​កីឡាករ​បាល់ទាត់​អ៊ូ​ហ្គ​ង់​ដា​និង​អ្នកគាំទ្រ ៣០ នាក់​លង់ទឹក​ស្លាប់​ក្នុង​ហេតុការណ៍​ក្រឡាប់​លិច​ទូក​

​    ​មន្ត្រីប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យ៉ាងហោចណាស់ សមាជិក​ក្រុមបាល់ទាត់​ក្នុងភូមិ​និង​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​នៃ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នៅពេល​ទូក​របស់​ពួកគេ​បាន​ក្រឡាប់​នៅ​បឹង Lake Albert អំឡុង​ពិធីជប់លៀង​មួយ​។​

​    ​បើទោះជា​ទឹក​មាន​សភាព​ស្ងប់ស្ងៀម ក្រុម​ខាងលើ​ដែល​បាន​ផឹក​និង​រាំ​នៅលើ​ទូក បានធ្វើឱ្យ​ទូក​របស់​ពួកគេ​ក្រឡាប់​។​

​    ​ហើយ​ទោះ​យ៉ាងនេះ​ក្តី ប៉ូលិស​បាន​ជួយសង្គ្រោះ​មនុស្ស​ចំនួន ១៥ នាក់​ជាមួយ​ការជួយជ្រោមជ្រែង​ដោយ​អ្នកនេសាទ​ក្នុង​តំបន់ និង​យ៉ាងហោចណាស់​មនុស្ស​ចំនួន ៣០ នាក់​មិនអាច​រស់រានមានជីវិត​ទេ​។​

​    ​មេបញ្ជាការ​ប៉ូលិស​ឈ្មោះ John Rutagira បាន​និយាយថា "​មាន​ពិធីជប់លៀង​មួយ​នៅលើ​ទូក ហើយ​អ្នកដំណើរ​បាន​ជប់លៀង​និង​ខ្លះ​ស្រវឹង​។ ទូក​នោះបាន​ផ្ទុក​មនុស្ស​ច្រើនពេក​ដល់​ទៅ ៤៥ នាក់ ហើយ​សុទ្ធតែ​សមាជិក​ក្រុមបាល់ទាត់​និង​អ្នកគាំទ្រ​ក្នុង​តំបន់​"​។​

​    ​ឧ​ប​ទ្ទេវ​ហេតុនេះ​ជា​មហន្តរាយ​ដ៏​ធំ​ទី​ពីរ​ដែល​កើតឡើង​នៅលើ​បឹង​ក្នុងប្រទេស​អ៊ូ​ហ្គ​ង់​ដា​នា​រយៈពេល​បី​ថ្ងៃ​។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន មនុស្ស​ប្រហែល ២០ នាក់​បាន​បាត់​បង់ជីវិត​ដែល​ស្រដៀង​នឹង​គ្រោះថ្នាក់​លើក​នេះដែរ​នៅលើ​បឹង Lake Victoria​។​

​    ​គ្រោះថ្នាក់​បែបនេះ​គេ​ឧស្សាហ៍​ឃើញ​កើតឡើង​នៅលើ​ទឹក​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​។ កាលពី​ខែវិច្ឆិកា មនុស្ស​ចំនួន ១០ នាក់​បាន​លង់ទឹក​នៅ​បឹង Lake Albert៕

ប្រភព៖ បរទេស

adverise with khmeread