adverise with khmeread 1

ស្រីៗ​គួរ​ប្រយ័ត្ន​! កុំឱ្យ​ចាញ់បោក​ពួក​លេង WhatsApp ដូច​នៅ​ម៉ាឡេស៊ី​

​    ​នារី​វ័យក្មេង​ពីរ​នាក់​ត្រូវបាន​បោកប្រាស់​ឱ្យ​ជឿថា ពួកគេ​អាច​ក្លាយជា​តារា​បង្ហាញ​ម៉ូត​លេចធ្លោ នៅពេល​អ្នក​ទាំងពីរ​ទ​ទួលបាន​ការអញ្ជើញ​មួយ​ពី​សំណាក់​ជាង​ថតរូប​ម្នាក់​ដែល​ឱ្យ​ពួកនាង​ផ្ញើ​រូបភាព​មក​ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​ម៉ាឡេស៊ី​។ 

​    ​ប៉ុន្តែ​វា​បែរ​ទៅជា​លេច​ឭ​ថា ជាង​ថតរូប​ម្នាក់​នោះបាន​បោកប្រាស់​ពួកនាង​ទៅវិញ និង​ថែមទាំង​អាច​យកបាន​រូបថត​ស្រាត​ពី​ជនរងគ្រោះ​ម្នាក់​ថែមទៀត​។ 

​    ​ជនរងគ្រោះ​ទាំងពីរ​នាក់ និង​ជនសង្ស័យ​ស្រី ឈ្មោះ "Amy Chen" បាន​ទាក់ទង​គ្នា​តែ​តាមរយៈ WhatsApp ប៉ុណ្ណោះ និង​ពុំដែល​បាន​និយាយ​គ្នា​តាមរយៈ​ទូរស័ព្ទ ឬក៏​ជួបគ្នា​ផ្ទាល់​នោះឡើយ​។ 

​    ​នាង Amy Chen ក៏បាន​បង្ហាញ​លិខិតបញ្ជាក់​របស់​ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ​ដើម្បី​គាំទ្រ​ដល់​ការអះអាង​របស់ខ្លួន​ផងដែរ​។ 

​    ​ជនរងគ្រោះ​អាយុ ១៧ ឆ្នាំ ដែល​សុំ​ឱ្យគេ​ហៅថា Lee បាន​និយាយថា នាង​បានឃើញ​ឱកាស​ផ្តល់ជូន​ការងារ​នៅក្នុង​គ្រុប WhatsApp និង​បាន​ទាក់ទង​ទៅ​នាង Amy​។ 

​    ​ជនរងគ្រោះ​ត្រូវបាន​ប្រាប់ថា ទីភ្នាក់ងារ​នោះបាន​កំពុង​ស្វែងរក​តារា​បង្ហាញ​ម៉ូដ​ថត​ឈុត​ប៊ី​គី​នី​។ 

​    ​ជនរងគ្រោះ​បាន​និយាយ​នៅ​នាយកដ្ឋាន​សេវាកម្ម​និង​ពាក្យ​បណ្តឹងសាធារណៈ MCA នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា "​ខ្ញុំ​ក៏បាន​ឃើញ​លិខិតបញ្ជាក់​ពី​ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ​ដែរ​នៅក្នុង​សារ WhatsApp របស់ខ្ញុំ​។ ខ្ញុំ​ស្គាល់​ច្បាស់​ថា​ទីភ្នាក់ងារ​នោះ​ល្បីល្បាញ​ណាស់​នៅ​ម៉ាឡេស៊ី​"​។ 

​    ​Lee និយាយថា នាង​បានបង្ហាញ​ខ្លួន​តាម​ការ​សន្យា​សម្រាប់​ការថតរូប​ក្នុង​ឈុត​ប៊ី​គី​នី​តាម​ការព្រមព្រៀង​គ្នា​នៅ​សណ្ឋាគារ​មួយ​នៅ​ថ្ងៃទី ៦ ខែធ្នូ ប៉ុន្តែ​ពុំ​ឃើញ Amy ទេ​។ នាង​បាន​តេ​ទៅ​ទូរស័ព្ទដៃ​របស់ Amy តែ​មិនអាច​តេ​ចូល​ទេ​។ ពេលនោះ​ហើយ​ទើប​នាង​ដឹងថា​ចាញ់បោក​គេ​។ 

​    ​ទោះយ៉ាងណា តារា​បង្ហាញ​ម៉ូដ​ឯករាជ្យ​ម្នាក់ ដែល​សុំ​ឱ្យគេ​ហៅថា Goh អាយុ ២៣ ឆ្នាំ សង្ស័យថា​នេះ​អាចជា​ករណី​ឆបោក​។ 

​    ​នាង​បាន​និយាយថា "​ខ្ញុំ​បានទទួល​ការអញ្ជើញ​មួយ​តាមរយៈ WhatsApp ឱ្យមក​ថតរូប​ដូចគ្នា​នេះដែរ​ពី​មនុស្ស​ម្នាក់​ឈ្មោះ Kak Aini​។ ខ្ញុំ​ក៏​ធ្លាប់បាន​ផ្ញើ​រូបថត​ប្រវត្តិរូប​របស់ខ្ញុំ​ឱ្យទៅ​នាង Amy ដែរ​"​។ 

​    ​បន្ទាប់មក Goh បាន​និយាយថា នាង​ត្រូវគេ​ស្នើឱ្យ​ផ្ញើ​រូបភាព​របស់​នាង​ពីរ​ម៉ោង​មុន​ការថតរូប​ក្នុង​ឈុត​ប៊ី​គី​នី​។ នាង​បាន​សម្រេចចិត្ត​តេ​សួរ​ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ​នោះ​សិន ហើយ​មាន​ការតក់​ស្ល​ត់​នៅពេល​គេ​ប្រាប់ថា ពួកគេ​មិនបាន​ស្នើសុំ​រូបភាព​ពី​នាង​ទេ​៕ 

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់