តារា​សម្ដែងកញ្ញា ប៉ុប ពី ស្រវឹង​បើករថយន្ដ​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​អស់​២​កង់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ តារា​សម្ដែង​ភេទ​ទី​បី កញ្ញា ប៉ុប ពី បើករថយន្ដ​ទាំង​ស្ថានភាព​ស្រវឹង ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​ទៀត ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាលឱ្យ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​មួយ​កង់​ខ្ទាត​ចេញពី​គ្នា​ប្រហែល​ជិត​២០​ម៉ែត្រ និង​មួយ​កង់​ទៀត​ខូច​តិចតួច ចំណែក​រថយន្ដ​ដាច់​កាឡេ​កង់​ខាងមុខ​ទៅមុខ​លែងរួច​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៣​ទៀបភ្លឺ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ (​ផ្លូវ​នេ​រុ​ហ៍​) កែង​ផ្លូវ​លេខ​១៥៦ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ម៉ាក​កាមរី​ (​បា​ឡែ​ន) ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2Y-5841 បើកបរ​ដោយ​តារា​សំដែង​កញ្ញា ប៉ុប ពី ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​បើក​ក្នុង​ល្បឿន​លឿន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ (​ផ្លូវ​នេ​រុ​ហ៍​)​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​របាំង​ថ្ម​ចំនួន​មួយ​កង់​ខ្ទាត​ចេញពី​គ្នា​ប្រហែល​២០​ម៉ែត្រ​និង​មួយ​កង់​ទៀត​ខូចខាត​បន្តិច​ប​ន្ទួ​ច​។ ចំណែក​រថយន្ដ​ដាច់​កាឡេ​កង់​ខាងមុខ​ផ្នែក​ខាងឆ្វេង​បន្តដំណើរ​ទៅមុខ​លែងរួច ហើយ​ក្នុង​ហេតុការណ៍នេះ​ដែរ​គឺ​មិន​បណ្ដាលឱ្យមាន​អ្នករបួស​នោះទេ​។​

    ក្រោយពី​បង្កហេតុ​តារា​សម្ដែង កញ្ញា ប៉ុប ពី បាន​ចុះ​ពី​រថយន្ដ បាន​ត្រឹម​ឈរ​សើច​ និង​ចុច​ទូរស័ព្ទ​ប៉ុណ្ណោះ ដោយ​មិនបាន​និយាយ​អ្វី​ទាំងអស់​។  ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ព្រមទាំង​អ្នកបើករថយន្ដ​ទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

 

1
adverise with khmeread
Loading ad ...