ត្រាំ​បបួល​ពូ​ទីន​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ រួច​អួតថា អាមេរិក​នឹង​ឈ្នះ​រហូត​!!!

    ​យោងតាម​កាសែត Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បានឱ្យដឹងថា លោក​ដូ​ណា​ល់ ត្រាំ​បានប្រកាសថា "​តោះ​ប្រណាំងប្រជែង​សព្វាវុធ​" បន្ទាប់ពី​អ្នកកាសែត​សុំឱ្យ​លោក​បញ្ជាក់​ឱ្យ​ច្បាស់​អំពី Tweet មួយ ដែល​លោក​អំពាវនាវ​ឱ្យ​ពង្រីក​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​នោះ​។ 

​    ​លោក​ត្រាំ​និយាយថា "​តោះ​ប្រណាំងប្រជែង​សព្វាវុធ​។ យើង​នឹង​ឈ្នះ​ពួកគេ​គ្រប់ការ​ប្រណាំងប្រជែង ហើយ​យើង​នឹង​ទទួលបាន​ជោគជ័យ​លើ​ពួកគេ​ទាំងអស់​"​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ NSNBC​។​

​    ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក និង លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​បាញ់កាំភ្លើង​ចាប់ផ្តើម​ការប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​ថ្មី ខណៈដែល​អ្នក​ទាំងពីរ​ប្តេជ្ញា​ចាប់ផ្តើម​ការពង្រីក​ដ៏​សំខាន់​នៃ​សព្វាវុធ​របស់​ប្រទេស​ខ្លួន​រៀងៗ​ខ្លួន​។ 

​     លោក​ត្រាំ​បាន​និយាយ​លើ Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា "​សហរដ្ឋអាមេរិក​ត្រូវតែ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ឱ្យ​កាន់តែខ្លាំង​ក្លា​ឡើង រហូតដល់​ពេល​មួយ ដែល​ពិភពលោក​ទទួលស្គាល់​ស​ម​ត្ថ​ភាព​របស់ខ្លួន ទាក់ទិន​ទៅនឹង​អាវុធ​នុយក្លេអ៊ែរ​"​។ 

​     សម្តី​បែបនេះ​ទំនង​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សម្តី​គំរាមកំហែង​ប៉ុន្មាន​ម៉ោង​មុន​នោះ ដែល​ធ្វើឡើង​ដោយ​លោកពូ​ទីន​។ 

​    ​ថ្លែង​នៅ​កិច្ចប្រជុំ​ចុងឆ្នាំ​ជាមួយ​មេៗ​ការពារជាតិ​របស់លោក ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​និយាយថា ការពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​គួរតែ​ជា​គោលដៅ​សំខាន់​សម្រាប់​ឆ្នាំ ២០១៧​។ 

​    ​ពូ​ទីន​និយាយថា "​យើង​ត្រូវតែ​ពង្រឹង​សក្តា​នុ​ពេល​យោធា​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ជាពិសេស​ជាមួយ​ទីតាំង​កាំជ្រួច ដែល​អាច​ទម្លុះ​រាល់​ប្រព័ន្ធ​ការពារ​កាំជ្រួច​អនាគត និង កាំជ្រួច​មាន​មាន​ស្រាប់​"​។ 

​    ​ពូ​ទីន​បន្ថែមថា "​យើង​ត្រូវតែ​ពិនិត្យពិច័យ​ឱ្យបាន​ប្រុងប្រយ័ត្ន​រាល់​ការផ្លាស់ប្តូរ​ណាមួយ​ក្នុង​តុល្យភាព​អំណាច និង ក្នុងស្ថានភាព​យោធា​និង​នយោបាយ​ក្នុង​ពិភពលោក ជាពិសេស​នៅតាម​បណ្តោយ​ព្រំដែន​រុស្ស៊ី និង អនុម័ត​ផែនការ​ឱ្យ​រហ័ស​សម្រាប់​ទប់ស្កាត់​រាល់​ការគំរាមកំហែង​ចំពោះ​ប្រទេស​យើង​"​។ 

​    ​លោក​បន្តទៀតថា "​យើង​អាច​និយាយ​ជាមួយ​ភាពប្រាកដប្រជា​ថា យើង​ឥឡូវនេះ​ខ្លាំង​ជាង​ពួក​ឈ្លានពាន​សក្តានុពល​ទាំងឡាយ​។ គឺ​គ្រប់គ្នា​ទាំងអស់​!"​។​

​    ​ហើយ​កាលពី​ថ្ងៃ​សុក្រ លោក Sean Spicer លេខាធិការ​ព័ត៌មាន​ទើប​តែងតាំង​ថ្មី​របស់​ត្រាំ ត្រូវបាន​អ្នកកាសែត​សុំឱ្យ​បញ្ជាក់​ពី​គោលជំហរ​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​។ 

​    ​លោក Sean Spicer និយាយថា មាន​ប្រទេស​ច្រើន​រួមទាំង​រុស្ស៊ី បាន​និយាយ​អំពី​ការបង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​។ 

​    ​លោក​និយាយថា លោក​ត្រាំ​ជា "​បុរស​ធ្វើ​សកម្មភាព​" គាត់​មិនចេះ​អង្គុយ​ឱបដៃ​មើល​ដោយ​មិន​ធ្វើ​សកម្មភាព​ឆ្លើយតប​វិញ​នោះឡើយ​។ 

​    ​លោក Sean Spicer និយាយថា "​គាត់​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​ប្រទេស​នេះ​។ ប្រសិនបើ​ប្រទេស​ណាមួយ ឬ​ប្រទេស​ផ្សេងទៀត ចង់​គំរាមកំហែង​បូរណភាព​ទឹកដី​របស់​យើង គាត់​នឹងធ្វើ​អ្វីដែល​ត្រូវធ្វើ​ភ្លាម​"៕ 

ប្រភព៖បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់