Pedro និយាយថា La Liga ស្រួល​ជាង​នៅ EPL ឆ្ងាយ​ណាស់​

    ​ខ្សែប្រយុទ្ធ​ស្លាប​ក្រុម​តោ​ខៀវ Chelsea កីឡាករ Pedro Rodriguez បាន​ស្ញប់ស្ញែង​កោតសរសើរ​អ្នកចាត់ការ​ទូទៅ Antonio Conte មិន​ដាច់​ពី​មាត់​នោះឡើយ ខណៈ​រូបគេ​និយាយ​អំពី​ភាពខ្លាំង​រវាង​លី​ក La Liga និង EPL​។​

​    ​តោ​ខៀវ​បច្ចុប្បន្ន​ហាក់​បាន​ទុក​រដូវ​កាល​ដ៏​អន់​របស់​ពួកគេ​កាលពី​រដូវ​កាល​មុន​នៅ​មួយ​ឡែក ខណៈដែល​ពួកគេ​ក្នុង​រដូវ​កាល​នេះ បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ និង​បាន​ឈរ​នៅលើ​កំពូល​តារាង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​ក្រុម​របស់លោក Conte បាន​ឆ្ពោះ​ដំណើរ​ឆ្លងកាត់​ព្រឹត្តិការណ៍​ដ៏​ក្តៅគគុក ថ្ងៃ​ប្រកួត Boxing Day ជាមួយនឹង​ប្រាំមួយ​ពិន្ទុ​ក្នុង​ដៃ​ឈរ​ដាច់​ចំណាត់ថ្នាក់​ទី​ពីរ​ហង្ស​ក្រហម Liverpool និង​បច្ចុប្បន្ន​ពួកគេ​ជា​ក្រុម​តែមួយគត់​ដែល​ធ្វើ​បានសម្រេច​ការប្រកួត​ជ័យជម្នះ ១១​លើក​ផ្ទួនៗ​នៅក្នុង​លី​ក​។​

​    ​ហើយ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ Pedro បានបញ្ជាក់​ពី​អារម្មណ៍​របស់ខ្លួន​ទាំងស្រុង​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់ខ្លួន​ទៅកាន់​វេ​ប​សាយ Telegraph ដោយ​ជា​លើកដំបូង ដោយ​គាត់​និយាយ​ទាក់ទិន​ទៅនឹង​អ្នកចាត់ការ​ថ្មី​របស់ខ្លួន​ថា "​គាត់​ពិតជា​ល្អ ល្អ​មែនទែន​។ ក្នុង​អាជីព​របស់ខ្ញុំ ខ្ញុំ​បានធ្វើការ​ជាមួយនឹង​គ្រូបង្វឹក​ដ៏​ល្អ ដូចជា Pep Guardiola និង Vicente del Bosque ។ ប៉ុន្តែ​រឿង​មួយ​ដែល​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ខ្ញុំ​អំពី Antonio គឺ​មិនដឹង​ពី​របៀប​យ៉ាងម៉េច​នោះឡើយ​ដែល​គាត់​អាច​ប្រែ​មុខមាត់​ក្រុម​បាន​យ៉ាង​រហ័ស​បែបនេះ​។ គាត់​បានដាក់​ការជឿទុកចិត្ត និង​ជឿជាក់​ទៅលើ​កីឡាករ​ទាំងអស់ ហើយ​បន្ទាប់មក​យើង​បានចាប់ផ្តើម​ឈ្នះ​ការប្រកួត​។ គាត់​បានប្រែក្លាយ​ក្រុម​មក​ល្អ​ឡើងវិញ​យ៉ាង​ងាយស្រួល​បំផុត​។​គាត់​បានដាក់​ការជឿទុកចិត្ត​មកលើ​យើងទាំងអស់គ្នា​ថា​នឹង​អាច​ឈ្នះ​ការប្រកួត ហើយ​យើង​នឹង​អាច​ឈ្នះ​លី​ក​"​។​

​    ​ជ័យជម្នះ​សម្រាប់ Chelsea ក្នុងជំនួប​ជាមួយនឹង Bournemouth នា​ថ្ងៃ​ចន្ទ​នេះ នឹង​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ក្លឹប នៃ​ជ័យជម្នះ ១២​លើក​ផ្ទួនៗ​ក្នុង​លី​ក​។​

​    ​Pedro បាន​និយាយ​ពី​ជ័យជម្នះ​ផ្ទួនៗ​របស់ Chelsea ថា "​វា​មិនមែនជា​រឿង​កម្រ​ថ្មី​សម្រាប់​ខ្ញុំ​នោះឡើយ​។ ប៉ុន្តែ​វា​គឺជា​ការលំបាក​មួយ​ក្នុង​លី​កមួយ​នេះ​។ វា​គឺ​ខុសប្លែក​ពីគ្នា​នៅទីនេះ​។ នៅឯ Barcelona វា​គឺជា​រឿង​ធម្មតា​ក្នុងការ​ឈ្នះ​ក្នុងការ​ប្រកួត​ជាច្រើន​ជាប់ៗ​គ្នា ហើយ​ពេលខ្លះ​វា​ពិតជា​ងាយស្រួល​ពេក​ហើយ (​នៅ La Liga)"​។​

​    ​Pedro បាន​ចំណាយពេល ១១​ឆ្នាំ​នៅឯ Barcelona និង​បានឈ្នះ​ពាន​ធំៗ​ចំនួន ២០​នៅ​ទីនោះ​ផងដែរ​។​

​    ​គាត់​បាន​បន្ថែម​ពី​ភាពខុសគ្នា​ក្នុង​លី​ក​ទាំងពីរ ដោយ​គាត់​បាន​បញ្ជាក់ថា "​ប៉ុន្តែ Premier League គឺ​ពិតជា​មានការ​ប្រកួតប្រជែង​យ៉ាង​សម្បើម និង​ខ្លាំង​បំផុត ហើយ​សម្រាប់​រដូវ​កាល​នេះ ជ័យជម្នះ​១១​លើក គឺជា​សិ​មិទ្ធ​ផល​ដ៏​សំខាន់បំផុត​។ កំណត់ត្រា (​ឈ្នះ​ផ្ទួន​របស់ Arsenal ) គឺ ១៤, ទេ​? ត្រឹមតែ​ជ័យជម្នះ​បី​ទៀត​ប៉ុណ្ណោះ​យើង​នឹង​តាម​ទាន់ ប៉ុន្តែ​នោះ​ជា​រឿង​ដ៏​លំបាក​។ Bournemouth គឺជា​ក្លឹប​ល្អ​មួយ​។ វា​គឺជា​គោលដៅ​ដ៏​ល្អ​មួយ​ដើម្បី​ទទួលបាន​កំណត់ត្រា​មួយ​នេះ​"៕

adverise with khmeread