ការផឹកកាហ្វេច្រើនជាង ៧ពែងក្នុង១ថ្ងៃអាចធ្វើឲ្យអ្នកកើតជំងឺសញ្ញាវិបល្លាស (Halluuntion) ដែលជាអាការៈមួយធ្វើឲ្យមើលឃើញរបស់របរឬរូបភាពផ្សេងៗតែតាមពិតគឺមិនមានសោះ។
លទ្ធផលនៃការសិក្សាបង្ហាញថា ការផឹកកាហ្វេមួយពែងហើយមួយពែងទៀតបណ្ដាលឲ្យមានការកើតឡើងនូវកម្រិតគ្រោះថ្នាក់យ៉ាងសម្បើមក្នុងការកកើតជំងឺសញ្ញាវិបល្លាស។
ទាំងបុរសនិងស្ដ្រីដែលមានសុខភាពល្អចូលរួមក្នុងការស្រាវជ្រាវ ដែលអ្នកផឹកកាហ្វេច្រើនជាង៧កែវក្នុងមួយថ្ងៃបានកើតអាការៈឮសូរសំឡេងឬមើលឃើញអ្វីតាមពិតអត់មានអ្វីកើតឡើងសោះ។ បើធ្វើការប្រៀបធៀបជាមួយអ្នកដែលកំណត់ការផឹកការហ្វេតិចជាងមួយកែវក្នុង១ថ្ងៃ អ្នកដែលផឹកកាហ្វេច្រើនជាង៧កែវក្នុងមួយថ្ងៃមានអត្រាការកើតរោគនេះច្រើនជាងរហូតដល់ទៅ៣ដង។
គេបានយល់ឃើញថា ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបានទៅជំរុញ Cortisol ដែលជាអ័រម៉ូនម្យ៉ាងដែលធ្វើឲ្យកើតរោគស្ត្រេស។ គេបានអះអាងដែលថា ការរកឃើញនេះអាចនឹងនាំឲ្យគេរកឃើញនូវថ្នាំព្យាបាលថ្មីសម្រាប់អ្នកដែលកើតរោគសញ្ញាវិបល្លាសធ្ងន់ធ្ងរ ដែលក្នុងនោះរួមមានអ្នករងគ្រោះដោយអំពើហឹង្សាឬរងការរំលោភបំពាននិងអ្នកដែលទើបតែបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ដូហាម (Durham) បានស្នើសុំនិស្សិតចំនួន២១៩នាក់ឲ្យកត់ត្រាអំពីការផឹកការហ្វេរបស់ពួកគេដោយផ្ដោតជាសំខាន់លើគោលការណ៍ថា កាហ្វេមួយពែងមានជាតិកាហ្វេអ៊ីនចំនួន ៤៥ មិល្លីក្រាម។
កាហ្វេដែលឆុងនៅផ្ទះមានកម្រិតកាហ្វេអ៊ីនច្រើនជាង ២ដងហើយកាហ្វេអ៊ីនមួយចំនួនដូចជា Starbucks ជាដើម មានជាតិកាហ្វេអ៊ីនរហូតដល់ទៅ ១៩០ មីល្លីក្រាម។
អ្នកស្ម័គ្រចិត្តត្រូវគេសួរថា តើញឹកញាប់ប៉ុណ្ណា ដែលពួកគេកើតអាការៈសញ្ញាវិបល្លាស។ អ្នកដែលទទួលបានជាតិកាហ្វេអ៊ីនច្រើនមាន អត្រាកើតរោគនេះបីដង ច្រើនជាងអ្នកដែលកម្រផឹកកាហ្វេ។ ការមានជាតិកាហ្វេអ៊ីនច្រើននៅក្នុងខ្លួនក៏អាចធ្វើឲ្យមនុស្សមានទំនោរគិតថា ពួកគេមានអារម្មណ៍ថាមានខ្មោចផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍របស់ព្រឹត្តិបត្រព័ត៌មាន Personality and Individual Differences។
សមាគមកាហ្វេចក្រភពអង់គ្លេស (The British Coffe Association) និយាយថា ការទទួលទានកាហ្វេកម្រិតមធ្យម ពោលគឺពី៤-៥ពែងក្នុងមួយថ្ងៃ ត្រូវបានគេបង្ហាញថាមានសុវត្ថិភាពសម្រាប់ប្រជាជនទូទៅហើយ ប្រហែលជាអាចផ្ដល់អត្ថប្រយោជន៍ខាងផ្នែកសុខាភាពបានទៀតផង។
ចំណែកទីភ្នាក់ងារស្ដង់ដារអាហារ (The Food Standard Agency)វិញ បានធ្វើការផ្ដល់ជាយោបល់ថាស្ត្រីមានផ្ទៃពោះគួរតែកំណត់ការទទួលទានកាហ្វេអ៊ីនត្រឹមតែ២០០មីល្លីក្រាមក្នុងមួយថ្ងៃបានហើយ៕
