កំពត ៖ ប៉ូលិសតាមបណ្តាស្រុកក្នុងខេត្តកំពតបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៥ ករណីផ្សេងគ្នាដោយឃាត់ខ្លួនបានជនសង្ស័យ ៩ នាក់ ហើយបាននិងកំពុងចាត់ការតាមនីតិវិធី។
ករណីទី១ ៖ ប៉ូលិសស្រុកឈូក នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១២ និង១៥នាទី បង្ក្រាបបានករណីចែកចាយគ្រឿងញៀន នៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក។ ឃាត់ខ្លួនបានជនសង្ស័យម្នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ជ ណុប ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងរុន ឃុំតាកែន ស្រុកឈូក និងដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ករណីទី២ ៖ ប៉ូលិសស្រុកបន្ទាយមាស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២ និង១៥នាទី រសៀលបង្ក្រាបបានករណីប្រើប្រាស់គ្រឿងញៀន នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យ គឺ ១.ឈ្មោះ ឡុង ធុរៈ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស និង២.ឈ្មោះ សឿន តូច ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត និងដកហូតបានថ្នាំញៀនចំនួន២កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ករណីទី៣ ៖ ប៉ូលិសស្រុកឈូកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១១បង្ក្រាបបានករណីចែកចាយគ្រឿងញៀន នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យគឺ ១.ឈ្មោះ ញឹម ជ្រឿន ភេទប្រុស អាយុ២៣ឆ្នាំ និង២.ឈ្មោះ រឿង រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ-ឃុំខាងលើ និងដកហូតបានថ្នាំញៀនចំនួន ០៣កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ករណីទី៤ ៖ ប៉ូលិសស្រុកអង្គរជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០យប់បង្ក្រាបបានករណីប្រើប្រាស់ថ្នាំញៀន នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យគឺ ១.ឈ្មោះ អ៊ុំ កំសាន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ, ២.ឈ្មោះ ជ្រុន វ៉ាន់ដុង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ និង៣.ឈ្មោះ អ៊ុំ វិត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ និងដកហូតបានឧបករណ៍និងសម្ភារៈសម្រាប់ជក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
ករណីទី៥ ៖ ប៉ូលិសស្រុកកំពង់ត្រាច នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីល្ងាចបង្ក្រាបបានករណីចែកចាយថ្នាំញៀន នៅភូមិថ្កូវ ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចដោយ ឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លឹម តាន់ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិថ្កូវ ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច និងដកហូតបានថ្នាំញៀនចំនួន ០២ កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ០១កញ្ចប់) ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕
