បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​នាគ​មាស​​ ២ ​នាក់​ធ្វើ​ចោរ​គាស់​ក្រុមហ៊ុន​លួច​សម្ភារៈ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌទួលគោក​បាន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​នាគ​មាស ក្នុងចំណោម​បក្ខពួក​២​នាក់ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង២ ​និង​៣០​នាទីរសៀល បន្ទាប់​ពីបទ​គាស់​ទម្លុះទម្លាយ (គាស់​ក្រុមហ៊ុន​) ​យក​សម្ភារៈ​។​

    ប៉ូលិស​និយាយថា ប៉ូលិស​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​ជនរងគ្រោះ ក្រោម​កិច្ច សម្របសម្រួល​ពី​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​លួច​មាន ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​គាស់​ទម្លុះ​ទម្លាយ កើតហេតុ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ប្រហែល​៩​និ ង​៣០​នាទី នៅ​ចំណុច​ក្រុមហ៊ុន ​Comzome ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៧៨ ផ្លូវ​លេខ​៦០៨ ក្រុមទី ៥៨ ភូមិ​៩ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ អេង ទុយ ហៅ ទុយ ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ​ក្រុមហ៊ុន នាគ​មាស (យាម​ប្រចាំការ​នៅ​ក្រុមហ៊ុន​កើតហេតុ) ស្នាក់​នៅផ្ទះ​លេខ​៩៥ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ណ​ម វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្រុមហ៊ុន ​Comzone សេវា​ផ្សាយពាណិជ្ជកម្ម ស្នាក់​នៅផ្ទះ​លេខ​០៤៥​សេ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    សម្ភារៈ​បាត់បង់ ទូរ​ទស្ស​ន៌​ម៉ាក LG 32Inc ចំនួន ០៤​គ្រឿង, ប្រាក់​ដុល្លារ​ចំនួន 3.314$, កុំព្យូទ័រ​ម៉ាក I mac ចំនួន ០៤​គ្រឿង, Hardish ចំនួន​០៥​ដុំ, Hardish កា​មេរ៉ា​សុវត្ថិភាព ០១​គ្រឿង, ទូរស័ព្ទ​ម៉ាក Tablet ០២​គ្រឿង, កុំព្យូទ័រ​យួរដៃ​ម៉ាក Imea ០១​គ្រឿង, វិទ្យុទាក់ទង​ម៉ាក Motorola ០៧​គ្រឿង, ម៉ាស៊ីន​ឃ្វៀល​ឈើ ០១​គ្រឿង, ម៉ាស៊ីន​បាញ់​ស្លាយ ០១​គ្រឿង, Flus ០៤​គ្រាប់, ជើង​ទូរស័ព្ទ ចំនួន​០៤, Mouse Imea ចំនួន​០៦​គ្រាប់ និង​ម៉ូ​ឌឹ​ម​អ៊ី​ន​ធឺ​ណេ​ត ០១​គ្រឿង។​

    ប៉ូលិស​បន្តថា ក្រុមហ៊ុន​របស់​ជនរ​ង​គ្រោះ បាន​ជួល​ក្រុមហ៊ុន​សន្តិសុខ​នាគ​មាស​២​នាក់​ឱ្យ​យាម ប្រចាំការ ដោយ​ម្នាក់​យាម​ថ្ងៃ និង​ម្នាក់ទៀត​យាម​យប់ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ល្ងាច។​

    ក្រុមហ៊ុន​បាន​បិទទ្វារ​ចាក់សោ​ព្រោះ​ស្អែក​ថ្ងៃអាទិត្យ បុគ្គលិក​ទាំងអស់​បាន​ឈប់សម្រាក ដោយ​មានតែ​សន្តិ សុខ​យាម​មុខ​ក្រុមហ៊ុន។​ លុះ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០១៦ វេលា​ម៉ោង​ប្រហែល៩ ​និង​៣០​នាទី ស្រាប់​តែមាន​សកម្ម ភាព​គាស់​ទ្វារ​ក្រុមហ៊ុន​ចូល​យក​សម្ភារៈ ដោយ​ត្រូវចំ ម៉ោង​ជនសង្ស័យ​យាម​ប្រចាំការ។​

    ក្រោយពេល​កើត ហេតុ សមត្ថកិច្ច​​បាន​ស្រាវជ្រាវ ដោយមាន​ការ សហការ​ពី​ជនរងគ្រោះ ក៏​បានដឹង​ព័ត៌មាន​ថា​សន្តិសុខ ទាំងពីរ​នាក់​ដែល​យាម​ប្រចាំការ​ជា​អ្នកធ្វើ​សកម្មភាព។ ​ទើប​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​៣០នាទី ក្រុមហ៊ុន​សន្តិសុខ​បាន​ហៅ​ជនសង្ស័យ​នេះ​មក សាកសួរ ហើយក៏​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង។​ ​ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត បាន​គេចខ្លួនបាត់ តាំងពី​ថ្ងៃ​ដែល​បានធ្វើ​សកម្មភាព។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ អេង ទុយ កំពុង​ឃាត់ខ្លួន ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទួល គោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕​


 

adverise with khmeread