​អ្នកជំនាញ​ខាង​យោធា​ចេញ​បកស្រាយ​លទ្ធភាព​ផ្ទុះ​ជម្លោះ​រវាង​រុស្ស៊ី​និង​តួ​ក​គី ពី​ការធ្វើឃាត​អគ្គរដ្ឋទូត​រុស្ស៊ី​

​    ​លោក Karlov Andrei Gennadyevich ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ពិព័រណ៍​មួយ​ក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​យប់​ថ្ងៃ​ចន្ទ​អំឡុង​ការប៉ុនប៉ង​ធ្វើឃាត​មួយ​។​

​    ​ការវាយប្រហារ​នេះ​គឺជា​ឧ​ប​ទ្ទេវ​ហេតុ​ជាប់ទាក់ទង​ថ្មី​មួយទៀត​ដែល​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​លោក Recep Tayyip Erdogan នៃ​ប្រទេស​តួ​ក​គី និង Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​រកាំរកូស ព្រោះ​រដ្ឋ​ទាំងពីរ​សុទ្ធ​តែមាន​ផលប្រយោជន៍​ពី​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី​។​

​    ​* រុស្ស៊ី​និង​តួ​ក​គី​៖ តើ​ភាព​តានតឹង​បាន​កើនឡើង​យ៉ាងដូចម្តេច​?
​    ​ក្នុង​វិច្ឆិកា ឆ្នាំ ២០១៥ រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​កងទ័ពអាកាស​តួ​ក​គី​បាន​បាញ់​ទម្លាប់​យន្តហោះ​ចម្បាំង​របស់ខ្លួន​។ រុស្ស៊ី​បាន​ច្រានចោល​ថា យន្តហោះ​របស់ខ្លួន​បាន​ហោះចូល​តួ​ក​គី​ហើយ​បាន​ហៅ​ទង្វើ​នេះ​ជា​គម្រោងការ​ញុះញង់​ដោយ​ពួក​គាំទ្រ​ភេរវកម្ម​។​

​    ​ទណ្ឌកម្ម​ជាច្រើន​ពី​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បានកើត​ឡើងជា​បន្តបន្ទាប់​ខណៈ​ភាព​តានតឹង​បាន​កើនឡើង​រវាង​ប្រជាជាតិ​ទាំងពីរ​។ ការនាំចេញ​របស់​តួ​ក​គី​ដូចជា​បន្លែ​ផ្លែឈើ​ទៅកាន់​រុស្ស៊ី​ត្រូវបាន​ហាមឃាត់ ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ត្រូវបាន​បញ្ឈប់​និង​ទីភ្នាក់ងារ​ធ្វើដំណើរ​រុស្ស៊ី​ជាច្រើន​បាន​លុបចោល​កញ្ចប់​ធ្វើដំណើ​ទៅ​តួ​ក​គី ក្រោម​សម្ពាធ​ពី​រុស្ស៊ី​។​

​    ​កាលពី​ខែកញ្ញា​ឆ្នាំនេះ រុស្ស៊ី​បាន​សម្តែង​ការព្រួយបារម្ភ​ដ៏​ខ្លាំង​ជុំវិញ​ចលនា​រុលទៅមុខ​ដ៏​គឃ្លើន​របស់​កងទ័ព​តួ​ក​គី​នៅក្នុង​ប្រទេស​ស៊ី​រី​ខណៈ​ខ្លួន​កំពុង​បន្ត​គាំទ្រ​លោក​ប្រធានាធិបតី Bashar al Assad​។​

​    ​រឿងនេះ​បានកើត​ឡើង​ពីក្រោយ​ការចោទប្រកាន់ថា​តួ​ក​គី​រំលោភ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​របស់​ស៊ី​រី​កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ ដោយ​ពួកគេ​វាយប្រហារ​កងកម្លាំង​ឃើ​ដ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​    ​ដើម្បី​ជាការ​សងសឹក រុស្ស៊ី​បាន​ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​ដល់​ក្រុម​ឧទ្ទាម​របស់​តួ​ក​គី​ទៅកាន់​ទីក្រុង​អា​ឡេ​ប៉ូ​។ លោក Putin ក៏បាន​គាំទ្រ​របប​លោក al-Assad ខណៈ​អនុញ្ញាតឱ្យ​អង្គភាព​ការពារ​ប្រជាជន​ឃើ​ដ (YPG) របស់​ស៊ី​រី ដែលជា​សត្រូវ​ស៊ីសាច់​របស់​ក្រុម​គណបក្ស PKK របស់​តួ​ក​គី កាន់កាប់​ទឹកដី​ជាប់​ព្រំដែន​តួ​ក​គី ជាហេតុ​នាំឱ្យមាន​ការសន្និដ្ឋាន​ថា មូ​ស្គូ​កំពុង​ធ្វើឱ្យ​តួ​ក​គី​អាម៉ាសមុខ​។​

​    ​ហើយ​អ្នកជំនាញ​បាន​និយាយថា ការបាញ់ប្រហារ​លើ​អគ្គរដ្ឋទូត​រុស្ស៊ី​កាលពី​ម្សិលមិញ​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​របស់​តួ​ក​គី​។​

​    ​លើសពីនេះ ខណៈ​រុស្ស៊ី​ផ្គត់ផ្គង់​សព្វាវុធ​និង​គាំទ្រ​លោក Assad មន្ត្រី​តួ​ក​គី​និយាយថា ប្រធានាធិបតី​ស៊ី​រី​នៅ​ទីបំផុត​ច្បាស់​ជា​ត្រូវ​ចុះ​ចេញពី​តំណែង​។​

​    ​ទំនាក់ទំនង​ហាក់​ល្អប្រសើរ​វិញ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស​តួ​ក​គី​កាលពី​ខែកក្កដា​នៅពេល​រុស្ស៊ី​បាន​គាំទ្រ​លោក Erdogan បន្ទាប់ពី​សមាជិក​ក្នុង​ជួរ​យោធា​មួយចំនួន​បាន​ប៉ុនប៉ង​ផ្តួល​រលំ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​។​

​    ​កាលពី​ខែសីហា មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​ក្នុង​ទីក្រុង Saint Petersburg កន្លែង​ដែល​រុស្ស៊ី​នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ 

​    ​ភាគី​ទាំង​ពីរបាន​ប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី​ជាង​ប្រាំ​ឆ្នាំ​ហើយ​ខណៈ​អំពើហិង្សា​បាន​បង្ក​ឱ្យ​ជនភៀសខ្លួន​ជាង ២,៥ លាន​នាក់​ពី​ប្រទេស​ស៊ី​រី​ចូល​តួ​ក​គី​។​

​    ​ក្រុម​អ្នកជំនាញ​បាន​និយាយថា អ្នក​ទាំងពីរ​មិនទាន់​អាច​យល់ព្រម​ជុំវិញ​សកម្មភាព​ក្នុងប្រទេស​ស៊ី​រី​។ អ្នកជំនាញ​យោធា​លោក Alexander Golts បាន​និយាយ​កាលពីដើម​ឆ្នាំនេះ​ថា "​ខ្ញុំ​គិតថា មកទល់​ឥឡូវ​ពួកគេ​នៅ​មិនទាន់មាន​ការសម្រេច​ច្បាស់​ណាមួយ​ព្រោះ​វា​បង្ហាញ​ច្បាស់​ថា ផលប្រយោជន៍​របស់​ពួកគេ​កំពុង​ប្រទាំង​ប្រទើស​គ្នា​ក្នុងប្រទេស​ស៊ី​រី​"៕

ប្រភព៖ បរទេស

adverise with khmeread