ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់​ជនសង្ស័យ​ ៦​ នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ និង​លួច​

    ព្រះសីហនុ ៖ ការជួញដូរ​ និង​ប្រើប្រាស់​ថ្នាំញៀន​កំពុង​រីក​រាលដាល​គ្រប់​ទីកន្លែង ជាពិសេស​នៅ​ក្រុងព្រះសីហនុ ដែល​តំបន់​ខ្លះ​ត្រូវបាន​គេ​មើលឃើញថា ពួក​ប្រើ​គ្រឿងញៀន​បាននឹងកំពុង​គ្របដណ្តប់​មកលើ​ពលរដ្ឋ​ស្លូតត្រង់​រហូតដល់​ថ្នាក់​ពួកគាត់​មិន​ហ៊ាន​ដើរ​ពេលយប់ ព្រោះ​ពួកនេះ​បាន​កាង​យក​អស់ហើយ។​

    យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ក៏បាន​​សាទរ​ដល់​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បង្ក្រាប​ជា​បន្តបន្ទាប់ ដើម្បី​ឈានដល់​គោលដៅ​មួយ​ធ្វើឱ្យ​ភូមិ​-​ឃុំ​របស់ខ្លួន​មាន​សុវត្ថិភាព។​ ជាក់ស្តែង​ជនសង្ស័យ​ ៦​ នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ និង​លួច​។​

    ករណី​ទី​១-​នៅ​ថ្ងៃទី២០​ ធ្នូ​ ២០១៦ ​វេលា​ម៉ោង​៥​ល្ងាច​នៅ​ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ បែន សុភា​រី ភេទ​ប្រុស អាយុ២៩​ឆ្នាំ ដកហូត​បាន​វត្ថុតាង​ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ធំ ស្មើ 13,50​ ក្រាម។​

    ករណី​ទី​២-​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង១១ ​និង​៣០​នាទី​យប់​នៅ​ក្រុមទី​៣ ភូមិ​១១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​នាក់ គឺ​១-​ឈ្មោះ សេង តូ ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ​និង​២-​ឈ្មោះ សៀង ភា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ២​កញ្ចប់​ធំ និង​១១​កញ្ចប់​តូច។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំ​រឿង ដើម្បី​បញ្ជូន​ជនល្មើស​ទាំង ៣ ​នាក់ ទៅកាន់​តុលាការ។​

    ករណី​ទី​៣៖ នៅ​រសៀល​ថ្ងៃ​ដដែល​នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កម្លាំង ប៉ូលិស​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ទៀត​គឺ​១-​ឈ្មោះ ពៅ វាសនា ហៅ តូ​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ ភី ដា​រា ភេទ​ប្រុស អាយុ១៨​ឆ្នាំ​ ​និង​៣-​ឈ្មោះ ហាក់ តាក់ ភេទប្រុស អាយុ​២៣​ឆ្នាំ  ​ពាក់ព័ន្ធ​ពីបទ​លួច​សម្ភារៈ​ជន​បទេស​តាម​ឆ្នេរសមុទ្រ កាលពី​ថ្ងៃទី​២៩ ​វិច្ឆិកា ​ឆ្នាំ​២០១៦ កន្លងទៅ៕

adverise with khmeread