samsung-banner
adverise with khmeread

ឃាត់ខ្លួនសន្តិសុខ​ឯកជន​ ប៊ី​.​ឌី​.​ភី​.​អេស ៣ ​នាក់​លួច​ខោ​ក្នុង​រោងចក្រ​

Unnamed %281%29

    ភ្នំពេញ ​៖ ប៉ូលិស​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​ នាក់​ក្នុងចំណោម​បក្ខពួក ៤ ​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ខោ​ក្នុង​រោងចក្រ ឡង វិច​ថូ​រី កាលពី​វេលា​ម៉ោង៣ ​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅតាម​ប​ណ្តោ​ម​ផ្លូវ​លេខ​៦២ ក្រុម​១០ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង ៣ ​នាក់ គឺ​ទី​១-​ឈ្មោះ ប៉ែន សុង ភេទ​ប្រុស អាយុ២៩​ឆ្នាំ មុខរបរ សន្តិសុខ​រោច​ក្រ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ក្រុម​៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​,​ ទី​២-​ឈ្មោះ ខឹម បារាំង ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ក្រុម​១០ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​ និង​ទី​៣-​ឈ្មោះ អោ រក្សា ភេទ​ប្រុស អាយុ៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​៦២ ក្រុម​១១ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់គេចខ្លួន ហើយ​អ្នក​ទាំង ៣ ​នាក់​មាន​មុខរបរ ជា​សន្តិសុខ​ឯកជន​ក្រុមហ៊ុន ប៊ី​.​ឌី​.​ភី​.​អេស​។​

    ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ លី លីន ភេទ​ស្រី អាយុ៣៣​ឆ្នាំ មុខរបរ ប្រធាន​រដ្ឋបាល​រោងចក្រ មាន​ទីលំនៅ​ផ្ទះ​លេខ​០៧ ផ្លូវ​លេខ​១១៩ ភូមិ​កៅ​ដាយ សង្កាត់​ទ​នប់​ទឹក ខណ្ឌមានជ័យ​។​

    ប៉ូលិស​បន្តថា ដំបូង​ម្ចាស់​រោងចក្រ​ខាងលើ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ឱ្យជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៤​នាក់ ដែល​បានធ្វើ​សកម្មភាព​លួច​យក​ខោ​ក្នុង​រោងចក្រ​។​

    ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​រោងចក្រ ប៉ូលិស​បានធ្វើការ​ឆែក​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ក្នុង​រោងចក្រ​រួចមក បាន​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ៣​នាក់​ក្នុងចំណោម​បក្ខពួក ៤​ នាក់ ដែល​បានធ្វើ​សកម្មភាព​លួច​យក​ខោ​ក្នុង​រោងចក្រ​ជា​ច្រើនដង​មកហើយ​។​

    លុះដល់​វេលា​ម៉ោង៣ ​និង​៣០​នាទី​យប់​ទៀបភ្លឺ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង ៣ ​នាក់​បានធ្វើ​សកម្មភាព​លួច​យក​ខោ​រោងចក្រ ក៏ត្រូវ​បាន​ម្ចាស់​រោងចក្រ​ឃើញ​ទាន់ បាន​ទាក់ទង​ទៅ​ប៉ូលិស​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​ នាក់ និង​បាន​ដកហូត​បាន​ខោជើងវែង​ពណ៌​សាច់​ចំនួន ៥​ បាវ ស្មើ​ចំនួន ១.០០០​ ខោ​រួច​នាំមក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់