1

តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​នៅត្រឹម ០,១៧ ដុល្លារ​ក្នុង​មួយ​លីត្រ​

​    ​ប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​មក​នៅក្រោម ២៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ១២ ឆ្នាំ​មកនេះ​កាលពី​ថ្ងៃ​ពុធ ដោយសារ​ការព្យាករណ៍​អំពី​សេដ្ឋកិច្ចពិភពលោក​ដ៏​អាប់អួរ កំណើន​យឺត​របស់​ចិន និង ការផ្គត់ផ្គង់​ប្រេង​ឆៅ​ច្រើន​លើសលប់​។

​    ​ក្នុងការ​ជួញដូរ​ពេលព្រឹក ទីផ្សារ​ប្រេង​អាមេរិក​ផ្អែក​តាម West Texas Intermediate (WTI) សម្រាប់​ចែកចាយ​ខែកុម្ភៈ មានតម្លៃ ២៧,៣២ ដុល្លារ​ក្នុង​មួយ​បារ៉ែល ជា​កម្រិត​ទាប​បំផុត​មួយ​ដែល​គេ​ឃើញ​ចុងក្រោយ​បំផុត​គឺ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០០៣​។

​    ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អាមេរិក​ក្រោយមក​បាន​ឡើង​បន្តិច​វិញ​មក​ត្រឹម​ចំនួន ២៧,៨០ ដុល្លារ ពោល​ធ្លាក់ចុះ ៦៦ សេន​ដុល្លារ​ពី​កម្រិត​តម្លៃ​ប្រេង​ថ្ងៃ​អង្គារ​។

​    ​ទីផ្សារ​ប្រេង​សកលលោក​បានចាប់ផ្តើម​ទម្លាក់​ថ្លៃ​បន្ថែម​ចាប់តាំងពី​ទីភ្នាក់ងារ​ថាមពល​អន្ត​រ​ជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ទីផ្សារ​ប្រេង​អាច​នឹង "​ជោរជន់​ក្នុងការ​ផ្គត់ផ្គង់​ហួស​តម្រូវការ​"​។

​    ​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ប្រហែល ៧៥ ភាគរយ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​មក ពោល​ធ្លាក់ចុះ​គឺ​ដោយសារតែ​ការផ្គត់ផ្គង់​ច្រើន​ហួសប្រមាណ កំណើនសេដ្ឋកិច្ច​សកល​លោក​យឺត និង​ការ​ឡើងថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​។

​    ​លោក Kash Kamal អ្នកវិភាគ​នៅ Sucden បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​បើកាលណា​លុយ​ដុល្លារ​នៅតែ​ឡើងថ្លៃ​វា​នឹង​នៅតែ​ជា​ឧបសគ្គ​ដ៏​សំខាន់ ហើយ​ការផ្គត់ផ្គង់​ប្រេង​កើនឡើង​បង្ហាញ​សញ្ញា​តិចតួច​ណាស់​ដែលថា​វា​នឹង​ឡើងថ្លៃ​វិញ​ឆាប់ៗ​នេះ​"​។

​    ​រីឯ​តម្លៃ​ប្រេង​នៅ​អង់គ្លេស​គិត​តាម​ទីផ្សារ​ប្រេង Brent North Sea សម្រាប់​ចែកចាយ​ក្នុង​ខែមីនា​គឺ​បាន​ធ្លាក់ចុះ ៦៧ សេន​ដុល្លារ ពោលគឺ​មួយ​បារ៉ែល​ថ្លៃ​តែ ២៨,០៩ ដុល្លារ​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃ​អង្គារ​។

​    ​បើ​គិត​តាម​ស្តង់ដារ​បារ៉ែល​អាមេរិក (Barrel=១៥៩ លីត្រ​) ដូច្នេះ​ផ្អែក​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​បច្ចុប្បន្ន (២៨​ដុល្លារ​) ប្រេង​ឆៅ​១​លីត្រ​មានតម្លៃ​តែ ០,១៧ ដុល្លារ​តែប៉ុណ្ណោះ​៕

 

ប្រភព៖ បាងកក​ប៉ុស្តិ៍​

មតិយោបល់