ហ៊ាន​ណាស់​! ជាងភ្លើង​សណ្ឋាគារ "​ណា​ណា" ​យក​ដំបង​វាយ​បុរសម្នាក់ប្លន់​យកលុយ​ដល់​ក្នុងផ្ទះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​យក​ដំបង​ឈើមូល​វាយយក​លុយ​ជនរងគ្រោះ​ដល់​ក្នុងផ្ទះ​ដោយ​ពាក់​ម៉ាស់​មុខ ហើយ​នៅ​ថ្ងៃទី​២១​ ធ្នូ​ ២០១៦ វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ គង់ សំនៀង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ជាងភ្លើង​សណ្ឋាគារ​ "ណា​ណា" ស្នាក់​នៅក្នុង​សណ្ឋាគារ ​"ណា​ណា" សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ពីបទ​លួច មាន​ស្ថាន​ទម្ងន់ទោស​ (​យក​ដំបង​ឈើមូល​វាយយក​លុយ​)​។​

    ប៉ូលិស​បន្តថា ជនល្មើស​ខាងលើ​បាន​វាយ​ប្លន់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឃុន តុង ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៧៦០ ផ្លូវជាតិ​លេខ​២ ក្រុមទី​១៨ ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៨ ​ធ្នូ ​២០១៦ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៧៦០ របស់​ជនរងគ្រោះ​តែម្តង​។​

    ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​ដែល​បន្សល់​នៅ​កន្លែងកើតហេតុ​រួមមាន ដំបង​ឈើមូល​០១​ដើម ប្រវែង​០៧​តឹក, ស្បែកជើងផ្ទាត់​ជ័រ​ពណ៌​ខ្មៅ​បាត​ពណ៍​ប្រផេះ ម៉ាក​អូ​សា​កា លេខ​៤២ ចំនួន​០១​គូ​, ម៉ាស់​ពាក់​មុខ​ចំនួន​០១។ ​ចំណែក​សម្ភារៈ​ជនរងគ្រោះ​ដែល​បាត់បង់​ប្រាក់រៀល​ចំនួន ៣​ ម៉ឺ​ន​រៀល​។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី កសាង​សំណុំរឿង​តាម​នីតិវិធី៕

Untitled 1
adverise with khmeread