ទៅផ្ទះ​មិត្តភក្តិ​ពឹង​ជួយ​ចង​ក្រវ៉ា​ត់ក រក​មិត្ត​មិនឃើញ បើកឡាន​យ៉ាង​លឿន​ដើម្បី​ទាន់ពេល​សម្ភាសន៍​ការងារ ស្រាប់តែ​ប៉ូលិស​តាម​ពីក្រោយ​! និស្សិត​វ័យក្មេង​ខំ​តែ​ភ័យ​បែកញើស​...

    ​គេ​តែង​និយាយថា ប៉ូលិស​មាន​តួនាទី​បម្រើ​និង​ការពារ​ប្រជាពលរដ្ឋ ប៉ុន្តែ​ចំពោះ​ប៉ូលិស​នៅ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​រូប​នេះ​វិញ​ហាក់​ធ្វើការ​លើស​តួនាទី​របស់ខ្លួន ដើម្បី​ប្រាកដថា និស្សិត​ម្នាក់នេះ​ស្លៀកពាក់​បាន​ត្រឹមត្រូវ មុននឹង​ចូលទៅ​សម្ភាសន៍​ការងារ​។​

​    ​វីដេអូ​ដ៏​កម្រ​ថ្មី​មួយ​នេះ​បានបង្ហាញ​ពី​មន្ត្រីប៉ូលិស​ឈ្មោះ Martin Folczyk បាន​បញ្ឈប់​និស្សិត​សាកលវិទ្យាល័យ University of Wisconsin-Stout ម្នាក់​ដោយសារ​រូបគេ​បើកបរ​លឿន​ហួសកំណត់ ប៉ុន្តែ​នៅ​ចុងក្រោយ​លោក​ប៉ូលិស​បែរជា​ជួយ​និស្សិត​រូបនោះ​ចង​ក្រវ៉ាត់​ក​ទៅវិញ​។​

​    ​និស្សិត​រូបនេះ​បាន​ពន្យល់​លោក Folczyk បន្ទាប់ពី​លោក​ប៉ូលិស​ប្រាប់ថា​រូបគេ​បើក​លឿន​ពេក យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​ត្រូវតែ​ចង​ក្រវ៉ា​ត់ក​។ ខ្ញុំ​មាន​បទសម្ភាសន៍​ការងារ​ហើយ​ខ្ញុំ​ស្មានតែ មិត្តភក្តិ​ខ្ញុំ​នៅផ្ទះ ខំ​តែ​ចូលទៅ​ពឹង​ជួយ​ចង​ក្រវ៉ា​ត់ក​...​ខ្ញុំ​ច្បាស់​ជា​យឺតយ៉ាវ​ហើយ​"​។​

​    ​នៅពេល​លោក Folczyk សួរថា ហេតុអ្វី​បានជា​រូបគេ​បើក​លឿន​ម្ល៉េះ និស្សិត​នោះ​និយាយថា គាត់​ទើប​ដឹងថា​មិត្តភក្តិ​មិន​នៅផ្ទះ ទើប​ប្រញាប់​ស្ទុះ​ដំណើរ​មក​លឿន​ឱ្យទាន់ពេល​។ 

​    ​និស្សិត​រូបនេះ​បាន​បន្តថា "​គេ​ជា​មិត្តភក្តិ​ល្អ​ម្នាក់​របស់ខ្ញុំ ហើយ​គាត់​ដឹង​ពី​របៀប​ចង​ក្រវ៉ា​ត់ក តែ​និយាយ​តាម​ត្រង់​ខ្ញុំ​ពិតជា​មិនដឹង​ចង​របៀប​ម៉េច​មែន​"​។​

​    ​លោក Folczyk បាន​សួរ​និស្សិត​ថា "​ឯណា​ក្រវ៉ាត់​ករ​បស់​ឯង​?"​។ បន្ទាប់មក​និស្សិត​រូបនោះ​បាន​ទាញ​ក្រវ៉ាត់​ក​ពណ៌​ផ្កាឈូក​របស់ខ្លួន ហើយ​លោក​ប៉ូលិស​ក៏បាន​បង្ហាញ​ពី​របៀប​ចង​ដល់​រូបគេ​។ ខណៈ​លោក​ប៉ូលិស​បង្ហាញ​ពី​បៀ​ប​ចង និស្សិត​រូបនោះ​ក៏បាន​បង្ហាញ​ភស្តុតាង​ធានារ៉ាប់រង និង​ប័ណ្ណបើកបរ​របស់ខ្លួន​ទៅឱ្យ​ប៉ូលិស​។​

​    ​វីដេអូ​នេះ ដែល​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​បំពាក់​លើ​រថយន្ត​ប៉ូលិស ត្រូវបាន​បញ្ចេញ​ដោយ​នាយកដ្ឋាន​ប៉ូលិស Menomonie កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​វេ​ប​សាយ KMSP​។​

​    ​បន្ទាប់ពី​នោះមក​វីដេអូ​នេះ​ក៏​ចាប់ផ្តើម​ល្បី​រន្ទឺ ហើយ​បាន​ជំរុញ​ឱ្យ​មេ​ប៉ូលិស Menomonie អញ្ជើញ​និស្សិត​ក្នុង​វីដេអូ​ឱ្យមក​កាន់​ស្ថានីយ​របស់ខ្លួន​ដើម្បី​បង្រៀន​រូបគេ​ពី​របៀប​ចង​ក្រវ៉ាត់​ក​ទៀតផង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត