samsung-banner
adverise with khmeread

ឃាត់ខ្លួន​ជនសង្ស័យ​ ១១ ​នាក់​ពាក់​ព័​ន្ធ​ករណី​កាប់សម្លាប់​មនុស្ស នៅ​គល់ស្ពាន​កោះ​ពេជ្រ​

Untitled 1

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌចំការមន​បាន​បង្ក្រាប ករណី​ហិង្សា​ចាក់​ស្លាប់​និង​របួស​ដោយ​ឃាត់​បាន​ជនសង្ស័យ ​១១​​ នាក់​ជា​បន្តបន្ទាប់​។​

    ប៉ូលិស​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​១១​នាក់​នោះទេ ព្រោះ​សាក្សី​ដែល​ឃើញ​ ដំបូង​ជនសង្ស័យ​មាន​គ្នីគ្នា​ពី​៧​ទៅ​៨​នាក់​ប៉ុណ្ណោះ ដែល​ធ្វើ​សកម្មភាព​កាប់សម្លាប់​បុរស​ម្នា​ក់ឱ្យស្លាប់ ​និង​ម្នាក់ទៀត​របួសធ្ងន់។​

    គួររំលឹកថា មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​គឺ កម្មករសំណង់​នៅ​កោះ​ពេជ្រ​ឈ្លោះ​កាប់​ចាក់​គ្នា​ជាមួយ​ភាគី​ម្ខាង​មាន​គ្នា ​៧​ ​នាក់ បណ្តាល​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ កាលពី​វេលា​ម៉ោង​៦ ​និង​៤០​នាទី​យប់​ថ្ងៃ​១៨​ ធ្នូ​ ឆ្នាំ​២០១៦​ នៅ​សួនច្បារ​គល់ស្ពាន​កោះ​ពេជ្រ​ចាស់ ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ គង់ សុខ​នៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរកម្មករ​ការដ្ឋាន​សំណង់អ៊ី​ណូកោះ​ពេជ្រ​។​ ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​ការដ្ឋាន​សំណង់​ខាងលើ​តែម្តង។​ ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​ចាក់​ចំ​លើ​ប្រអប់​ទ្រូង​១​កន្លែង​,​ លើ​ខ្នង​៣​កន្លែង ​និង​ដៃ​១​កន្លែង​។​

    ចំណែក​អ្នករបួស​ឈ្មោះ ទ្រី ចក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករសំណង់អ៊ី​ណូ​កោះ​ពេជ្រ​។​ ស្នាក់នៅ​ការ​ដ្ឋា​ន​សំណង់ របួស​ស្មា​ខាងក្រោយ​១​កន្លែង​សម្រាកព្យាបាល នៅ​ពេទ្យ​រុស្សី។​

    សមត្ថកិច្ច​បន្តថា មុន​កើតហេតុ​ជនរងគ្រោះ​ និង​មិត្តភក្តិ​បាននាំគ្នា​ផឹកស្រា​នៅ​សួនច្បារ​។ ​ក្រោយមក​ក៏​មានទំនាស់​ពាក្យសំដី​ជាមួយ​ក្រុម​១​ទៀត​មាន​គ្នា​ប្រហែល​៧​នាក់​នៅ​ផឹក​ក្បែរ​គ្នា​ហើយ​បាន​វាយ​គ្នា​ចាក់​បណ្តាលឱ្យ​របួស​២​នាក់​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រោយមក​ស្លាប់​ម្នាក់​។​ ចំណែក​ជនល្មើស​រត់គេច​ខ្លួន​បាត់អស់​៕

adverise with khmeread

មតិយោបល់