ញាក់សាច់! បែកថ្នាំបើកឡានដឹកដីបុករះរថយន្តម៉ូតូជាង ៣០ គ្រឿងនៅបាងកក

    អ្នកបើកបរបែកថ្នាំក្នុងរថយន្តកង់៦ បានបើកបុកយានជំនិះ ៣៦ គ្រឿង ខណៈកំពុងបើកបរនៅតំបន់ Ekamai ក្រុងបាងកកកាលពីថ្ងៃពុធម្សិលមិញ។ 

    យោងតាមកាសែតបាងកកប៉ុស្តិ៍ អ្នកបើកបរឈ្មោះ Ekapot Yotsiri អាយុ ២៧ ឆ្នាំ កំពុងបើកបរទាំងបែកថ្នាំម៉ាទឹកកក នៅពេលរូបគេបើករថយន្តបុករះបំផ្លិចបំផ្លាញយានយន្តគេដទៃ។ កាសែតនេះរាយការណ៍ថា មនុស្សបីនាក់បានរងរបួស។ 

    មេប៉ូលិសក្រុងលោក Sanit Mahathavorn បានប្រាប់អ្នកកាសែតថា Ekapot Yotsiri ត្រូវបានឆែកឆេររកឃើញថ្នាំម៉ាទឹកកក ១,៩៣ ក្រាម ហើយរូបគេនិយាយថា សេពថ្នាំនេះដើម្បីបន្ថយស្ត្រេស ក្រោយពីភរិយាចាកចេញចោលគាត់។ 

    លោកមេប៉ូលិសបានបន្ថែមថា បុរសនេះត្រូវប៉ូលិសម្នាក់បញ្ឈប់ចំពោះការបើកបរលើផ្លូវសម្រាប់រថយន្តក្រុង ហើយឧបទ្ទវហេតុទីមួយបានកើតឡើង នៅពេលរថយន្តរបស់គាត់បុកម៉ូតូប៉ូលិសមួយគ្រឿង។ បន្ទាប់មករថយន្តធំនោះបានបន្តបុករថយន្ត ៣០ គ្រឿង និងម៉ូតូ ៦ គ្រឿង។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។ បន្ទាប់មកទៀត Ekapot Yotsiri បានរត់គេចខ្លួនឆ្ពោះទៅស្ថានីយ៍រថភ្លើង BTS Ekamai។ 

    ពលបាលត្រីជាន់ខ្ពស់ Chamnarn Boonvitayakul ដែលជិះលើម៉ូតូរងគ្រោះថ្នាក់ដែរនោះ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា "បើគាត់ (Ekapot Yotsiri) មិនអាចទៅមុខបាន គាត់បើកថយក្រោយ គ្មានខ្វល់ថាសកម្មភាពគាត់អាចបង្កការបំផ្លាញដល់អ្នកដទៃទេ"។ 

    Ekapot Yotsiri តាមសេចក្តីរាយការណ៍នឹងត្រូវចោទប្រកាន់ពីបទកាន់កាប់គ្រឿងញៀន បើកបរធ្វេសប្រហែស និងរត់គេចខ្លួនពីកន្លែងកើតហេតុ៕ 

ប្រភព៖បរទេស

Untitled 1 adverise with khmeread
Loading ad ...