របៀបប្លន់ថ្មី!​ ឆក់​កាបូប​មិនបាន​សម្រេច​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ដួល​ប្លន់​ម៉ូតូ​យកទៅ​បាត់​

    ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​មិនបាន​សម្រេច​បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះមក​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​យកទៅ​បាត់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​រោងចក្រ គង់ ហុង តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    បើតាម​សម្ដី​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ឱ្យដឹងថា ដំបូង​រូបនាង​និង​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ដែល​ទើបតែ​ចេញពី​ធ្វើការ​នៅ​ម្ដុំ​ស្ថានទូត​ចិន​បំណង​ត្រឡប់ទៅផ្ទះ​នៅ​តាខ្មៅ ដោយ​ជិះ​ម៉ូតូ​ម៉ាក ​ZoomerX ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ​1CY-6453 (​ដែល​ចោរ​យកទៅ​បាត់​) និង​មួយគ្រឿង​ទៀត​ម៉ាក​ MSX។​

    ពេល​ជិះ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន​ជិះ​មក​ជិត​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​រូបនាង​តែ​មិនបាន​សម្រេច បណ្ដាលឱ្យ​រូបនាង​ដួល​ម៉ូតូ​។​

    ជនរងគ្រោះ​បាន​បន្តថា ក្រោយពី​ដួល​ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះមក​ទាញយក​កាបូប​ពី​រូបនាង​ទៀត​តែ​នាង​បាន​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ដោយ​ទាញយក​កាបូប​មិនបាន​ទើប​ជនសង្ស័យ​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​គ្នា​តាម​វិទ្យុទាក់ទង​ឱ្យជួយ​មើល​ភិនភាគ​ជនសង្ស័យ​និង​ម៉ូតូ​ជនរងគ្រោះ ហើយក៏​បានឃើញ​ម៉ូតូ​មួយគ្រឿង​នៅក្នុង​ផ្ទះសំណាក់ ហេង វេ​ង​ស្រេង ដែលមាន​ភិនភាគ​ស្រដៀង​នឹង​ម៉ូតូ​របស់​ជនរងគ្រោះ​និង​ស្នាម​កាច់​ស្លាក​លេខ​ផង​នោះ​ទើប​សមត្ថកិច្ច​នាំ​ជនរ​ង​គ្រោះ​ទៅ​មើល​តែ​ជនរងគ្រោះ​បាន​ឆ្លើយថា​មិនមែនជា​ម៉ូតូ​របស់ខ្លួន​ទេ​។​

    ក្រោយមក​ទើប​សមត្ថកិច្ច​យក​ម៉ូតូ​ដែល​សង្ស័យ​រួមទាំង​ម្ចាស់​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចំកា​មន។ ​ចំណែក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ​ដើម្បីឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​៕

Unnamed adverise with khmeread

មតិយោបល់