Warren Buffett ឡើង​មកជា​មហាសេដ្ឋី​លេខ ២ ពិភពលោក​វិញ ក្រោយ​ត្រាំ​ឈ្នះឆ្នោត ចំណែក​មហាសេដ្ឋី​ចិន​ថយចុះ​ជា​លើកដំបូង​មិន​ធ្លាប់មាន​

    ​មហាសេដ្ឋី​ពិភពលោក​បានបញ្ចប់​ឆ្នាំ ២០១៦ ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ទាំងអស់គ្នា ចំនួន ២៣៧ ពាន់​លាន​ដុល្លារ គឺ​ច្រើនជាង​ទ្រព្យ​ដែល​ពួកគេ​មាន​តាំងពី​ដើមទី​ទៅទៀត ដែល​នេះ​អាច​កើតឡើង​ទៅបាន​ដោយ​ទិន្នន័យ​សេដ្ឋកិច្ច​ដ៏​ខកចិត្ត​ពី​ប្រទេស​ចិន ការបោះឆ្នោត​របស់​អង់គ្លេស​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប និង​ការជាប់ឆ្នោត​របស់លោក​ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​ថ្មី​អាមេរិក​។ 

​    ​ទោះយ៉ាងណា ការបង្កើត​ទ្រព្យសម្បត្តិ​សម្រាប់​មហាសេដ្ឋី​ចិន​បាន​ប្រែជា​អវិជ្ជមាន​ជា​លើកដំបូង ចាប់តាំងពី​ការកកើតឡើង​នូវ​ស​ន្ទ​ស្សន៍​របស់ Bloomberg ៥​ឆ្នាំមុន ជាមួយ​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​របស់​ចិន​បាន​ខាតបង់ ១១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ ចំពេល​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន Shanghai Shenzhen CSI 300 និង​ការធ្លាក់​ថ្លៃ ៧ ភាគរយ​សម្រាប់​ប្រាក់​យ័ន​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ 

​    ​ប្រាក់ចំណេញ​គឺ​ត្រូវបាន​នាំមុខ​ដោយ​លោក Warren Buffett ដែល​បន្ថែម​ទ្រព្យសម្បត្តិ ១១,៨ ពាន់​លាន​ដុល្លារ​អំឡុង​ឆ្នាំ ២០១៦ ខណៈដែល​ក្រុមហ៊ុន​វិនិយោគ Berkshire Hathaway របស់លោក បានឃើញ​ផ្នែក​អាកាសចរណ៍ និង បណ្តាញ​ធនាគារ​មានការ​កើនឡើង​ខ្ពស់ បន្ទាប់ពី​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់លោក​ត្រាំ​នៅ​ថ្ងៃ ៨ វិច្ឆិកា​។ លោក Warren Buffett ដែល​សន្យា​ផ្តល់​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់គាត់​ដល់​ផ្នែក​សប្បុរសធម៌ បាន​បរិច្ចាគ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Berkshire Hathaway តម្លៃ ២,៦ ពាន់​លាន​ដុល្លារ​កាលពី​ខែកក្កដា​ដល់​ផ្នែក​សប្បុរសធម៌​។ 

​    ​អ្នកវិនិយោគ​អាមេរិក​រូបនេះ​បាន​ដណ្តើម​ចំណាត់ថ្នាក់​អ្នកមាន​បំផុត​ទី​ពីរ​របស់​ពិភពលោក​មកវិញ គឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ជ័យជម្នះ​របស់លោក​ត្រាំ​បាន​ជួយ​រុញ​ទ្រព្យសម្បត្តិ​ចុងឆ្នាំ​របស់លោក Warren Buffett ឱ្យ​កើនឡើង ១៩ ភាគរយ​បន្ថែមទៀត ពោលគឺ​គាត់​មានទ្រព្យ​សម្បត្តិ​សរុប​រហូតដល់​ទៅ ៧៤,១ ពាន់​លាន​ដុល្លារ​។ 

​    ​លោក Bill Gates នៅតែ​ជា​មហាសេដ្ឋី​លេខ ១ ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ ៩១,៥ ពាន់​លាន​ដុល្លារ​។ លោក Amancio Ortega អ្នកមាន​បំផុត​របស់​អឺរ៉ុប និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​សម្លៀកបំពាក់ Zara បាន​ឈរ​នៅ​លេខ ២ ក្នុង​ស​ន្ទ​ស្សន៍​អ្នកមាន​បំផុត​ប្រចាំឆ្នាំ ២០១៦ បានយូរ​គួរសម រហូតដល់​លោក Warren Buffett ដណ្តើម​លេខ ២ មកវិញ​នៅ​ខែវិច្ឆិកា​។ លោក Ortega ដែល​ធ្លាក់ចុះ​ចំណូល ១,៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ គឺជា​បុរស​មាន​បំផុត​ទី​៣​របស់​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ ៧១,២ ពាន់​លាន​ដុល្លារ​។ 

លោក Amancio Ortega


​    ​មហាសេដ្ឋី​លេខ​២​ចិន លោក Wang Jianlin ម្ចាស់​ក្រុមហ៊ុន Wanda Group ខាត ៥,៨ ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លេខ ២១ លើ​ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ​សរុប ៣០,៦ ពាន់​លាន​ដុល្លារ​។ ម្ចាស់​ក្រុមហ៊ុន Alibaba Group លោក Jack Ma ធ្លាក់​មក​លេខ ២ ប៉ុន្មាន​ខែ តែ​ឡើងមក​លេខ ១ វិញ ក្រោយ​រក​ចំណូល​បន្ថែម​បាន ៣,៦ ពាន់​លាន​ដុល្លារ ហើយ​សរុប​ទ្រព្យសម្បត្តិ​សុទ្ធ​របស់គាត់​គឺ​៣៣,៣ ពាន់​លាន​ដុល្លារ​៕ 

លោក Wang Jianlin


ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់