បុរស​បែក​ថ្នាំ​ម្នាក់​ឡើងលើ​កាប៊ីន​ភ្លើង​លោត​ចុះមក​ក្រោម​ស្លាប់​ភ្លាម

    ភ្នំពេញ ៖ បុរស​អនាថា​ម្នាក់​ដែល​គេ​ស្គាល់​ជា​មនុស្ស​ញៀន​ថ្នាំ​បាន​ឡើងលើ កាប៊ីន​ភ្លើង ហើយ​លោត​ចុះមក​ក្រោម​បណ្ដាលឱ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការ​ភ្ញាក់​នៅវេលា​ម៉ោង​៩​ និង​១៥​នាទី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ លោត​ពីលើ​កាប៊ីន​ភ្លើង​កំពស់​៥​មែត្រ​នៅ​ចំណុច​មុខ​កាប៊ីន​ភ្លើង​ ប​.​ត​០៨២ ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​ទី​១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស​ អាយុ​ប្រហែល២៥​ឆ្នាំ​ជនជាតិខ្មែរ​។ តាម​ការបំភ្លឺ​ពី​កម្លាំង​ប្រជា​ការពារ​របស់​សាលាខណ្ឌ​ដូនពេញ​ឱ្យដឹងថា ជនរងគ្រោះ ធ្លាប់​ត្រូវបាន​បែក​ថ្នាំ​ហើយ​បាន​ប្រមូល​យកទៅ​មណ្ឌល​ឱកាស​ខ្ញុំ​ម្តង​រួចមកហើយ​។ ជនរងគ្រោះ​ក៏​ជា​មនុស្ស​អនាថា និង​ញៀន​ថ្នាំ ហើយ​ទំនងជា​មានបំណង​ឡើង​ចង់​លួច​ទ្រព្យសម្បត្តិ តែ​ដោយមាន​ឆ្កែ​ព្រូស​ខ្លាំងពេក​ខ្លាច​ម្ចាស់មក​ទាន់​ទើប​លោត​ចុះមក​ក្រោម​តែម្ដង​។​

    នៅ​កន្លែងកើតហេតុ​គឺ​ពុំមាន​ប្រភពព័ត៌មាន​ណាមួយ​បញ្ជាក់​ច្បាស់​នោះទេ សូម្បីតែ​ម្ចាស់ផ្ទះ​ដែល​សមត្ថកិច្ច​ឡើង​ពិនិត្យឃើញ​ស្នាមជើង​ជនរងគ្រោះ​ឡើងលើ​ដំបូលផ្ទះ​ក៏​មិន​ហ៊ាន​និយាយ​ដែរ​គឺ​គ្រាន់តែ​ឆ្លើយថា​មិនដឹង​អ្វី​ទាំងអស់​។​

    តាម​ការពិនិត្យ​កោសល្យវិច្ឆ័យ​របស់​កា​រិ​យា​ល័យបច្ចេកទេស​និង​គ្រូពេទ្យ​គឺ​ពិតជា​ករណី​លោត​ពីលើ​កាប៊ីន​ភ្លើង​បណ្តាលឱ្យ​ស្លាប់​ប្រាកដ​មែនហើយ និង​ពិនិត្យ​លើទឹក​នោម​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​។​

    ក្រោយពី​ធ្វើការ​ពិនិត្យ​កោសល្យវិច្ឆ័យ​រួច សព​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹក​យកទៅ​បូជា​នៅ​វត្ត​សំបួរមាស ខណ្ឌដង្កោ​៕

Untitled 1
adverise with khmeread
Loading ad ...