ប៉ូលិស​ខណ្ឌឫស្សីកែវ​ចាប់ខ្លួន​ជនសង្ស័យ ​៧​ នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ជំនាញ​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជា​មួ​​យ​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ប្រជា​ការពារ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៣ ​ករណី​ផ្សេងគ្នា​ក្នុង​សង្កាត់​ស្វាយប៉ាក ​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ​អស់​មួយរយៈ​កន្លងមក ដោយបាន​ឃា​ត់​ខ្លួន​ជនសង្ស័យ ៧ នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួនធំ។​

    ករណី​ទី​១-​បង្ក្រាប​នៅវេលា​ម៉ោង​២ ​និង​៥០​នាទី​រសៀល​នៅ​ចំណុច ក្រុម​២ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ឃាត់ខ្លួន​ជនសង្ស័យ​ ២​ ​នាក់ ដកហូត​គ្រឿងញៀន​ចំនួន ៣ ​កញ្ចប់​ធំ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ង្វៀង យ៉ាំ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ​និង​២-​ឈ្មោះ ឡា ហុង​យ៉ាំ​ង ភេទ​ប្រុស អាយុ២៦​ឆ្នាំ​ស្នាក់នៅ​ចំណុច​ចាប់ខ្លួន​ខាងលើ​។​

    ករណី​ទី​២- បង្ក្រាប​នៅវេលា​ម៉ោង៣ ​និង​១៥​នាទី រសៀល​ថ្ងៃ​ដដែល ត្រង់ចំណុច ក្រុមទី៤ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ​អែល រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រួម នឹង​គ្រឿងញៀន​ចំនួន ២ ​កញ្ជប់​។​

    ករណី​ទី​៣-​បង្ក្រាប​នៅវេលា​ម៉ោង៣ ​និង​១៥​នាទី រសៀល​ថ្ងៃ​ដដែល​ត្រង់ចំណុច​ក្រុមទី​៧ ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៤ ​នាក់​(​ស្រី​ម្នាក់)​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ហុក ឆេង​ពៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ២-​ឈ្មោះ ង្វៀង គុង​យិន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ, ៣-​ឈ្មោះ អៀង អី​លូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៤-​ឈ្មោះ កែវ ស្រី​ពៅ អាយុ​១៧​ឆ្នាំ​។​

    ដកហូត​ថ្នាំញៀន​ចំនួន​៥​កញ្ជប់​ធំ ​និង​៩៥​កញ្ជប់​តូច ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម កាំបិទផ្គាក់​១​ដើម ព្រមទាំង​សម្ភារៈ​បម្រើ​សកម្មភាព​មួយចំនួន​។​

    ចំពោះ​ករណី​ទី​៣​នេះ ក្រុម​មុខសញ្ញា​ប្រព្រឹត្ត​សកម្មភាព មាន​ភាព​ស្ទាត់ជំនាញ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​យក​ទីតាំង​ចែកចាយ​គ្រឿងញៀន​ស្ថិតនៅលើ​ផ្ទះទឹក និង​មាន​បក្ខ​ពួកខ្លួន​ចាំមើល​ផ្លូវ​នៅ​ច្រាំងទន្លេ​ខាងលើ។ ​ករណី​មាន​សភាពការណ៍​មិន​ស្រួល គឺ​មិន​ត្រូវបាន​មេក្លោង​ចេញមុខ​ឡើយ​។​

    ក្រោយពី​បាន​ស្រាវជ្រាវ​អំពី​ចរិត​ធ្វើ សកម្មភាព មុខសញ្ញា​បក្ខពួក ម៉ោង​ពេល​ប្រមូលផ្តុំ ព្រមទាំង​ទីតាំង​រក្សាទុក​គ្រឿងញៀន​រួចហើយ ប៉ូលិស​បានរៀបចំ​យុទ្ធ​សាស្រ្តបង្ក្រាប​បែងចែក​ជា​២​មុខព្រួញ ដោយ​ប្រើ​ប្រព័ន្ធ​ផ្លូវទឹក​ (​ទូក​ចំនួន​២​គ្រឿង​ចល័ត​លើ​ដង​ទន្លេ​) ​សម្រាប់​ក្រសោប​ផ្លូវទឹក​ខាងក្រោម និង​កម្លាំង​ជំនាញ​ផ្ទប់​ផ្លូវគោក​ខាងលើ ហើយ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្នុងពេល​តែមួយ ទើប​ឈានទៅ​ការយក​បាន​ទាំង​មេក្លោង​ព្រមទាំង​បក្សពួក​ព្រម​គ្នា​តែម្តង​។​

    ប៉ូលិស​បាននិងកំពុង​សាកសួរ​ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណំ​រឿង​បញ្ជូនទៅ​តុលាការ តាម​និតិ​វិធី​៕

Unnamed %282%29
adverise with khmeread
Loading ad ...