ភ្នំពេញ ៖ និស្សិតម្នាក់ ដេកស្លាប់នៅបន្ទប់ជួលរបស់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យកាលពីម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្រុម១ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា សពខាងលើឈ្មោះ ងឹម ចន្ធូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស NTTI ស្នាក់នៅបន្ទប់ជួលភូមិខាងលើនិងមានស្រុកកំណើតភូមិត្នោតជ្រុំ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។
តាមសំដីស្ត្រីឈ្មោះ ងឹម ញ៉ាញ់ អាយុ២៨ឆ្នាំ ត្រូវជាបងបង្កើតរបស់អ្នកស្លាប់បានប្រាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ធ្នូ ក្រោយពីមកពីរៀនវិញប្អូនគាត់បានហូបបាយជុំគ្នារួចក៏ចូលមើលសៀវភៅក្នុងបន្ទប់ដល់យប់បន្តិចក៏សម្រាកជាមួយមិត្តភត្តិម្នាក់ឈ្មោះ ឌឿន តុលា អាយុ២១ឆ្នាំ ជានិសិត្សរៀនជាមួយគ្នា (បន្ទប់ជួល២នាក់មិត្តភត្តិ)។
ប្រភពដដែលបានប្រាប់ទៀតថា លុះនៅព្រឹកថ្ងៃកើតហេតុ គាត់បានហៅគោះទ្វាហៅប្អូនឱ្យភ្ញាក់ដើម្បីយកម្ហូបហូបបាយពេលនោះមិត្តភត្តិប្អូនឈ្មោះ ឌឿន តុលា ជាអ្នកក្រោកមកបើកទ្វាបន្ទប់ពេលបើកហើយគាត់បានឃើញប្អូនដេកក្រឡុមភួយជិតពេលនោះបានយកដៃទៅអង្រន់ស្រាប់តែឃើញរឹងបាត់ទៅហើយក៏មានការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យតែម្តង។
តាមមន្ត្រីជំនាញកោសល្យវិច្ឆ័យចុះពិនិត្យកន្លែងកើតហេតុ និងបញ្ជាក់ពីលោកឧកញ៉ាវេជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញនិយាយថាយុវជនខាងលើនេះស្លាប់ដោយគាំងបេះដូង (ខ្យល់គ)៕
