន័យអ្វីទាំងអស់។
សំណួរដែលគួរឱ្យចាប់អារម្មណ៍ និងជាសំណួរដែលអ្នកប្រហែលជាមិនធ្លាប់នឹកដល់ពីមុនគឺ "តើការឈឺចាប់បែបណាដែលអ្នកចង់បាន?" "តើអ្វីទៅដែលអ្នកមានឆន្ទៈនឹងតស៊ូ?" ព្រោះសំណួរនេះគឺជាកក្តាកំណត់ដ៏អស្ចារ្យពីរបៀបដែលជីវិតរបស់យើងអាចប្រែក្លាយទៅជាល្អប្រសើរបាន។
គ្រប់គ្នាសុទ្ធតែចង់បានការងារដ៏អស្ចារ្យ និងម្ចាស់ការលើរឿងលុយកាក់ ប៉ុន្តែគ្មាននរណាម្នាក់ចង់ធ្វើការ ៦០ ម៉ោងពេញមួយសប្តាហ៍ ចេញទៅធ្វើការតាមផ្លូវឆ្ងាយ ពិនិត្យឯកសារដ៏ច្រើន និងឡើងឋានៈតាមឋានានុក្រមដ៏លំបាកនោះទេ។ មនុស្សចង់ក្លាយជាអ្នកមានដោយគ្មានហានិភ័យ និងដោយគ្មានការលះបង់ ដែលនេះសុទ្ធសឹងតែជាកក្តាចាំបាច់ដើម្បីឈានទៅបង្កើតទ្រព្យសម្បត្តិ។
ជាក់ស្តែង បើនិយាយអំពីសិចដ៏អស្ចារ្យ និងទំនាក់ទំនងស្នេហាដ៏អស្ចារ្យ មនុស្សគ្រប់គ្នាក៏សុទ្ធតែចង់បានដូច្នេះ ក៏ប៉ុន្តែគ្មាននរណាម្នាក់មានឆន្ទៈឆ្លងកាត់ការឈ្លោះគ្នា ការព្រងើយកន្តើយដាក់គ្នា ការទទួលនូវអារម្មណ៍ឈឺចាប់ និងការទទួលនូវអារម្មណ៍រំជើបរំជួលក្តុកក្តួលដើម្បីទទួលបានស្នេហាពិតនោះឡើយ។ ពួកគេមិនចង់បានដូច្នេះទេ និងមិនដែលហ៊ានសួរខ្លួនឯងថា "ចុះប្រសិនបើ" នោះឡើយ។ បន្ទាប់មកជាច្រើនឆ្នាំ ពួកគេក៏ចាប់ផ្តើមប្រែពីសំណួរ "ចុះប្រសិនបើ" ទៅជាសំណួរ "ចុះម៉េចបានទៅជាអញ្ជឹង?"។ ពេលឈានដល់ការសួរសំណួរបែបនេះ ទំនាក់ទំនងរបស់អ្នកប្រហែលជាបានប្រេះឆារួចទៅហើយ ព្រោះអ្នកមិនបានចាប់ផ្តើមពីដំបូងដោយសួរសំណួរថា "ចុះប្រសិនបើ" ឬ សំណួរ "តើការឈឺចាប់បែបណាដែលខ្ញុំចង់បាន?"។
តើនេះមកពីហេតុអ្វី? ព្រោះសុភមង្គលទាមទារឱ្យមានការលំបាកជាមុន។ ដើម្បីទទួលបានផលវិជ្ជមានអ្នកត្រូវតែចេះរ៉ាប់រងនូវផលអវិជ្ជមានជាមុនសិន។ អ្នកនឹងមិនអាចគេចផុតពីចំណុចអវិជ្ជមានបានរហូតនោះទេ វានឹងរត់មករកអ្នកនៅថ្ងៃណាមួយចៀសមិនផុតឡើយ។
ចំណុចមួយទៀតគួរពិចារណាដែរនោះគឺថា មនុស្សគ្រប់គ្នាចង់បានកាយសម្បទាមាំមួនរឹងប៉ឹង ប៉ុន្តែពួកគេមិនទទួលបានវាដូចបំណងទេ ដោយសារពួកគេមិនបានស៊ូទ្រាំនឹងការលំបាកក្នុងការហាត់ប្រាណរាប់ម៉ោងផងនោះ។
មនុស្សចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬចង់ម្ចាស់ការលើលុយកាក់ដោយខ្លួនឯង ប៉ុន្តែពួកគេនឹងមិនអាចធ្វើរឿងនេះបានទេ ប្រសិនបើពួកគេមិនហ៊ានប្រថុយប្រថាន មិនហ៊ានឆ្លងកាត់បរាជ័យម្តងហើយម្តងទៀត មិនហ៊ានជួបរឿងមិនប្រាកដប្រជាក្នុងការប្រឡូកជំនួញ និងមិនហ៊ានធ្វើការច្រើនម៉ោងលើសអ្នកដទៃផងនោះ។
ដូច្នេះអ្វីដែលកំណត់ភាពជោគជ័យរបស់អ្នក មិនមែនជាសំណួរ "តើអ្វីទៅដែលអ្នកចង់បាន?" នោះទេ តែជាសំណួរ "តើការឈឺចាប់បែបណាដែលអ្នកចង់បាន?"។ គុណភាពជីវិតរបស់អ្នកមិនមែនកំណត់ឡើងដោយបទពិសោធន៍វិជ្ជមានរបស់អ្នកនោះទេ តែជាបទពិសោធន៍អវិជ្ជមានរបស់អ្នកទៅវិញទេ។ ហើយដើម្បីដោះស្រាយជាមួយនឹងបទពិសោធន៍អវិជ្ជមានបានយ៉ាងល្អគឺត្រូវចេះដោះស្រាយជាមួយបញ្ហាជីវិតឱ្យបានល្អ៕
