ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ដ TACOMA មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្ដខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែករបាំងថ្មខូចខាតបន្តិចបន្ទួច។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាក TOYOTA TACOMA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2P-2564 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងគេចខ្លួនបាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច។
ពេលមកដល់កន្លែងកើតហេតុរថយន្ដបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងពេញទំហឹងបណ្ដាលឱ្យរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុង។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្ទួច។
ប្រភពបានបន្តថា ក្រោយកើតហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងបានសហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
