ឆ្លង​ចរន្ត​អគ្គិសនី​ឆាបឆេះ​បន្ទប់​ជួល​កម្មករ​ចំនួន ៤​ បន្ទប់​

    ភ្នំពេញ ​៖ បន្ទប់​ជួល​កម្មករ​ចំនួន ៤​ បន្ទប់ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់ បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​អស់ទាំង​ស្រុង​។​

    អគ្គិភ័យ​នេះ កើតឡើង​ខណៈដែល​កម្ម​ករ​កម្មការិនី​ចាក់សោ​បន្ទប់​ចេញទៅ​ធ្វើការ​អស់ ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​សេរីភាព ក្បែរ​ផ្សារ​សាំ​ហាន់ ស្ថិតនៅក្នុង​ក្រុម​៥ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បន្ទប់​លេខ​៩ មាន​ឆ្លង​ចរន្តអគ្គិសនី​តាំងពី​ល្ងាច​មក ដោយបាន​ឆេះ​កង្ហារ​ចំនួន ២ ​គ្រឿង​។​

    លុះ​មកដល់​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​នេះ ក៏​ឆ្លង​ចរន្តអគ្គិសនី​ម្តងទៀត បាន​បណ្តាល​ឱ្យចេញ​ផ្សែង​ហ៊ុយៗ និង​មាន​ជា​អន្តាតភ្លើង​ឆេះឆាប​ពេញ​ក្នុង​បន្ទប់ ហើយក៏​ឆេះ​រាយ​ដាល​ទៅ​បន្ទប់​ដែល​នៅក្បែរនោះ​។​

    ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែង​ហេតុ បាននាំគ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​មក​បាញ់​ពន្លត់ នឹង​អន្តរាគមន៍ ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​អន្តរាគមន៍ ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ ដើម្បី​បាញ់​ពន្លត់​។​

    បន្ទប់​ទាំង ៤ ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នេះ គឺមាន​បន្ទប់​លេខ​៦ ម្ចាស់​ឈ្មោះ ឃុន រដ្ឋា ភេទ​ស្រី អាយុ២៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ជ្រនាង ឃុំ​ជ្រលង ស្រុក​បារាយ ខេត្តតាកែវ​, បន្ទប់​លេខ​៧ ម្ចាស់​ឈ្មោះ នៅ សុគន្ធ ភេទ​ប្រុស អាយុ៤២​ឆ្នាំ មុខរបរ បើកបរ​រថយន្ត មាន​ស្រុកកំណើត​ភូមិ​បឹង​រាំ ឃុំ​បឹង​ក្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​, បន្ទប់​លេខ​៨ ម្ចាស់​ឈ្មោះ ធេ​ត ភេទ​ស្រី អាយុ២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​កំ​ផ្លាក ឃុំ​បារាយ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​បន្ទប់​លេខ​៩ ម្ចាស់​ឈ្មោះ គឹម កញ្ញា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​កង​តា​នឹង ឃុំ​កង​តា​នឹង ស្រុក​កំពង់​មាស ខេត្តកំពង់ចាម បន្ទប់​ទាំង ៤​នេះ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​។​

    សូមបញ្ជាក់​ផងដែរ មូល​ហេតុដែល​បណ្ដាលឱ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ហើយ​អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង៩ ​និង​៥០​នាទី​ព្រឹក​ថ្ងៃខែ​ដ​ដែល ដោយសារ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ចំនួន ៤​ បំពង់ ទើប​អគ្គិភ័យ​នេះ មិន​បណ្ដាលឱ្យ​ឆាបឆេះ​ដល់ផ្ទះ​ដែល​ជាប់​គ្នា​៕

Unnamed adverise with khmeread