ជួប​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ផ្តល់​សេវា​វាយ​ស្រី​ផិតក្បត់ រហស្សនាម "​ឃាតករ​ប្រល័យ​ស្រី​លួចលាក់​"

​    ​សង្ស័យ ស្វាមី​លួច​មាន​សហាយស្មន់​មែន​ទេ​? គ្រាន់តែ​តេ​ទៅរក "​ឃាតករ​ប្រល័យ​ស្រី​លួចលាក់​" ជាការ​ស្រេច​។​

​    ​កាសែត Global Times ថ្មីៗ​នេះ​បានចេញ​ផ្សាយ​អំពី​ប្រវត្តិ​របស់លោក​ស្រី Zhang Yufeng ដែល​ជាង​មួយ​ទសវត្សរ៍​មកនេះ​បានជ្រើសរើស​អាជីព​ផ្តល់​សេវា​ជួយ​ប្រពន្ធ​ចិន​ទាំងឡាយ​សងសឹក​ដោយ​ហិង្សា​លើ​ស្រី​លួចលាក់​ដែល​ហ៊ាន​ផិត​ជាមួយ​ប្តី​ពួកគាត់​។ ច្រើន​ឆ្នាំ​មកនេះ លោកស្រី Zhang Yufeng បាន​ជួយ​ស្ត្រី​រាប់ពាន់នាក់​ប្រមូល​ភស្តុតាង​ផិតក្បត់​របស់​ប្តី​សម្រាប់​ឡើងទៅ​តុលាការ និង​ជួនកាល​បាន​ណែនាំ​ពួក​ភរិយា​ទាំងនោះ​ពី​របៀប​វាយ​នារី​លួចលាក់​ទាំងនោះ​ឱ្យ​ខ្មាស់​គេ​ទៀតផង​។ 

​    ​លោកស្រី Zhang Yufeng ដែល​គេ​ល្បី​ហៅថា "​ឃាតករ​ប្រល័យ​ស្រី​លួចលាក់​" ត្រូវបាន​ជំរុញ​ទឹកចិត្ត​ឱ្យ​បើកមុខ​របរ​នេះ បន្ទាប់ពី​ស្វាមី​លោកស្រី​បាន​ផិតក្បត់​គាត់​ក្នុង​ទសវត្សរ៍ ១៩៩០ និង​សុំ​គាត់​លែងលះ​។ លោកស្រី​និយាយទៀតថា "​ខ្ញុំ​បាន​សម្ងំ​ក្នុងផ្ទះ​អស់​មួយ​សប្តាហ៍​។ នៅពេល​ខ្ញុំ​ចេញ​ក្រៅ សក់​ខ្ញុំ​ប្រែជា​ស្កូវ ហើយ​មនុស្ស​ជាច្រើន​និយាយថា​ខ្ញុំ​មើលទៅ​ដូចជា​ស្រក​ទម្ងន់ ១០ គីឡូក្រាម​"​។ 

​    ​ជាជាង​ទុក​ខ្លួនឯង​ឱ្យមើល​ទៅ​គួរឱ្យ​អាណិត លោកស្រី Zhang Yufeng បានសម្រេច​ចិត្ត​សងសឹក​វិញ​។ លោកស្រី​បាន​លះបង់​ខ្លួនឯង​ដើម្បី​តាមដាន​ប្តី​ចិត្ត​មិន​ស្មោះ​របស់គាត់ និង​ស្រី​សហាយ​នោះ ខណៈ​ពួកគេ​ចេះតែ​ប្តូរ​ផ្ទះមួយ​ទៅផ្ទះ​មួយទៀត​ក្នុង​បំណង​រត់គេច​ពី​លោកស្រី​។ មិនយូរប៉ុន្មាន ស្ត្រី​ចំណាស់​ម្នាក់​បានមក​រក​លោកស្រី Zhang Yufeng ដោយ​សុំ​គាត់​ឱ្យជួយ​កូនស្រី​ម្នាក់ ដែល​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ដឹងថា​ប្តី​នាង​លួច​មាន​ស្រី​។​

​    ​មុនពេល​លោកស្រី Zhang Yufeng ចេញមុខ​ទៅ​ជួយ​កូនស្រី​របស់​ស្ត្រី​ចំណាស់​នោះ នារី​វ័យក្មេង​នោះបាន​ធ្វើអត្តឃាត​បាត់ទៅ​ហើយ​។  នៅពេល​លោកស្រី Zhang Yufeng សួរ​ស្ត្រី​ចំណាស់​នោះ​ថា​ម៉េច​មិន​ប្តឹង​ប្តី​ក្បត់​នោះ​ចំពោះ​ករណី​ស្លាប់​កូនស្រី​គាត់​ទៅ ស្ត្រី​ចំណាស់​នោះ​ឆ្លើយថា គាត់​អត់​មាន​ភស្តុតាង​ទេ​។ គ្រានោះ​ហើយ​ដែល​ធ្វើឱ្យ​លោកស្រី Zhang Yufeng រកឃើញ​គោលដៅ​ក្នុង​ជីវិត​របស់គាត់ គឺ​បើក​ក្រុមហ៊ុន​ជួល​មនុស្ស​តាមដាន​ស្រី​លួចលាក់ ដើម្បី​ប្រមូល​ភស្តុតាង​ប្តឹង​ប្តី​កំហូច​ឡើង​តុលាការ​។​

​    ​លោកស្រី​បាន​បើក​ក្រុមហ៊ុន​នេះ​ក្នុង​ក្រុង​ប៉េកាំង ហើយ​មួយថ្ងៃៗ​មាន​អ្នក​តេ​មករក​គាត់​ជាង ១០០ នាក់​ឯណោះ​។ ជាច្រើន​ឆ្នាំ​មកនេះ គាត់​បាន​ក្លាយជា​តារា​ល្បី​មួយរូប​ក្នុង​ដួងចិត្ត​ភរិយា​ទាំងឡាយ និង​ក្លាយជា​វីរនារី​ចំពោះ​ស្ត្រី​ខ្លះ​ទៀតផង​៕  

ជួប​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ផ្តល់​សេវា​វាយ​ស្រី​ផិតក្បត់ រហស្សនាម "​ឃាតករ​ប្រល័យ​ស្រី​លួចលាក់​"

 

3 adverise with khmeread
ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

Loading ad ...