ការឱ្យគេដកធ្មេញចេញពីមាត់អាចធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍រន្ធត់ ប៉ុន្តែវីដេអូដែលរឹតតែគួរឱ្យរន្ធត់នេះ នឹងធ្វើឱ្យអ្នកលែងហ៊ានទៅកាន់ពេទ្យធ្មេញទៀតជាក់ជាមិនខាន។
ចាប់តាំងពីវីដេអូដែលបង្ហាញពីឧបករណ៍ Benex Extraction System ដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងប្រទេសស្វីស ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook កាលពីខែមុន វាត្រូវបានគេចុចទស្សនាជាង ១២០.០០០ ដង។
គេនៅមិនទាន់ប្រាកដនៅឡើយថាតើមូលហេតុអ្វីបានជាធ្មេញរបស់បុរសក្នុងវីដេអូនេះត្រូវតែដកចេញ ប៉ុន្តែយោងតាមអ្នកជំនាញជឿថា នេះគឺប្រហែលមកពីធ្មេញពុកខ្លាំងពេក។
នៅក្នុងវីដេអូគេអាចឃើញដើម្បីចៀសវាងការឈឺចាប់អំឡុងការដកធ្មេញ អ្នកជំងឺត្រូវបានចាក់ថ្នាំស្ពឹក។ បន្ទាប់មកពេទ្យធ្មេញបានវះផ្នែកខាងលើនៃធ្មេញដើម្បីបើកមុខ។ ក្រោយមកឧបករណ៍វះកាត់ត្រូវបានប្រើប្រាស់ដើម្បីទាញធ្មេញចេញពីឫសធ្មេញ។
បន្ទាប់មកគេឃើញគ្រូពេទ្យប្រើឧបករណ៍ស្វានដើម្បីទម្លុះឱ្យមានប្រហោងដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់ឧបករណ៍ដូចវីសដើម្បីមួលចូលក្នុងឫសធ្មេញ។ ក្រោយមកគេឃើញមានការគាបមេកានិចដើម្បីកន្ត្រាក់ឫសចេញពីមាត់។
Benex និយាយថា ប្រព័ន្ធថ្មីនេះបង្កការឈឺចាប់តិចព្រោះវាទម្លុះធ្មេញជាអប្បបរមាបំផុត និងមិនប៉ះពាល់រចនាសម្ព័ន្ធជាលិកាណាមួយទេ។
ឧបករណ៍នេះត្រូវបានប្រើប្រាស់ជុំវិញពិភពលោក និង ត្រូវបានពេទ្យធ្មេញមួយចំនួនចាត់ទុកជាឧបករណ៍ត្រូវទិញដាច់ខាតដើម្បីជំនួសការដកធ្មេញទាំងឫស៕
