ឃាត់​បុរស​ ២ ​នាក់​ ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និងម្នាក់​​មាន​ដីកាចាប់ខ្លួន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ​បាន​ឃាត់​ជនសង្ស័យ​២​នាក់​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១២ និង១០​នាទី នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ ១១០ ផ្សា​ព្រែ​កតា​ដុល ភូមិ​ព្រែ​កតា​ដុល ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល​ ពីបទ​ករ​ណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុងនោះ​ជនសង្ស័យ​ម្នាក់​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​លើកដែក ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរមិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​ មាន​ដីកាចាប់ខ្លួន​ពី​តុលាការ បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​២-​ឈ្មោះ ដាំ នឿន ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​លើកដែក ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់​ដកហូតយក ​១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០១​កញ្ចប់​តូច, ២-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៣ ពាក់ស្លាកលេខ កណ្ដាល 1S-3899 និង៣-​ទូរស័ព្ទ​០១​គ្រឿង និង​ប្រាក់រៀល​ ២.០០០៛។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​ខាងលើ​កម្លាំង​អធិការដ្ឋាន​ស្រុក​កោះធំ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ពោធិ៍​បាន ចុះ​ល្បាត​ចល័ត​តាម​ដងផ្លូវ​ជាតិ​លេខ​១១០ ដល់​ចំណុច​ផ្សា​ព្រែ​កតា​ដុល ភូមិ​ព្រែ​កតា​ដុល ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល បានឃើញ​មុខសញ្ញា​សង្ស័យ ០២​ នាក់​ឈ្មោះ សុខ វិសាល និង ដាំ នឿន កំពុង​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    សមត្ថកិច្ច បាន​តាម​ឃាត់ រួច​បាន​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន ០១​ កញ្ចប់​តូច ដែល​ជនសង្ស័យ​បាន​បោះចោល​ក្បែរ​នោះ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង ​០២​ នាក់​មកកាន់​ប៉ុស្ដិ៍​រដ្ឋបាល​ពោធិ៍​បាន ដើម្បី​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​នាំមក​កាន់​អធិការដ្ឋាន​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread