ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីកម្លាំងសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ ក្នុងករណីប្រើអំពើហិង្សាដោយចេតនា ត្រង់ចំណុច លើចិញ្ចើមផ្លូវជាតិលេខ៥ ភូមិពោធិមង្គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅនៅថ្ងៃទី២០ ធ្នូ ២០១៦ វេលាម៉ោង០៦ និង៣០នាទី ។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងតឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិយួន មុខរបរ លក់ត្រី មានទីលំនៅ ភូមិពោធិមង្គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថន ថៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សណ្តាប់ធ្នាប់សាលាខណ្ឌព្រែកព្នៅ មានទីលំនៅ ភូមិខ្នា ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា នៅថ្ងៃទី២០ ធ្នូ ២០១៦ វេលាម៉ោង០៦ និង៣០នាទី ជនរងគ្រោះ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ បានចុះរៀបចំសណ្តាប់ធ្នាប់នៅត្រង់ចំណុចកើតហេតុដូចរាល់ថ្ងៃ។ លុះដល់ត្រង់ចំណុចកើតហេតុ ក៏បានជួបនឹងជនសង្ស័យ កំពុងដាក់ធុងលក់បង្កងនៅលើចិញ្ចើមផ្លូវ។
ឃើញដូចនោះ ជនរងគ្រោះ ក៏ស្ទុះទៅលើកធុងយកមកដាក់លើរថយន្ត ភ្លាមនោះ ជនសង្ស័យក៏ស្ទុះទៅចាប់ទាញធុងមកវិញ ក៏មានការប្រទាញប្រទង់គ្នា។ ជនសង្ស័យក៏បានយកជើងធាក់ និងយកដៃវាយទៅលើមុខជនរងគ្រោះចំនួនមួយដៃ។
ក្រោយមក ជនរងគ្រោះ និងកម្លាំងសណ្តាប់ធ្នាប់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ច នៅប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅ ដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ន ជនសង្ស័យ កំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋានបូលិសខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
