បុរស​ជនជាតិ​ថៃ​ម្នាក់​ដេកស្លាប់​លើ​គ្រែ​ក្នុងផ្ទះ​សំណាក់ ហែ្វ​រឹ​ឡេ​ន​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​ដេកស្លាប់​លើ​គ្រែ​ក្នុង​បន្ទប់​៣០៤ ជាន់​ទី​៣ ផ្ទះសំណាក់​យីហោ​ «​ហែ្វ​រឹ​ឡេ​ន​» ​មិនដឹង​មូលហេតុ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ កាល​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ​ខែធ្នូ ឆ្នាំ២០១៦ ​នៅ​ចំណុច​ផ្ទះ​លេខ​៩៩ ផ្លូវ​លេខ​១៤១ ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា ជនរងគ្រោះ​ឈ្មោះ Chon Laphop ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ថៃ កាន់​ប៉ាស្ព័​រលេ​ខ 3100500020608 មុខរបរ​ទេសចរណ៍​។​

    ប៉ូលិស​បន្តថា មុន​កើតហេតុ​បុរស​ជនជាតិ​ថៃ​មាន​គ្នា​២​នាក់​ពេល​ល្ងាច​មិញ​បានមក​ជួល​ផ្ទះសំណាក់ ហែ្វ​រឹ​ឡេ ដោយ​ស្នាក់នៅ​១​បន្ទប់​មាន​គ្រែ​២ បន្ទប់​លេខ​៣០៤ ជាន់​ទី​៣​។​

    លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើនេះ​ជនរងគ្រោះ​បាន​ដេក​លើ​គ្រែ​យូរពេក​ដោយ​មិនឃើញ​ងើប​ ក៏ត្រូវ​មិត្ត​ភក្តិ​ដែលជា​ជនជាតិ​ថៃ​ដែល​ដេក​ក្នុង​បន្ទប់​ជាមួយគ្នា​នោះបាន​ដើរទៅ​ដាស់​តែ​មិន​ងើប​សោះ​ក៏បាន​ដឹងថា​បុរសរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។​

    ភ្លាមៗ​នោះ​បុរស​ជា​ជនជាតិ​ថៃ​បាន​រត់​ចុះមក​ក្រោម​មក​ប្រាប់ ម្ចាស់ផ្ទះ​សំណាក់​ថា​មិត្ត​ភក្តិ​របស់ខ្លួន​បាន​ស្លាប់​បាត់ទៅហើយ​ ក្រោយមក​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ត្រួតពិនិត្យ និង​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច្ឆ័យ រីឯ​សាកសព​យកទៅ​ដំកល​នៅ​វត្ត​ស្ទឹងមានជ័យ​រង់ចាំ​ខាង​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled 1 adverise with khmeread

មតិយោបល់