បើករថយន្ត​បុក​រថ​យន្ត​កុងតឺន័រ​ពីក្រោយ រួច​រើ​យ៉ែ​ថយ​បើក​រត់គេច បែរជា​ជ្រុល​បុក​ជញ្ជាំង​ផ្ទះ​គេ​ខ្ទេច​ឡាន​ទាំងស្រុង និង រងរបួស​ធ្ងន់​ខ្លួនឯង ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ទំនងជា​ភ័យ​ស្លន់ស្លោ​ចង់​គេចវេស​ពី​ការទទួលខុសត្រូវ បុរស​ម្នា​ក់បាន បើករថយន្ត​រឺ​យ៉ែ​ថយក្រោយ យ៉ាង​លឿន​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​ខ្ទេច​រថយន្ត ទាំងស្រុង និង​ខូចខាត​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ​២ ​ល្វែង បន្ទាប់ពី​អ្នកបើកបរ​រូបនេះ​បើក រថយន្តបុក រថយន្ត​កុងតឺន័រ ​១ ​គ្រឿង​ពីក្រោយ រួច​ព្យាយាម​រត់គេច​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​បុរី​ពិភពថ្មី ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។ 

    រថយន្ត​បង្ក​មាន​ម៉ាក​កាមរី ​(​ឆ្លាម​)​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-7765 បើកបរ​ដោយ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ​។ រីឯ​រថយន្ត​កុងតឺន័រ មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​នោះទេ ព្រោះ​សាក្សី​អះអាងថា រង​ការខូចខាត​តិចតួច។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ម៉ាក​កាមរី​ (​ឆ្លាម​) ​បើក​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បាន​ជ្រុល​ទៅ បុក​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ មួយគ្រឿង​ទៀត ដែល​កំពុង​បើកបរ​ស្របគ្នា​។​

    ខណៈនោះ​អ្នកបើក​បររថ​យន្តកា​ម​រី​មិន​ព្រម​ឈប់​ដោះស្រាយ​គ្នា​នោះទេ បាន​ព្យាយាម​បើក​រត់ គេចខ្លួន ដោយ​បើក​ថយក្រោយ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ចូលទៅក្នុង​បុរី​ពិភពថ្មី​នៅ​ជិត​នោះ ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះ ល្វែង​មួយ​នៅ​ខាងឆ្វេង​ដៃ បណ្ដាលឱ្យ រថយន្ត​នោះ ក្រពឹត​រួញ​ខ្ទេច​មួយ​កំណាត់​ក្រោយ​ទាំងស្រុង​។​

    បន្ទាប់មក បាន​បើក​ទៅមុខ​វិញ​ម្ដង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ប៉ុន្តែ​មិនអាច​ទៅ​ត្រង់​បានទេ ព្រោះ​ខូច​មួយ​កំណាត់​ក្រោយ​មិន​ដំណើរការ​ទៅហើយ ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះល្វែង​មួយទៀត ដែល ស្ថិតនៅ ខាងស្ដាំ​ដៃ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​រង​ការខូចខាត​ក្រពឹត​រួញ​មួយ​កំណាត់​មុខ​ទៀត ទើប​ទៅមុខ លែងរួច​ហើយ​បុរស​អ្នកបើក​បររថ​យន្តកា​ម​រី​នោះ បាន​រងរបួស​យ៉ាងដំណំ និង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​ដែរ៕

 

adverise with khmeread