Katie Price គ្រោងប្តឹងសណ្ឋាគារនៅទីក្រុង Glasgow ដែលបានបណ្តេញនាងចេញ

          តារាបង្ហាញម៉ូត Katie Price គ្រោងប្តឹង​សណ្ឋាគារមួយនៅ​ទីក្រុង Glasgow ដែល​បាន​បណ្តេញ​នាងចេញ​កាល​ពី​ដើម​ខែនេះ។

          ស្ត្រីកូន៥​រូបនេះ​បានអះអាងថា គ្រឿងអលង្ការដាំត្បូង​ពេជ្រ​តម្លៃ​១០​០.​០​០​០​​ ផោន​ត្រូវ​បាន​គេលួច។ តាមព័ត៌មានថា អ្នក​គ្រប់គ្រងនៅ​សណ្ឋាគារ​ផ្កាយ​បួន Lorne Hotel បាន​ពិនិត្យ​មើល​ក្នុងបន្ទប់របស់នាង ​​ដើម្បីស្វែង​រក​គ្រឿង​អលង្ការ​នោះ ប៉ុន្តែមិនឃើញ​មាន​ទេ។ ពួកគេបានព្យាយាម​ទាក់ទងមក​តារាស្រីរូបនេះ​ មិនតែ​មិន​បាន​ជួបទេ។

          នាយកគ្រប់គ្រងសណ្ឋាគារ​បានប្រាប់​កាសែត The Sun ថា “​​ថ្ងៃដែល​នាងត្រូវ​ស្នើ​ឲ្យ​​​ចាក​ចេញនោះ នាង​បាន​ទូរស័ព្ទ​មក​សណ្ឋាគារ​ហើយ​​អះអាងថា នាងភ្លេច​គ្រឿងអលង្ការ​មាន​តម្លៃ​ ១០០.០០០ ​ផោន​ក្នុង​សណ្ឋាគារនេះ។

          នាយកគ្រប់គ្រងរូបនេះបន្តថា “​យើង​ពិនិត្យ​មើល​ភ្លាម​ៗ​ ប៉ុន្តែ​ទាក់ទងនាង​វិញ​មិន​បាន​។ ដូច្នេះ​យើង​បាន​ឆ្លើយ​តប​តាម​អ៊ីម៉េល​ដែល​នាងបាន​ផ្តល់​ឲ្យ​​ ដើម្បី​ឲ្យ​នាងដឹង​ថា រកមិនឃើញ​អ្វីដែល​នាងភ្លេចនោះទេ”។

          សណ្ឋាគារ​បាន​ប្រាប់កាសែត​ដដែលនេះថា មាន​ការហៅ​ប៉ូលិស​មក​ដែរ​នៅ​យប់​ដែល​នាង​ត្រូវបានបណ្តេញចេញនោះ។

          អ្នកនាំពាក្យម្នាក់បាន​ឲ្យ​ដឹងតាមរយៈ​សេចក្តីថ្លែង​ការណ៍​មួយថា “​ភ្ញៀវ​រូប​នេះ​បង្ហាញ​លក្ខណៈ​រំលោភបំពាន​លើ​បុគ្គលិក​ខ្លាំងពេក​ ហើយដូច្នេះ​អ្នក​គ្រប់​គ្រង​​ប្រចាំវេន​បានយល់​ព្រម​ជូន​ពួកគេ​ឡើង​ទៅបន្ទប់”។

          សេចក្តីថ្លែងការណ៍​នេះបន្តថា នៅពេល​ចូល​ដល់ក្នុងបន្ទប់ ភ្ញៀវរូបនេះ​នៅ​តែ​បន្ត​ប្រមាថមើលងាយ​និង​ធ្វើ​ឲ្យ​មានបញ្ហាកាន់តែធំ​ គប់ចាន​មក​លើ​អ្នក​គ្រប់​គ្រង​ប្រចាំវេន​។ មានការហៅ​ប៉ូលិសមក ហើយបន្ទាប់​ប៉ូលិស​បាន​និយាយជា​មួយ​ភ្ញៀវម្នាក់នេះ​ជិតមួយម៉ោង​ ភ្ញៀវរូបនេះត្រូវបានអញ្ជើញ​ឲ្យ​ចាក​ចេញ​ពី​សណ្ឋាគារតែម្តង”។

          ថ្លែងប្រាប់កាសែត The Sun តារាស្រីរូបនេះ​បាន​បដិសេធ​ថា មិនបាន​បង្ក​បញ្ហាទេ ហើយថា សេចក្តីថ្លែងការណ៍​របស់សណ្ឋាគារគឺជារឿងមិនពិត។

          បើទោះបីជា​មាន​ការអះអាងថា Katie និង​ស្វាមី Kieran រស់នៅជា​មួយគ្នា​ប្រកប​ដោយភាព​រីករាយក៏ដោយ ក៏មិត្តភក្តិ​ជា​ច្រើន​របស់នាង​បារម្ភ​ចំពោះ​អាកប្បកិរិយា​នាពេល​ថ្មីៗ​នេះ៕

Katie 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...