ហួសចិត្ត! ដាច់ចិត្តលើកដៃសម្លាប់មិត្តរួមការងារដោយសារហេតុផលមិនទំនង

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម និង​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​បាន​ស្រាវ​ឃាត់​ជនសង្ស័យ​ម្នាក់​នៅ​ការដ្ឋាន​ផ្ទះល្វែង​កំពុង​សាងសង់ ផ្លូវ​បេតុង ក្រុម​២១ ភូមិ​ទួល​រការ​១ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​នៅ​ថ្ងៃទី​២៥​ ធ្នូ ​២០១៦ វេលា​ម៉ោង​ ៨ ​ករណី​ឃាតកម្ម​គិតទុក​ជាមុន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ព្រឿង កុស​ល្យ ភេទ​ប្រុស អាយុ​២៥ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ​ចំណុច​ផ្ទះ ល្វែង​កំពុង​សាងសង់ ផ្លូវ​បេតុង ក្រុម​២១ ភូមិទួល​រការ​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន (​គំនុំ​យក​កាំបិត​កាប់ បណ្តាលឱ្យ​ស្លាប់​)។​

    ចំណែក​សព​រងគ្រោះ​ឈ្មោះ មេក សុ​ភ័​ក្ក្រ ភេទ ប្រុស អាយុ​៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ (​មាន​ស្នាម​កាប់​ដោយ​កាំបិត​នៅ​ថ្ពាល់​ខាងឆ្វេង​ចំនួន​០២​កន្លែង​) កាលពី​ថ្ងៃទី​២៤ ​ធ្នូ ​២០១៦​ វេលា​ម៉ោង​៨​ និង​៣០​នាទី នៅ​ចំណុច​ក្នុងផ្ទះ ល្វែង​កំពុង​សាងសង់ ផ្លូវ​បេតុង ក្រុម​២១ ភូមិទួល​រការ​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    មូលហេតុ​ដោយ​ជនសង្ស័យ​មាន​គំនុំ​ខឹង​ជនរងគ្រោះ​ស្តីបន្ទោស​ពី​រឿង​ហូបបាយ​មិន​លាងចាន និង​ធ្វើ​ការមិន​ដិតដល់ រយៈពេល​៣​ថ្ងៃមុន​។​

    វត្ថុតាង​បន្សល់​កន្លែងកើតហេតុ​ចាប់​យកបាន​, កាំបិត​បុ័ងតោ គ្មាន​ដង ចំនួន​០១​ដើម និង ពូថៅ​ដង​ឈើ​ចំនួន ០១​ ដើម។​

    បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​៕

 

adverise with khmeread