បុរស​ម្នាក់​ស្លាប់​ និង​ម្នាក់​របួសធ្ងន់​ដោយសារ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​ម៉ូតូ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​និង​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ពេញទំហឹង​ផ្លោង​ជន​​រងគ្រោះ​​ដែល​ស្លាប់​ចូលទៅ​ប្រឡាយទឹក​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​នៅវេលា​ម៉ោង ៧​យប់​ថ្ងៃទី​២៨ ធ្នូ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៣ ទល់មុខ​ក្លោងទ្វារវត្ត​ព្រៃ​ស្ពឺ​ស្ថិតក្នុង​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AK-5234 ​បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ជាតិ​ស្រវឹងស្រា​បើក​ពី​ត្បូង​ទៅ​ជើង​ល្បឿន​យ៉ាង​លឿន។​

    ចំណែ​ក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០០៨ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AH-4290 ជិះ​ដោយ​បុរស​២​នាក់ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​៣​ពី​ជើង​ទៅ​ត្បូង បញ្ច្រាស់ទិស​គ្នា​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ករ​បាន​បន្ថែម​ល្បឿន វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ពីមុខ ក៏​វ៉ា​ក់​អើ​ជាមួយ​ម៉ូតូ​រងគ្រោះ​ក៏​ជ្រុល​បុក​ពេញទំហឹង ប៉ើ​ង​ម៉ូតូ​និង​មនុស្ស ជាង​១០​ម៉ែត្រ ដោយមាន​ជនរងគ្រោះ​ម្នាក់​ធ្លាក់ចូល​ប្រឡាយ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​​ខ្ទាត​ទៅ​ច​ញ្ចើ​ម​ផ្លូវ រងរបួស​ធ្ងន់។​

    ភ្លាមនោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​ពី​កន្លែងកើតហេតុ រហូតមកដល់​ចំណុច​ផ្លូវជាតិ​៤​ខាងលិច​រង្វង់​មូល​ចោមចៅ​ជាង​១០០​មែត្រ ហើយ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​យកមក​ប៉ុស្តិ៍​ចោមចៅ ចៀសវាង​ហិង្សា​កើតឡើង​។​ ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​រថយន្ត​ក្រុម​សង្គ្រោះ អង្គភាព​៧១១ ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​ឈ្មោះ គន្ធ រិទ្ធី​ស​ក្ត័ អាយុ១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​នាំយក​អ្នក បើកបរ​ជាមួយ​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ការដោះស្រាយ​៕

1 adverise with khmeread

មតិយោបល់