Jose Mourinho និយាយថា ពាន EPL ជា​របស់ Chelsea ហើយ​រដូវ​កាល​នេះ ព្រោះ​ពួកគេ​ស៊ុត​ចូល​១​គ្រាប់​បាន​៣​ពិន្ទុ​ស្រួលៗ​

    ​សមត្ថភាព​របស់​តោ​ខៀវ Chelsea ក្នុង​ការបន្ត​ពង្រីក​លទ្ធភាព​ឈ្នះ​របស់​ពួកគេ នឹងធ្វើ​ឱ្យមាន​ការលំបាក​បំផុត​សម្រាប់​បណ្តា​ក្លឹប​នានា​ដើម្បី​ទប់ស្កាត់​ពួកគេ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho​។​

​    ​បិសាច​ក្រហម ដែល​មិនទាន់​ស្គាល់​រសជាតិ​ចាញ់​នៅក្នុង​ការប្រកួត​ចំនួន​ប្រាំ​លើកចុងក្រោយ​ក្នុង​លី​ក​ចាប់តាំងពី​ត្រូវបាន​បំបាក់មុខ​ក្នុង​លទ្ធផល ៤-០ នៅឯ​ទឹកដី Stamford Bridge បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ប្រាំមួយ មាន​៣០​ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​ការប្រកួត​ដំណើរការបាន​ចំនួន ១៧​លើក​កន្លងមកនេះ​។​

​    ​ក្លឹប​ទឹកដី Old Trafford មាន ១៣​ពិន្ទុ​ដេញតាម​ពីក្រោយ​កំពូល​តារាង​តោ​ខៀវ ដែលមាន​ប្រាំមួយ​ពិន្ទុ​ដាច់​ចំណាត់ថ្នាក់​ទី​ពីរ​ហង្ស​ក្រហម Liverpool ហើយ​ពួកគេ​មើលទៅ​ពិតជា​មាន​ទំនុកចិត្ត​ខ្លាំង​ជាទីបំផុត​ក្រោម​ការដឹកនាំ​របស់លោក Antonio Conte​។​

​    ​Mourinho បាន​បញ្ជាក់ថា "​អ្នក​ត្រូវមាន​ភាពស្មោះត្រង់ ហើយ​និយាយថា វា​ពិតជា​ពិបាក​បំផុត​។ វា​មិន​ត្រឹមតែ​ពិន្ទុ​ទេ វា​ក៏​អំពី​ទស្សនៈ​នៃ​ការលេង​បាល់​របស់ Chelsea ផងដែ​ឬ​។ ពួកគេ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ ហើយ​ពួកគេ​ឈ្នះ​។ ពួកគេ​ការពារ​ច្រើន​។ ពួកគេ​ការពារ​បានល្អ​... ពួកគេ​មិន​ខ្វល់​ពី​មនុស្ស​និយាយ​អ្វី ពី​មនុស្ស​គិត​អ្វី​នោះឡើយ​។ ពួកគេ​គ្រាន់តែ​ចង់​ឈ្នះ​ប៉ុណ្ណោះ​។ ហើយ​ដោយសារតែ​រឿង​ទាំងនោះ ខ្ញុំ​មិន​ឃើញថា​ពួកគេ​នឹង​បាត់បង់​ពិន្ទុ​ច្រើន​នោះឡើយ​"​។​

​    ​បិសាច​ក្រហម​បច្ចុប្បន្ន​នៅ​កៀក​បំផុត​ទៅនឹង​ចំណាត់ថ្នាក់​ទី​បួន ដែល​ឈរ​ដោយ​កាំភ្លើង​ធំ Arsenal ហើយ Mourinho មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ទស្សន៍ទាយ​ទីតាំង​ដែល​ក្រុម​របស់គាត់​នឹង​បញ្ចប់ទៅ​នៅត្រង់​កន្លែង​ណា​។​

​    ​គាត់​បាន​បន្ថែមថា "​តោះ​យើង​ទៅ​មើល​កន្លែង​ដែល​យើង​បញ្ចប់​។ ខ្ញុំ​មិន​ចង់​និយាយ​ពី​ចំណាត់ថ្នាក់​ទី​បួន​ឡើយ ដោយសារតែ​ខ្ញុំ​គិតថា​យើង​អាចធ្វើ​បានល្អ​ជាង​ចំណាត់ថ្នាក់​ទី​បួន​។ ប៉ុន្តែ​យើង​មាន​ហានិភ័យ​នៃ​លទ្ធភាព​មិនអាច​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​បួន​បាន ដោយសារតែ​ការប្រកួតប្រជែង​មួយ​នេះ​គឺ​ពិតជា​លំបាក ហើយ​ក្រុម​ចំណាត់ថ្នាក់​កំពូល​មាន​មហិច្ឆតា​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​យើង​មាន​។ ដូច្នេះ​ខ្ញុំ​មិន​ចង់​និយាយថា​ចំណាត់ថ្នាក់​ទី​បួន ឬ​ទី​បី ឬ​ទី​ប្រាំ​អី​នោះឡើយ​"​។​

​    ​បិសាច​ក្រហម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​ចំណាត់ថ្នាក់​ទី​១៨ Sunderland នៅ​ថ្ងៃ​ចន្ទ ខណៈដែល Chelsea នឹង​ទទួលភ្ញៀវ Bournemouth នៅលើ​ទឹកដី Stamford Bridge៕

Untitled 1
adverise with khmeread
ប្រភព៖ Daily Mail
Loading ad ...