លួច​ទូក​បាន ​៣ ​ថ្ងៃ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​នា​ថ្ងៃទី​១៩ ​ធ្នូ​ ២០១៦​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​ទូក​កាលពី​ថ្ងៃទី​១៧ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៩ ​និង​៣០​នាទី ព្រឹក នៅ​ចំណុច ចំណតទូក​សាលា​ដំណាក់វត្ត​ពោធិ៍ ស្ថិត​ក្នុងភូមិ ព្រែកស្លែង ឃុំ តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ៊ី រុន ភេទ ប្រុស អាយុ៥៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ (​ជា​ម្ចាស់​ទូក​) ទីលំនៅ ភូមិ លេខ​៣ ឃុំប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ចំណែក​ជនសង្ស័យ ឈ្មោះ នឿន សុខ​យុ​ត្ថ ហៅ រី​ណា ភេទប្រុស អាយុ១៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ស៊ីឈ្នួល​គេ ទីលំនៅ ភូមិ ក្បាលកោះ​តូច ឃុំ តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក ទូក​ធ្វើ​អំពី​ជ័រ​ស្មាច់ ពណ៌ ខៀវ លា​យស​០១​គ្រឿង បណ្តោយ ​៧,៧០ ម៉ែត្រ ចំណុះ ៥០០ គីឡូក្រាម និង ម៉ា​ស៊ីន (​សាំង​) ម៉ាក ហាំ​ប៊ើ ពណ៌ ក្រហម​០១ គ្រឿង មាន​ដង​ឡាប។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​០៧​ និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃទី​១៧​ ធ្នូ ​២០១៦ ឈ្មោះ ហម តោ ភេទប្រុស ជា​កូនប្រសារ​របស់​ឈ្មោះ ហ៊ី រុន បាន​ចតទូក​ម៉ា​ស៊ី​ន ជាមួយ​អ្នកភូមិ នៅមុខ​សាលា​ដំណាក់ វត្ត​ពោធិ៍ ជាធម្មតា រួច​ជិះ​ម៉ូតូ​ទៅ​រាជធានី​ភ្នំពេញ។ ​នៅវេលា​ម៉ោង​០៩​ និង​៣០​នាទី ថ្ងៃ​ដដែល ជនសង្ស័យ​ឈ្មោះ នឿន សុខ​យុ​ត្ថ បានធ្វើ​សកម្មភាព​លួច​ទូក​ខាងលើ​បើក​សំដៅទៅ​ទិសខាងកើត​បាត់។​

    លុះ​នៅ​ម៉ោង​១២​ថ្ងៃ​ដដែល ឈ្មោះ ហម តោ ត្រឡប់មកវិញ រក​ទូក​មិនឃើញ ក៏បាន​តាម​ស្វែងរក​ជនសង្ស័យ​ខាងលើ រហូតដល់​ថ្ងៃទី​១៩ ​ធ្នូ​២០១៦ វេលា​ម៉ោង​១១​ទើប​ឈ្មោះ ហ៊ី រុន ត្រូវជា​ឪពុកក្មេក របស់​ឈ្មោះ ហម តោ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ខ្ពប ស្វែងរក​ជួបប្រទះ​ឈ្មោះ​ នឿន សុខ​យុ​ត្ថ កំពុង​បើកទូក​នេះ​នៅ​ចំណុច​ទន្លេបាសាក់ ភូមិ​កោះ​ថ្មី ឃុំ ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។​

    សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ ឈ្មោះ នឿន សុខ​យុ​ត្ថ និង​វត្ថុតាង មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប ដើម្បី​សាកសួរ និង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

Unnamed %281%29
adverise with khmeread