បើក​ម៉ូតូ​បុក​គោយន្ត​ឈប់​ស្ងៀម​ពេលយប់​ស្លាប់​ភ្លាម​

    កំពង់ស្ពឺ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាម​ខណៈ​បើក​ម៉ូតូ​បុក​គោយន្ត​នៅតាម​ផ្លូវលំ​ចំណុច​ភូមិ​តា​ដែ​ស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២១ ​ខែធ្នូ ​ឆ្នាំ​២០១៦​។​

    ប៉ូលិស​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​ម៉ាក​ហុងដា ​SL ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1H-9286​ បើកបរ​ដោយ​ឈ្មោះ ឌុំ ទូច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

    ជនរងគ្រោះ​បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់ បុក​គោយន្ត​ពីក្រោយ​របស់​ឈ្មោះ ស៊ុម ផៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លៃ​ចាស់ ឃុំ​ពោធិ៍​ចំរើន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈ​កំពុង​ឈប់​តាមផ្លូវ​បណ្តាលឱ្យ​ដួល​ម៉ូតូ​បោក​ត្រូវចំ​ក្បាល​ឈ្មោះ ឌុំ ទូច ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​ ម្ចាស់​គោយន្ត​រត់​បាត់​។​

    ក្រោយ​កើតហេតុ​ប៉ូលិស​ចរាចរណ៍​ស្រុក​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សង្កែ​សាទ​ប កម្លាំង​ប្រជា​ការពារ​ភូមិ​អន្លង់​សង្កែ ចុះ​ត្រួតពិនិត្យ វាស់វែង​កន្លែងកើតហេតុ​ហើយ​បានប្រគល់​សព​ជនរងគ្រោះ​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ម៉ូតូ​និង​គោយន្ត​យកទៅ​រក្សាទុក​នៅ​អធិការ​ប៉ូលិស​ស្រុក​ឱ​រ៉ា​ល់​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

Unnamed
adverise with khmeread
Loading ad ...