ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាបបាន​មុខសញ្ញា​មេក្លោងជាច្រើននាក់ ដ៏សកម្មជួញដូរ​គ្រឿងញៀន​ ក្នុង​ហាង​អ៊ុតសក់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​ បាន​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឈ្មោះ អ៊ួ​ង ចាន់ណា និង​បក្ខពួក​ចំនួន​២​នាក់ នៅ​ជំហាន​ទី​១ កាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី រសៀល​ថ្ងៃទី​២៨​ ធ្នូ​ ២០១៦​ នៅក្នុង​ទឹកដី​សង្កាត់​ទួល​សង្កែ។​

    ប្រតិបត្តិការ​នេះ​ត្រូវបាន​ប៉ូលិស​តាម​ច្បាម​អំពី​សកម្មភាព​រហូត​ដល់​ម៉ោង​៧​ និង​៣០​នាទី យប់ ថ្ងៃ​ដដែល ក្រោយពី​ទទួលបាន​តម្រុយ​ព្រមទាំង​សមាសភាព ​ដែលជា​កូនចៅ​ក្នុង​ការចេញ​ធ្វើ​សកម្មភាព ស្ថិតនៅ​ចំណុច​ហាង​អ៊ុតសក់​យីហោ ស្រី​ពេជ្រ​ស្តាយ ដែលមាន​ផ្ទះ​លេខ ២៤១B ផ្លូវ​៩៣ ក្រុម​១៧ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ចំពោះ​មុខសញ្ញា​មេក្លោង​ខាងលើ បាន​ប្រើប្រាស់​រូបភាព បើកហាង​ផាត់មុខ ធ្វើ​សក់ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ និង​មហាជន ហើយ​ឱ្យ​បក្ខពួក កូនចៅ​របស់ខ្លួន​បន្លំ​ធ្វើជា​កូនជាង​អ៊ុតសក់ តែ​ភាព​ពិត​គឺជា​សមាសភាព​សម្រាប់​ចេញ​យក​គ្រឿងញៀន​ទៅធ្វើ​សកម្មភាព​ចរាចរណ៍​ក្នុង​ចែកចាយ​សម្រាប់​ជួញដូរ​បន្ត​។​

    ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ជំហាន​ទី​២​នេះ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​និង ឃាត់ខ្លួន​មេក្លោង និង​បក្សពួក​ចំនួន ៩​ នាក់ គឺ​១-​ឈ្មោះ គីម គុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ អែម តូ​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៣-​ឈ្មោះ គីម ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៥​ឆ្នាំ, ៤-​ឈ្មោះ គីម ស្រី​ពៅ ភេទ​ស្រី , ៥-​ឈ្មោះ ម៉ាន កញ្ញា ភេទ​ស្រី អាយុ​២០ឆ្នាំ, ៦-​ឈ្មោះ គីម គូ ភេទ​ប្រុស អាយុ១៩ឆ្នាំ, ៧-​ឈ្មោះ មីន ធីតា ភេទ​ស្រី អាយុ២៥ឆ្នាំ, ៨-​ឈ្មោះ ប៊ុន ឃីម ភេទ​ប្រុស អាយុ​៤១ឆ្នាំ និង​៩-​ឈ្មោះ ឡុង លក្ខិណា ភេទ​ស្រី ។​

    វត្ថុតាង​ដកហូត​រួមមាន ១-​ក្រាម​ពណ៌​ស​ថ្លា​មិនទាន់​ថ្លឹង ចំនួន១២​កញ្ចប់ ក្នុងនោះ​មាន​០៦​កញ្ចប់​ធំ នឹង០៦កញ្ចប់​តូច, ២-​គ្រឿងញៀន​ប្រភេទ​ថ្នាំ​ក្រវី (K ) ចំនួន​១​កញ្ចប់​មាន​០៣គ្រាប់​, ៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន២គ្រឿង​, ៤-​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ​និង​៥-​ឧបករណ៍ នឹង​សម្ភារៈ​បំរើ​សកម្មភាព​។​

    ប៉ូលិស​បន្តថា កិច្ចប្រតិបត្តិការ​ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង២ ​និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩ ​ធ្នូ ​២០១៦ ហើយ​សរុប​ជារួម​ពី​លទ្ធផល​នៃប្រតិបត្តិ​ការ​ទាំង​២​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២នាក់​ (​ស្រី​៨​នាក់​) ​ដែល​កំពុងដំណើរការ​សាកសួរ​តាម វិធានការ​ជំនាញ​យក​ចម្លើយ និង ដកហូត​ក្រាម​ពណ៌​ស​ថ្លា​មិនទាន់​ថ្លឹង ចំនួន៨២កញ្ចប់ ក្នុងនោះ​មាន​០៧​កញ្ចប់​ធំ និង៧៥កញ្ចប់​តូច គ្រឿងញៀន​ប្រភេទ​ថ្នាំ​ក្រវី​ (​ខេ​) ចំនួន​១​កញ្ចប់​មាន​៣​គ្រាប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន០២គ្រឿង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន និង​សម្ភារៈ​បម្រើ​សកម្មភាព​មួយចំនួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន និងកំពុង​សាកសួរ​តាម​វិធាន​ការជំនាញ ដើម្បី​បន្ត​យក​បក្ខពួក​សេសសល់ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread