samsung-banner
adverise with khmeread

មន្ត្រី​ទូត​កូរ៉េខាងត្បូង​ត្រូវបាន​ស៊ើបអង្កេត​ក្នុងប្រទេស​ឈី​លី​ពីបទ​បៀតបៀន​ផ្លូវភេទ​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​

1

    ​យោងតាម​ប្រភពព័ត៌មាន Channelnewsasia ដែល​ដកស្រង់​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានឱ្យដឹងថា មន្ត្រី​ទូត​កូរ៉េខាងត្បូង​ក្នុងប្រទេស​ឈី​លី​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ពីបទ​បៀតបៀន​ផ្លូវភេទ​ក្មេង​ជំទង់​ឈី​លី​ម្នាក់​។ 

​    ​ករណីនេះ​ត្រូវបាន​ថត​ជាប់​ក្នុង​កាមេរ៉ា​របស់​ទូរទស្សន៍​ឈី​លី​មួយ ដែល​ទម្លាយ​ឈុត​កាត់ៗ​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​កម្មវិធី​ឯកសារ​មួយ ដែលមាន​បញ្ចូល​ទាំង​ឧបទ្ទវ​ហេតុដែល​ត្រូវបាន​ចោទប្រកាន់​នេះ​ផងដែរ​។ មន្ត្រី​ទូត​រូបនោះ​ត្រូវបាន​ចោទថា​បាន​ឱប​ចង្កេះ​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​រួច​បង្ខំ​នាង​ឱ្យចូល​ក្នុង​បន្ទប់​មួយ​។ 

​     យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​កាលពី​ខែកញ្ញា​មកម្ល៉េះ ខណៈដែល​រូបលោក​កំពុង​បង្រៀន​ភាសា​កូរ៉េ​ដល់​នាង​។ តាម​សេចក្តីរាយការណ៍ ក្មេងស្រី​នោះបាន​ប្រាប់​ដំណឹង​នេះ​ដល់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​របស់​ឈី​លី រួចហើយ​ប៉ុស្តិ៍​នេះ​ក៏​ចាប់ផ្តើម​តាមដាន​អ្នកការទូត​ម្នាក់​នោះ​និង​ថត​បាន​រូបគាត់​កំពុង​បៀតបៀន​ផ្លូវ​ភេទស្ត្រី​ម្នាក់ទៀត​។ 

​    ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​សុំទោស​ចំពោះ​អ្វីដែល​បានកើត​ឡើង និង​និយាយថា ខ្លួន​នឹង​ប្រើប្រាស់​គោលនយោបាយ "​គ្មាន​ការអត់ឱន​" ចំពោះ​អំពើ​ឆ្គាំឆ្គង​របៀបនេះ​។ ក្រសួង​បន្ថែមថា ខ្លួន​មាន​គម្រោង​រឹតបន្តឹង​វិន័យ​ដើម្បី​ទប់ស្កាត់​ករណីនេះ​កុំឱ្យ​កើតឡើង​ម្តងទៀត​។​

​    ​អ្នកការទូត ដែល​ទទួលបន្ទុក​ផ្នែក​កិច្ចការ​វប្បធម៌​នៅ​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​ឈី​លី​រូបនេះ ត្រូវបាន​ព្យួរ​ជើង​ពី​កាតព្វកិច្ច​ហើយ​។ 

​    ​Yonhap ក៏បាន​ដកស្រង់​ប្រភពពី​ក្រសួង​ផងដែរ​ថា អ្នកការទូត​រូបនោះ​នឹង​ប្រឈម​ការស៊ើបអង្កេត​ដាច់ដោយឡែក​មួយទៀត នៅពេល​គាត់​វិល​ត្រឡប់មក​កូរ៉េខាងត្បូង​វិញ ជាទី​ដែល​គាត់​នឹង​ប្រឈម​ការចោទប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់