ចេញប្លន់ទៀតហើយ!!! ចោរ​៧​នាក់​ប្រដាប់​ដោយ AK ៥​ដើម សម្រុកចូល​ផ្ទះ​រកស៊ី​បោក​និង​កិនស្រូវ បាញ់​បុរស​ម្នាក់​ធ្លាយ​ពោះ ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​ជាយក្រុង​

    ភ្នំពេញ ៖ ពួកចោរ​៧​នាក់ ប្រដាប់​ដោយ​កាំភ្លើង ​AK​ ចំនួន​៥​ដើម​បាន​សម្រុកចូល​ផ្ទះ ​"រកស៊ី​បោក​និង​កិនស្រូវ" បាញ់​បុរស​ម្នាក់​ធ្លាយ​ពោះ ប្លន់យក​ទ្រព្យសម្បត្តិ​បានសម្រេច​នៅវេលា ម៉ោ​ង៧ ​និង​៤០​នាទី​យប់​ថ្ងៃទី​២៦ ខែធ្នូ ២០១៦ ស្ថិត​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិសែន​ជ័យ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ ប្តី​ឈ្មោះ កែម កន អាយុ៤២​ឆ្នាំ មុខរបរ កសិករ និង​ប្រពន្ធ​ឈ្មោះ ភី ធឿន​ អាយុ​៣៨ ឆ្នាំ។ ​សម្ភារៈ​បាត់បង់ កងដៃ​ប្លា​ទីន ៥​ជីក​ន្លះ, ​ក្រវិល ប្លា​ទីន​១​ជីក​ន្លះ, ​កងដៃ​ប្លា​ទីន​កូនក្មេង​តម្លៃ​ជាង​១០០​ដុល្លារ​,​ ប្រាក់​អាមេរិក​៥០០​ដុល្លារ​,​ កាត​គ្រី​រថយន្ត និង​អត្តសញ្ញាណ​ប័ណ្ណ។​

    ដោយឡែក​ជនរងគ្រោះរ​ង​របួសធ្ងន់​ត្រូវជា​បងប្អូនជីដូន​ខាង​ប្តី ឈ្មោះ គយ ប៉ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ កសិករ រងរបួស​ធ្លាយ​ពោះដោយសារ​ពួកចោរ​បាញ់។ ​ចំណែក​ជនសង្ស័យ​មាន​គ្នា​៧​នាក់ ប្រដាប់​ដោយ​កាំភ្លើង​វែង (AK) ៥​ដើម​។​

    សមត្ថកិច្ច​បាន​បន្តថា ដំបូង​ជនរងគ្រោះ​កំពុង​មើល​ទូរទស្សន៍ លុះ​នៅ​ម៉ោង​កើតហេតុ ស្រា​ប់​តែ​ជនសង្ស័យ​សម្រុក​ចូលមក​ភ្ជង់ ​និង​វាយ​ចាប់ចងជនរងគ្រោះ​និង​កូន ហើយ​ជនសង្ស័យ​បាន ដើររើកកាយ ទូ​អីវ៉ាន​ និង​ទូ​ខោរ​អាវ ប្រមូលបាន​សម្ភារៈ​ទាំង​នោះ​។​

    បន្ទាប់មក​ក៏មាន​ឈ្មោះ គយ ប៉ន ​ឃើញ​ហេតុការណ៍​បាន​ចូលមក​ជួយ ក៏ត្រូវ​ជនសង្ស័យ​ម្នាក់​បាញ់​សំដៅ​ចំនួន​៣​គ្រាប់ ត្រូវ​ចំនួន​ពោះ​១​គ្រាប់ធ្លាយពោះ និង​ដៃស្តាំ​១​គ្រាប់​បៀម​ជាប់ ហើយ​សាច់ញាតិ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

    ​ហើយ​ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​រត់​ទៅក្រោយ​ផ្ទះ​ជនរងគ្រោះ ចេញ​តាម​ទ្វាររប​ង​​ក្រោយ រួច​បាន​បាញ់​ចំនួន​២​គ្រាប់ ដើម្បីរត់គេចខ្លួន​បាត់។

    បន្ទាប់ពី​មាន​ករណី​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​បែបនេះ លោក​ យឹម សារ៉ាន់ អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ​ទូទាំង​ខ​ណ្ឌចុះ​ពួន​ស្អា​ក់​គ្របើ​ច្រក ល្ហក​ ក៏​ប្រទះឃើញ​យុវជន​ម្នាក់​បំណង​សួរនាំ​ក្រែង​បាន​តម្រុយ​ចោរ តែ​យុវជន​នេះ​ពេល​ឃើញ​ប៉ូលិស​បាន​ព្យាយាម​ជិះ​ម៉ាក​ឌ្រឹ​ម​សង់ស៊េរី​ឆ្នាំ​២០១៦ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO -6037 គេច​ពី​សមត្ថកិច្ច​ទើប​កម្លាំង​ប៉ូលិស​ដេញចាប់​តែម្តង​៕


Unnamed
adverise with khmeread