samsung-banner
adverise with khmeread

ចុះ​ត្រួតពិនិត្យ​នៅ​សង្កាត់​ជើងឯក រកឃើញ​ជនបរទេស ​៣៨ ​នាក់ គ្មាន​ប័​ណ្ឌ​ការងារ

Unnamed %281%29

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស នៃ​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ប៉ូលិសអន្តោប្រវេសន៍​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ការ​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​បុរី​កម្មករ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​នៅវេលា​ម៉ោង​៦ ព្រឹក​ថ្ងៃទី​២១ ធ្នូ ឆ្នាំ​២០១៦​នេះ​រកឃើញ​ជនបរទេស ​៣៨ ​នាក់​គ្មាន​ប័​ណ្ឌ​ការងារ។​

    ប្រតិបត្តិ​ការចុះ​ត្រួត​ពិ​និ​ត្រ​ខាងលើ​នេះដែរ​ធ្វើឡើង ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ។​

    ជា​លទ្ធផល​សមត្ថកិច្ច បាន​រកឃើញ​ជនជាតិ​យួន​ចំនួន ​៣៨ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ប៉ុន្តែ​ពួកគេ​គ្មាន​លិខិតអនុញ្ញាត​ការងារ ដូច្នេះហើយ​សមត្ថកិច្ច​ពុំបាន​ធ្វើការ​ឃាត់ខ្លួន​ជន​ទាំង ​៣៨ ​នាក់​ឡើយ គ្រាន់តែ​ធ្វើការ​ដកហូត​លិខិតឆ្លងដែន​របស់​ពួកគេ យកទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រង់ចាំ​ម្ចាស់​សម៉ីបុគ្គល​ចូលខ្លួន​ទៅ​បង់ពិន័យ ចំពោះ​លិខិត​ការងារ តាមច្បាប់​អន្តោប្រវេសន៍។​

    ឧ​ត្ត​ម​សេនីយ៍​ទោ​ ​អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យដឹងថា ចំពោះ​ជនបរទេស​ណា ដែល​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួកគេ​នឹងត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំបែបបទ​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅពេល​ខាងមុខ។​

    ដោយឡែក​ចំពោះ​ជន​ដែលមាន​ច្បាប់​អនុញ្ញាតឱ្យ​រស់នៅ​ស្របច្បាប់ ប៉ុន្តែ​គ្មាន​លិខិតអនុញ្ញាត​ការងារ ពួកគេ​នឹងត្រូវ​ពិន័យ ៥០ ​ម៉ឺន​រៀល​ចូល​រដ្ឋ រួច​រង់ចាំ​ផុត​ទិ​ដ្ឋ​កា​នៃ​ការអនុញ្ញាត​ច្បាប់​រស់នៅ ទើប​សម្រេច​ធ្វើការ​បណ្តេញចេញ​ជា​ក្រោយ៕