ជួល​បន្ទប់​រស់នៅ​ក្បែរ​គ្នា​បែរជា​ធ្វើ​ចោរ​ឆ្កឹះ​សោ​បន្ទប់​លួច​ទ្រព្យសម្បត្តិ សំខាន់មានភស្ដុតាងហើយមិនខ្ចីសារភាព

    ភ្នំពេញ ៖ ជនសង្ស័យ​ ២​ នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​បន្ទាប់ពី​ពួកគេ​លួច​គាស់​បន្ទប់​ជួល​កម្មការិនី​រោងចក្រ​លួច​ទ្រព្យសម្បត្តិ​កាលពី​រសៀលថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ២​០១៦ នៅ​បន្ទប់​ជួល​មួយកន្លែង​ក្រោយ​ផ្សារ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១- ឈ្មោះ​ ​សុខ ចាន់​ដា​រ៉ា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរសន្តិសុខ​កាណាឌីយ៉ា ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត និង ទី​២-​ឈ្មោះ​ បាវ ឈឹម ភេទ​ប្រុស ​អាយុ​១៦ ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត។

    ចំណែក​ម្ចាស់​បន្ទប់​ដែល​បាន​បាត់​អីវ៉ាន់​មាន​៣​បន្ទប់ ជាប់ៗ​គ្នា ទី​១-​ឈ្មោះ​ ហន  ណាវី ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ មុខរប​កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ ភូមិ​ស្លា ឃុំ​ទ្រា​ស្រុក​ស្ទោង ខេត្តកំពង់ធំ  ស្នាក់នៅ​បន្ទប់​A1, ​ម្ចាស់​បន្ទប់​ទី​២​ឈ្មោះ រុំ​អូន  ភេទ​ស្រី​ អាយុ​១៨ ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​A3. មាន​ស្រុកកំណើត​នៅ ភូមិ​ចំការមន ឃុំ​តា​កែង ស្រុក​ឈូក ខេត្តកំពត និង​ទី​៣-​ឈ្មោះ​ឡុ​ក រី​ម ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​បន្ទប់​លេខ​A4 មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ អ្នក​ទាំង​៣​នាក់​ស្នាក់នៅ​ជាន់​ទី​១​។​

    តាម​សំដី​ឈ្មោះ​ ហន​ ណាវី  បានឱ្យដឹងថា នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ពេលដែល​ពួកនាង​បានចេញ​ពី​មក​ធ្វើការ​សម្រាក​មក​ហូបបាយ​ថ្ងៃត្រង់​សម្ភារៈ​នៅ​ធម្មតា។ ​ពេលនោះ​នាង​ដល់​ម៉ោង​ធ្វើការ​វិញ​ក៏​ចាក់សោ​បន្ទប់​ហើយ​ទៅធ្វើ​ការបាត់​។​

    លុះ​វេលា​ម៉ោង​៥​ល្ងាច​ពេល​ចេញពី​ធ្វើការ​វិញ​មកដល់​បន្ទប់​ស្រាប់តែ​ឃើញ​ទ្វារ​ចំហ​,​ ចំណែក​សម្ភារៈ​នៅ​ខាងក្នុង​ក៏រ​បាត់​រប៉ាយ​និង​បាត់អស់​មួយចំនួន​។​

    ដោយឡែក​មិត្ត​ភក្តិ​ដែល​នៅ​បន្ទប់​ជាប់ៗ​គ្នា​នោះ​ក៏ត្រូវ​ចោរលួច​គាស់​បន្ទប់​ដូចគ្នា​ទើប​នាំគ្នា​ទៅប្តឹង​ម្ចាស់ផ្ទះ​។​

    ក្រោយមក​អ្នក​ដែល​នៅក្បែរ​បានមក​ប្រាប់ថា​ឃើញ​មាន​មនុស្ស​ជញ្ជូន​អីវ៉ាន់​ឡើងជា​ន់ទី​៣​ទើប​ម្ចាស់ផ្ទះ​សុំ​មើល​តាម​បន្ទប់។ បន្ទាប់មក​ទើប​ឃើញ​សម្ភារៈ​ដែល​បាន​បាត់​នោះ​នៅក្នុង​បន្ទប់​ជនសង្ស័យ​ដែល​នៅ​ជាន់​ទី​៣​ទើប​នាំគ្នា​ឃាត់​ម្ចាស់​បន្ទប់ ​និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​រងរបួស​ធ្ងន់​។ ក្រោយមក​ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ទទួលយក​ទៅ​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​បដិសេធ​ចំពោះ​សម្ភារៈ​ដែល​នៅ​ខាងក្នុង​បន្ទប់​ខ្លួន តែ​ទោះជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​នៅតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាក់​ការបន្ត​តាម​នីតិវិធី៕

 

adverise with khmeread