Yaya Toure: ខ្ញុំ​ចង់ឱ្យ​ក្លឹប Manchester City ធំ​ជាង Manchester United

    ​Yaya Toure និយាយថា មេឃ​ខៀវ Manchester City គឺជា​ក្លឹប​តែមួយគត់ ដែល​គាត់​មាន​អារម្មណ៍​ថា​ទទួលបាន​ក្តី​ស្រឡាញ់​ពី​ប្រិយមិត្ត​។​

​    ​ទីបំផុត​ក្រោយ​បាន​ត្រឡប់​ចូលទៅក្នុង​ឈុត​ជម្រើស​១១​នាក់​ដំបូង​វិញ បន្ទាប់ពី​បាន​ជាប់គាំង​អាជីព​ក្រោម​ការដឹកនាំ​របស់លោក Pep Guardiola អស់​រយៈពេល​ប្រាំ​ខែ ខ្សែបម្រើ​កណ្តាល​ជើងចាស់​រូបនេះ បាន​អះអាងថា គាត់​នៅតែ​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​ជាមួយ​ការងារ​របស់គាត់​នៅឯ​ទឹកដី Etihad ។​

​    ​កុងត្រា​កម្រៃ​ប្រាក់​ឈ្នួល​តម្លៃ ២៣០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​របស់​តារាបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ នឹងត្រូវ​បញ្ចប់​នៅ​ទីផ្សារ​រដូវក្តៅ​ខាងមុខ ហើយ​គាត់​មិនទាន់​ចុះចាញ់​ទៅលើ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​ថ្មី​របស់គាត់​នោះឡើយ ខណៈដែល​គាត់​កំពុង​សម្លឹង​ឃើញ​ក្នុងការ​ឈ្នះ​ពាន​ដទៃទៀត និង​ជួយ​ឱ្យ​មេឃ​ខៀវ​ទីបំផុត​ក្លាយទៅជា​ក្លឹប​ដែល​ធំ​ជាង​គូប្រជែង​រួម​តំបន់​របស់ខ្លួន​បិសាច​ក្រហម Manchester United ។​

​    ​តារាបាល់ទាត់​វ័យ ៣៣​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា "​ខ្ញុំ​នឹង​ផ្តល់​កម្លាំងចិត្ត ១០០​ភាគរយ​សម្រាប់​ក្លឹប សម្រាប់​ប្រិយមិត្ត​ទាំងនេះ​។ ប្រិយមិត្ត​ទាំងនេះ គឺជា​ប្រិយមិត្ត​តែមួយគត់​ដែល​បាន​ច្រៀង​ចម្រៀង​ពី​ឈ្មោះ​របស់ខ្ញុំ​។ ខ្ញុំ​ធ្លាប់បាន​លេង​បាល់​ច្រើនណាស់​មកហើយ ពេលដែល​អ្នក​សម្លឹង​ឃើញ​នូវ​ស្ថិតិ​ទាំងអស់​របស់ខ្ញុំ ប៉ុន្តែ​នៅឯ​មេឃ​ខៀវ ប្រិយមិត្ត​នៅ​ក្លឹប​មួយ​នេះ គឺជា​ប្រិយមិត្ត​មួយ​ដែល​តែងតែ​ច្រៀ​ន​ចម្រៀង​ពី​ឈ្មោះ​របស់ខ្ញុំ ផ្តល់​សុភមង្គល​ដល់​គ្រួសារ​ខ្ញុំ​។ ប្រសិនបើ​ខ្ញុំ​អាច​ធ្វើបាន​ច្រើនជាង​នេះ ខ្ញុំ​នឹងធ្វើ​វា​។ ពេលដែល​ខ្ញុំ​បាន​ចុះហត្ថលេខា​សម្រាប់​មេឃ​ខៀវ ខ្ញុំ​បានធ្វើ​ដំណើរ​មក​ក្លឹប​នេះ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​ចង់ឱ្យ​ក្លឹប​នេះ​ផ្លាស់ប្តូរ ខ្ញុំ​ចង់ឱ្យ​ក្លឹប​នេះ​គឺ​ធំ​ជាង Manchester United "៕

adverise with khmeread